ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពីការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ របស់ក្រុមការងារលេខាធិការដ្នានបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ អនាម័យជនបទ (RWSSH) ក្រោមអធិបតីភាព លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងជាប្រធានក្រុមការងារលេខាធិការដ្នាន និងមានការអញ្ជើញចូលរួមពីអង្គការដៃគូ ចំនួន១១អង្គការ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុប១៨ រូប ស្រ្តី ៥រូប។
ជាលទ្ធផលក្នុងឆ្នាំ២០២៣ ខេត្តពោធិ៍សាត់មានអត្រាគ្របដណ្តប់លើវិស័យ ទឹកស្អាត និងអនាម័យទូទាំងខេត្ត មានដូចខាងក្រោម៖
-ស្រុកវាលវែង វិស័យទឹកស្អាត ៨០,០២% និងអនាម័យ ៦៥%
-ស្រុកតាលោសែនជ័យ វិស័យទឹកស្អាត ៨៧,៨០% និងអនាម័យ ៩៥%
-ស្រុកកណ្តៀង វិស័យទឹកស្អាត ៨៥,៩២% និងអនាម័យ ៨២%
-ស្រុកភ្នំក្រវាញ វិស័យទឹកស្អាត ៩២,៨៩% និងអនាម័យ ៩០%
-ស្រុកក្រគរ វិស័យទឹកស្អាត ៨៦,០៦% និងអនាម័យ ៨០%
-ស្រុកបាកាន វិស័យទឹកស្អាត ៨៥,០៣% និងអនាម័យ ៨៣%
-ក្រុងពោធិ៍សាត់ វិស័យទឹកស្អាត ៩២,១៤% និងអនាម័យ ៩០%
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានធ្វើការប្រកាសឃុំបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)បានចំនួន ៧ឃុំ រូមមាន៖
-ឃុំស្យា និងឃុំកញ្ជរ ស្ថិតក្នុងស្រុកកណ្តៀង
-ឃុំអន្សាចំបក់ ស្ថិតក្នុងស្រុកក្រគរ
-ឃុំព្រងិល ឃុំសំរោង និងឃុំបាក់ចិញ្ចៀន ស្ថិតក្នុងស្រុកភ្នំក្រវាញ
-និងឃុំផ្ទះរុង ស្ថិតក្នុងស្រុកតាលោសែនជ័យ។
សម្រាប់ទិសដៅឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានជ្រើសរើសយកស្រុកតាលោសែនជ័យ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដំបូងក្នុងខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសកិច្ចសហប្រតិបត្តិការល្អ និងមានភាពស្និទ្ធស្នាលបំផុត។