ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក្នុងគោលបំណងពិនិត្យរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការ សរុបចំនួន ៣២នាក់៕

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារកម្មវិធីទី១ និងកម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងកម្មវិធីទី១ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍” និងកម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង និងឯកឧត្តម ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទាំង២ខាងលើ។

 

គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

 

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លេីកឡេីងអំពីការរៀបចំរបាយការណ៍​ ត្រូវមានលក្ខណៈច្បាស់លាស់ ដោយផ្ដោតលើ ទម្រង់ ខ្លឹមសារខ្លីនិងច្បាស់លាស់  និងមានទិន្នន័យគ្រប់ជ្រុយជ្រោយ និងសង្គតភាព ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាដើម្បីចូលរួមអនុវត្តសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្រសួងត្រូវបន្ដខិតខំជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទតាមរយៈការស្ថាបនា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជនបទប្រទាក់ក្រឡាប្រកបដោយគុណភាព និងនិរន្ដរភាព ដោយផ្ដោតលើតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ជាមួយគ្នានេះ ក្រសួងត្រូវបន្ដយកចិត្តទុកដាក់លើការងារផ្គត់ផ្គត់ទឹកស្អាតជនបទ, ការជំរុញអត្រាបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល និងការអនុវត្តអនាម័យជនបទឱ្យបានទូលំទូលាយ ដើម្បីចូលរួមសម្រេចឱ្យបានជាមួយយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់វទស្សនៈវិស័យ ត្រឹមឆ្នាំ២០២៥ “ប្រជាជនគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្ដរភាព”៕

ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ដឹកនាំគណៈកម្មការអន្ដរក្រសួងពិនិត្យវាយតម្លៃផ្លូវ ចំនួន ៤គម្រោងនៅ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ២-៣កើត  ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាលក្ខណៈខួប និងផ្លូវថែទាំជាលក្ខណប្រចាំចំនួន ៤គម្រោងនៅ ខេត្តកំពង់ធំ ដូចខាងក្រោមនេះ ៖

 

-គម្រោងទី១៖ ការងារថែទាំផ្លូវជាលក្ខណខួបចំនួន ១ខ្សែ ប្រវែង ៦ ១១០ម៉ែត្រ ដោយក្នុងនោះ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៦កំណាត់ ប្រវែងសរុប ៥ ៩១០ម៉ែត្រ ទទឹងខ្នងលើប្រវែង ៥ម៉ែត្រ និងផ្លូវបេតុងចំនួន ១កំណាត់ ប្រវែង ២០០ម៉ែត្រ ទទឹងខ្នងលើ ប្រវែង ៧ម៉ែត្រ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ។

 

-គម្រោងទី២៖ ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាលក្ខណៈខួបចំនួន ១ខ្សែ មាន ១៣កំណាត់ ប្រវែងសរុប ៥ ៧៥០ម៉ែត្រ  ទទឹងខ្នងលើ ប្រវែង ៥ម៉ែត្រ ស្ថិតនៅក្នុង ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល ឃុំ

សណ្តាន់ និងឃុំមានរិទ្ធ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ។

 

-គម្រោងទី៣៖ ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាលក្ខណៈប្រចាំចំនួន ៤ខ្សែ ប្រវែងសរុប ១១៣ ៧១០ម៉ែត ទទឹងខ្នងលើ ប្រវែង ៥ម៉ែត្រ និង ៦ម៉ែត្រ និងបំពាក់ស្លាកសញ្ញាចរាចរណ៍បានចំនួន ៣៦៤ស្លាក លើផ្លូវ ចំនួន ៤ខ្សែ ស្ថិតនៅក្នុងឃុំឈូក ឃុំមានជ័យ ឃុំងន ឃុំត្បែង ឃុំនីពេជ្រ ឃុំផាន់ញើម ឃុំចំណារក្រោម ឃុំកំពង់ចិនជើងទ្រា ឃុំបន្ទាយស្ទោង ឃុំដូង ឃុំសាមគ្គី ឃុំក្រយា ឃុំសាគ្រាម ឃុំសាលាវិស័យ ឃុំទួលគ្រើល ឃុំព្រះដំរី ឃុំកំពង់ស្វាយ ឃុំក្រវ៉ា និងឃុំគគីរធំ និងសង្កាត់កំពង់ក្របៅ ក្នុងភូមិសាស្រ្ដស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកស្ទោង។

 

-គម្រោងទី៤៖ ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាលក្ខណៈប្រចាំចំនួន ១៨កំណាត់ ប្រវែងសរុប ៣៨ ៣២០ម៉ែត្រ ទទឹងខ្នងលើប្រវែង ៥ម៉ែ្រ ស្ថិតនៅក្នុងឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់ ក្នុងភូមិសាស្រ្ដស្រុកកំពង់ ស្វាយ ស្រុកប្រសាទសំបូរ និងស្រុកសណ្តាន់ ។

 

បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស នៃការថែទាំរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាព ទទួលយក ១០០% លើគម្រោងទី ១ ។ គម្រោងទី ២ ទទូលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ។ ចំពោះគម្រោងទី ៣ និងទី ៤ ទទួលយកការសាងសង់ដំណាក់កាលទី ២ ៕

ឯកឧត្ដម ជាម ហ៊ីម អញ្ជើញជាអធិបតីភាពកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប នាយកដ្ឋានថែទាំសុខភាពជនបទសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីនិងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមមរាប  លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលរងក្រុង-ស្រុកទាំងង ១២ ក្នុងខេត្ត  ព្រមទាំងអង្គការដៃគូរ មានអ្នកចូលរួមសរុបចំនួន៤០នាក់។

 

គោលបំណងរួមនៃកិច្ចប្រជុំ

១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្តសៀមរាប

២. ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF កន្លងមក និងរំលឹកអំពីសូចនាករ ODF វិធីសាស្រ្តកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ

៣. ដើម្បីពិនិត្យកំណត់គោលដៅ ODF ខេត្តសៀមរាប ឡើងវិញ ឈានទៅសម្រេចឱ្យបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤

 

ជាលទ្ធផលកិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖

១. បានធ្វើបទបង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនាំនិងពិនិត្យកំណត់គោលដៅ ODF ខេត្តសៀមរាបឡើងវិញ ដើម្បីសម្រេចបាននៅដំណាច់ឆ្នំា២០២៤

២. ពិភាក្សាលើបញ្ហាប្រឈម ស្រុកដែលមានបញ្ហាជាមួយតំបន់អប្សារា និងដំណោះស្រាយដែលដឹកនំាដោយប្រធាន PWG

៣. រដ្ឋបាលក្រុង-ស្រុកទាំង ១២ បានធ្វើការតាំងចិត្តឱ្យសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដូចខាងក្រោម ៖

– ស្រុកចំនួនបីទទួលបាន ODF រួមមានស្រុកអង្គរជុំ  ស្រុកស្រីស្នំ  និងស្រុកបន្ទាយស្រី

– ចំពោះក្រុង និងស្រុកទាំង៩ទៀត នឹងសម្រេចបាន ODF នៅចុងឆ្នាំ២០២៤៕

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Le Grix ប្រធាននាយកដ្ឋានកសិកម្ម អភិវឌ្ឍន៍ជនបទ នេសាទ និងជីវៈចម្រុះ នៃភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងលោកស្រី Sadrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃប្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Le Grix ប្រធាននាយកដ្ឋានកសិកម្ម អភិវឌ្ឍន៍ជនបទ នេសាទ និងជីវៈចម្រុះ នៃភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងលោកស្រី Sadrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជម្រាបលោកប្រធានប្រតិភូ និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គឺ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានៅដែឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូអំពីទិសដៅចំពោះមុខចំនួន ៦ចំណុច រួមមាន៖

១. កាលើកកម្រិតគុណភាពផ្លូវជនបទពីផ្លូវដី ទៅជាប្រភេទផ្លូវក្រាលបេតុង និងក្រាលកៅស៊ូពីជាន់ (DBST)

២.ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន (ផ្លូវលំ និងប្រព័ន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់

៣.ការងារថែទាំឱ្យមានចិរភាពយូរអង្វែងនៃសមិទ្ធផលដែលបានកសាងរួច

៤.ការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូល

៥.ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋាន នានា

៦.ការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្រ្តីមូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពការងារ ។

ជាការឆ្លើយតបលោក Matthieu Le Grix បានលើកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងច្បាស់លាស់ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្បុជា (RID4CAM) ដែលកំពុងអនុវត្តបច្ចុប្បន្ន និងសន្យាបន្តកិច្ចសហប្រតិបត្តការយ៉ាងជិតស្និតបន្ថែមទៀតជាមួយក្រសួង។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិកា បានថ្លែងអំណរគុណចំពោះលោកប្រធាននាយកដ្ឋាន លោកស្រីនាយិកា AFDប្រចាំនៅកម្ពុជា និងសហការីដែលអញ្ជើញមកក្នុងពេលនេះ និងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហការណ៍ជាដៃគូជាមួយ AFD បន្តទៀត៕

 

ឯកឧត្តម អ៊ឹង វណ្ណា ចុះពិនិត្យវឌ្ឍនភាពការងារកែលម្អផ្លូវជនបទពីក្រាលក្រួសក្រហម ទៅជាកៅស៊ូ២ជាន់ ( DBST ) ចំនួន៤ខ្សែ ក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ  ក្នុងក្របខណ្ឌគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម

ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ៖ នាថ្ងៃអង្គារ ៨រោច និងពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម រួមជាមួយមន្ត្រីអង្គភាពគ្រប់គ្រងគម្រោង ព្រមទាំងប្រធានក្រុមទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញ បានចុះ ពិនិត្យវឌ្ឍនភាពការងារកែលម្អផ្លូវជនបទពីក្រាលក្រួសក្រហម ទៅជាកៅស៊ូ២ជាន់ ( DBST ) លើខ្សែផ្លូវ រួមមានដូចខាងក្រោម៖

១. ខ្សែផ្លូវទី១ ៖ មានប្រវែង ១៦,២០ គីឡូម៉ែត្រ (ផ្លូវគោកក្នាំង-ភូមិគល់) ស្ថិតនៅឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប សម្រេចលទ្ធផលបានប្រមាណជារួមបានប្រមាណ ២៧,៤១% ។

២. ខ្សែផ្លូវទី២ ៖ មានប្រវែង ២៧,៧៧ គីឡូម៉ែត្រ (ផ្លូវបន្ទាយថ្មី-អាតោ ) ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ  សម្រេចលទ្ធផលបានប្រមាណ ៣៧,៣៨% ។

៣. ខ្សែផ្លូវទី៣ ៖ មានប្រវែង ២៤,២០គីឡូម៉ែត្រ (ផ្លូវសង្គមថ្មី-តាសែង) ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សម្រេចលទ្ធផលបានប្រមាណ ៣៦,៧៩%។

៤. ខ្សែផ្លូវទី៤ ៖ មានប្រវែង ១២,៤០ គីឡូម៉ែត្រ (សាលាវិស័យ-ដងអន្ទាក់)ស្ថិតស្រុក ប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រេចលទ្ធផលបានប្រមាណ ៣៤,៥៨%។

ក្នុងឱកាសនោះដែរអាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវសេចក្តីរីករាយក្រៃលែង និងបានអរគុណជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ដែលតែងតែគិតគូដល់វិស័យការកសាងហេដ្ឋារចនាសម្ពន្ធ័ជនបទរូបវន្តជូនប្រជាពលរដ្ឋ ហើយជាពិសេសពួកគាត់សង្ឃឹមថានឹងបានទទួលនូវសមិទ្ធផលផ្លូវថ្មីនេះប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះជាមិនខានសម្រាប់ជូនបងប្អូនក្នុងការធ្វើដំណើរទៅទទួលយកសេវាសាធារណៈផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារនៅរដូវប្រមូលផលនាពេលខាងមុខ៕

សារលិខិតជូនពររបស់​ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស​ នៃខួបចម្រេីនជម្មាយុគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ​ នាថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣ ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ដេីម្បី​ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាប្រចាំ ចំនួន២គម្រោង ស្ថិតនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង ដេីម្បី​ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាប្រចាំ ចំនួន២គម្រោង ស្ថិតនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដូចខាងក្រោម ៖

១. គម្រោងទី១ ៖ ចុះត្រួតពិនិត្យ និងវាយតម្លៃ ដំណាក់កាលទី២ (បញ្ចប់​)​ លើការ ងារថែទាំជាប្រចាំផ្លូវ ក្រាលក្រួសក្រហម ក្រួសអាចម៍ផ្កាយ និងល្បាយថ្មភ្នំ ចំនួន៩ខ្សែ ប្រវែងសរុប ១២០ ០០០ម ស្ថិតនៅឃុំវឌ្ឍនៈ ឃុំកំពង់ចាម ឃុំព្រែកប្រសព្វ ឃុំដំរីផុង ឃុំក្បាលដំរី ឃុំរលួស ឃុំស្រែជិះ ឃុំគោលាប់ ឃុំតាម៉ៅ និង ឃុំអូរគ្រៀង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងស្រុកចិត្របុរី ខេត្តក្រចេះ  អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

២. គម្រោងទី២ ៖ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវ ក្រាលក្រួសអាម៍ផ្កាយ ចំនួន ៥ខ្សែ ប្រវែងសរុប ៨៥ ៥០០ម ស្ថិតនៅឃុំអូររៃ ឃុំព្រះរំកិល ឃុំតាឡាត ឃុំកាំងចាម ឃុំអន្លង់ភេ ស្រុក បុរីអូរស្វាយសែនជ័យ ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

បន្ទាប់ពីបានត្រួតពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកការអនុវត្តបញ្ចប់ការងារថែទាំជាប្រចាំ​ ១០០%​ ទាំងពីរគម្រោងខាងលេី​ តាមការស្នើសុំរបស់អ្នកទទួលការ៕

ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំ “តេជោសន្តិភាព” នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ៕

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការធ្វើផែនការសុវត្ថិភាពជនបទ ដែលធន់នឹងអាកាសធាតុ” ត្រូវបានរៀបចំដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកស្អាង តាមរយៈការគាំទ្រពីអង្គការវ៉តធើអេត

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកស្អាង តាមរយៈការគាំទ្រពីអង្គការវ៉តធើអេត (Water Aid) បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការធ្វើផែនការសុវត្ថិភាពជនបទ ដែលធន់នឹងអាកាសធាតុ” នៅសាលប្រជុំសាលាស្រុកស្អាង ក្រោមអធិបតីភាព លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកស្រី សែម ចាន់ថូ អភិបាលរង នៃគណៈអភិបាលស្រុកស្អាង ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក សុខ ឯកឧត្តម តំណាងអង្គការវ៉តធើអេត (Water Aid) លោក លោកស្រី មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លោក លោកស្រីក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទថ្នាក់ស្រុក(DWG) លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកប្រធាន គ.ក.ន.កឃុំ តំណាងសាលារៀន តំណាងមណ្ឌលសុខភាព ប្រតិបត្តិករផ្គត់ផ្គង់ទឹកសរុប ២៥រូប ស្រី ៨នាក់។

គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនការយល់ដឹងស្តីពី ផែនការសុវត្ថិភាពទឹកដែលធន់នឹងអាកាសធាតុ ដល់រដ្ឋបាលថ្នាក់ឃុំ និងថ្នាក់ស្រុក និងបង្ហាញពីគំរូសៀវភៅផែនការសុវត្ថិភាពទឹកដែលធន់នឹងអាកាសធាតុថ្នាក់ឃុំ ការពង្រឹងសមត្ថភាពក្រុមការងារផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ ក្នុងការកសាងផែនការ និងអនុវត្តផែនការសុវត្ថិភាពទឹកដែលធន់នឹងអាកាសធាតុនៅថ្នាក់ឃុំ និងភូមិ និងជំរុញឱ្យរដ្ឋបាលឃុំ និងស្រុក ចេះវាយតម្លៃពីហានិភ័យគ្រោះមហន្តរាយ ក្នុងការធ្វើផែនការសុវត្ថិភាពទឹក

ជាលទ្ធផលរំពឹងទុក នៃវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម៖

–  អ្នកចូលរួមបានយល់ពីការធ្វើផែនការសុវត្ថិភាពទឹកថ្នាក់ភូមិ និងឃុំ និងបានយល់អំពីសារៈសំខាន់នៃការធ្វើផែនការសុវត្ថិភាពទឹកថ្នាក់ភូមិ និងឃុំ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំការ   អនុវត្តផែនការសុវត្ថិភាពទឹកថ្នាក់ភូមិ និងឃុំ និងយកទៅផ្សព្វផ្សាយបន្តទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្អាង។