ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះជួបសំណេះសំណាល មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុបចំនួន ២០ រូប ស្ត្រី១រូប។

គោលបំណងសំខាន់ នៃពិធីសំណេះសំណាលនេះ ផ្ដោតសំខាន់លើរបាយការណ៍វឌ្ឍនភាពរយៈពេល ០៩ខែ និងការងារសំខាន់មួយចំនួន ព្រមទាំងពាំនាំសារផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ហេង សុខអេង ប្រធានមន្ទីរ បានធ្វើសេចក្ដីរាយកាណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការ ស្តីពីវឌ្ឍនភាព សមិទ្ធផល រយៈពេល០៩ខែ និងផែនការបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

ដោយផ្អែកលើរបាយការណ៍លម្អិតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារទទួលបានជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ និងសារផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការដូចខាងក្រោម៖

១-មន្ទីរគួររៀបចំបង្កើតក្រុមព័ត៌មានប្រតិកម្មរហ័ស ដែលមានសមាសភាពថ្នាក់ខេត្តចូលរួមខ្លះ សម្រាប់ផ្តល់ព័ត៌មានជូនថ្នាក់ដឹកនាំក្រសួងទាន់ពេលវេលា និងអាចឆ្លើយតបទៅមហាជនបាន ។

២-ត្រូវពង្រឹងការងារបន្ថែម និងបង្កើតអោយមានរបបប្រជុំប្រចាំខែ ឲ្យបានទៀងទាត់។

ពិធីសំណេះសំណាលបានបញ្ចប់ ប្រកបដោយបរិយាកាសសហប្រតិបត្តិការល្អ និងមានភាពសិទ្ធស្នាលបំផុត៕

លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារបច្ចេកទេស រៀបចំកិច្ចប្រជុំស្តីពី ការបង្ហាញលទ្ធផលចុះពិនិត្យឯកសាររបស់សហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារបច្ចេកទេស រៀបចំកិច្ចប្រជុំស្តីពី ការបង្ហាញលទ្ធផលចុះពិនិត្យឯកសាររបស់សហគមន៍ជនជាតិដើមភាគតិចព្នង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិមេមុំ(រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារនាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី នាយករងរដ្ឋបាលស្រុកកោះញែក មេឃុំ មេភូមិ និងសមាជិកក្រុមជនជាតិដើមភាគតិចព្នង(រយ៉លើ) សរុបចំនួន ១៣៤នាក់/ស្រី៦៥នាក់។

កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

–  ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងក្នុងភូមិមេមុំ បានយល់ព្រមមោឃភាពលើឯកសារចាស់ និងស្នើសុំឱ្យនាយកដ្ឋានរៀបចំដំណើរការនីតិវិធីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចជាថ្មីម្ដងទៀត

–  បងប្អូនជនជាតិដើមភាគតិច ព្នង បានស្រុះស្រួលឆន្ទៈគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច៕

ពិធីប្រកាសជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាសODF នៅឃុំចំនួន៥ ក្នុងស្រុកសៀមបូក ខេត្ត ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយអនុប្រធានមន្ទីរ និងការិយាល័យថែទាំសុខភាព អញ្ជើញចូលរួមពិធីប្រកាសជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាសODF នៅឃុំចំនួន៥ ក្នុងស្រុកសៀមបូក ក្រោមអធិបតីភាពឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរង នៅគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ។ ក្នុងពិធីប្រកាសនេះក៏មានការចូលរួមពីសំណាក់ លោកអភិបាល អភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក ប្រធានក្រុមប្រឹក្សាឃុំ ភូមិ ប្រធានមណ្ឌលសុខភាព អធិការស្រុក ប៉ុស្តរដ្ឋបាល និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន១៤០នាក់។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣កន្លែង នៅខេត្តត្បូងឃ្មុំ និងការងារជួសជុលបន្ទាន់ផ្លូវ ១ខ្សែ នៅខេត្តព្រៃវែង

ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣កន្លែង នៅដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តត្បូងឃ្មុំ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហានទី២ ស្ថិតក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក។  ក្នុងឱកាសចុះត្រួតពិនិត្យនៅការដ្ឋានផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ទីប្រឹក្សា និងអ្នកអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស និងជំរុញការងារសាងសង់ឱ្យទាន់ផែនការគ្រោងទុក។

 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានបន្តចុះពិនិត្យវឌ្ឍនភាពផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ ១ខ្សែ ប្រវែង ៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេសក្រសួង ឱ្យពន្លឿនការជួសជុលបន្ទាន់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក​ អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការ​ជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋាន រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសមាជិក សមាជិកា ទាំងអស់ដែលមានវត្ដមានក្នុងអង្គពិធីទាំងមូល

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

១-សូម លោក លោកស្រី នាងកញ្ញា ដែលជាជំនួយការថ្នាក់ដឹកនាំ និងប្រធាន គ្រប់ការិយាល័យ ត្រូវយកចិត្តទុកដាក់អនុវត្តនិងផ្សព្វផ្សាយបន្តតាមសេចក្តីណែនាំខាងលើរបស់ ឯកឧត្តមរដ្ឋមន្រ្តី ឱ្យបានខ្ជាប់ខ្ជួន។

២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃរបស់ក្រសួង និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនិងមន្រ្តីរាជការឱ្យមានប្រសិទ្ធភាព។

៣-ត្រូវរអនុវត្តតាមទម្រង់បែបបទរដ្ឋបាល ដែលបានដាក់ចេញឱ្យអនុវត្ត ដើម្បីធានាឱ្យមានស្តង់ដាររួមសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ។

៤-គ្រប់ជំនួយការថ្នាក់ដឹកនាំ និងអង្គភាពទាំងអស់ត្រូវចូលរួមសហការគ្នា សាមគ្គីភាពគ្នាឱ្យល្អ ប្រសើរ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងបានល្អបន្ថែម។

ជាចុងបញ្ចប់ ឯកឧត្ដមប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងក្រៃលែងដល់

ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានខិតខំយ៉ាងពេញទំហឹងក្នុងការបំពេញការងារ ដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ។

សូមជូនពរសុខភាពល្អចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការរៀបចំ ត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍វឌ្ឍនភាពប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការរៀបចំ ត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍វឌ្ឍនភាពប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោកប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

១.ត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍វឌ្ឍនភាពប្រចាំខែតុលា

២.ពិនិត្យឡើងវិញនូវយន្តការនៃការប្រមូលរបាយការណ៍

៣.រៀបចំទម្រង់របាយការណ៍ថ្មី តាមអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី

៤.សូមណូមពរ និងដំណោះស្រាយ

លោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការសុវត្ថិភាពទឹក ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន របស់អង្គការអ៊ីសមីតវេសត៍ (East Meets West)

ខេត្តត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាឃុំមៀន ស្រុកអូរាំងឪ លោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារជំនាញនៃ ការិយាល័យថែសុខភាពជនបទ និងការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការសុវត្ថិភាពទឹក ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយអង្គការអ៊ីសមីតវេសត៍ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុកអូរាំងឪ តំណាងអង្គការអ៊ីសមីតវេសត៍ តំណាងអង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ តំណាងអង្គការជនពិការកម្ពុជា តំណាងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតប្រចាំឃុំមៀន និងឃុំអំពិលតាពក អ្នកស្ម័គ្រចិត្ត និងជនបង្គោលភូមិ-ឃុំមៀន និងឃុំអំពិលតាពក សរុបចំនួន ៥០នាក់ (ស្រី ២២នាក់)។

គោលបំណងសំខាន់គឺ ដើម្បីផ្សព្វផ្សាយផែនការសុវត្ថិភាពទឹកជនបទ ដែលធន់នឹងអាកាសធាតុ ឱ្យត្រូវតាមស្តង់ដាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានណែនាំ។

បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាម និងក្រុមការងារទាំងអស់បានសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមដូចខាងក្រោម៖

-គោលការណ៍ណែនាំ ស្ដីពីផែនការសុវត្ថិភាពទឹកជនបទ ដែលធន់នឹងអាកាសធាតុ (ស្តង់ដាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ)

-គោលការណ៍ណែនាំ ស្ដីពីផែនការសុវត្ថិភាពទឹកជនបទ ធន់នឹងអាកាសធាតុសម្រាប់ការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត (ស្តង់ដាររបស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍)

-ផែនការសុវត្ថិភាពទឹក, ទឹកស្អាត, ទឹកសុវត្ថិភាព, សុវត្ថិភាពទឹក(ការគ្រប់គ្រងប្រភពទឹក), ប្រភពទឹកក្រោមដី(អណ្ដូងស្នប់ អណ្ដូងលូ), ប្រភពទឹកលើដី(ទន្លេ ស្ទឹង បឹងបួរ អូរ ស្រះ), គ្រោះរាំងស្ងួត(ប្រភពទឹករីង គុណភាពទឹកធ្លាក់ចុះ), គ្រោះទឹកជំនន់(គ្មានជម្រើសក្នុងការប្រើប្រាស់ទឹក គុណភាពទឹកមិនល្អ)

-ការធ្វើផែនការសុវត្ថិភាពទឹកជនបទធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្នប្រចាំឃុំមៀន និងឃុំអំពិលតាពក ស្រុកអូររាំងឪ។

វគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ប្រកបដោយបរិយាកាសល្អប្រសើរ និងស្និទ្ធស្នាលបំផុត។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី​​​​ លោក ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ២០រូប។

ជាកិច្ចចាប់ផ្តើមលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ បានរាយកាណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការក៏ដូចជាអង្គពិធីពី វឌ្ឍនភាពការងារ សមិទ្ធផល និងផែនការបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនាពេលកន្លងមក ធ្វើឱ្យមន្ទីរទទួលបានលទ្ធផលល្អគួរជាទីមោទក។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំ និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការដូចខាងក្រោម៖

១-គួរមានការចាប់អារម្មណ៍ចំពោះ មន្រ្តីរាជការជាស្រ្តីនៅមានចំនួនតិច។

២-ត្រូវរៀបចំបង្កើតឱ្យមាន ក្រុមព័ត៌មានប្រតិកម្មរហ័ស សម្រាប់ផ្តល់ព័ត៌មានជូនដល់ថ្នាក់ដឹកនាំបានទាន់ពេលវេលា។

៣-ត្រូវពង្រឹងការអនុវត្តរបបប្រជុំប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំឱ្យបានទៀងទាត់។

ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងសិទ្ធស្នាលបំផុត ព្រមទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ៕

ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវត្រីកោណ រៀបចំសិក្ខាសាលាស្តីអំពី “ទស្សនវិស័យល្អឥតខ្ចោះរបស់យើង”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋគារសាន់វ៉េ រាជធានីភ្នំពេញ ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយ ប្រទេស វិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) បានរៀបចំ សិក្ខាសាលាស្តីអំពី ទស្សនវិស័យល្អឥតខ្ចោះរបស់យើង ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត សេក សុភាណារិទ្ធ មន្រ្តីតំណាងអង្គការ USAID លោក John W. Ames នាយកប្រចាំប្រទេស RTI ព្រមទាំងមានការចូលរួមពី មន្រ្តីបច្ចេកទេសថែទាំសុខភាពជនបទ នៃនាយកដ្ឋានថែទាំសុខភាពជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងព្រះវិហារ សមាជិកអនុក្រុមការងារអនាម័យជនបទ មន្រ្តី ១៧ triggers និងមន្រ្តីអង្គការ RTI សរុបចំនួន ១៩រូប ស្រី០៨រូប។

សិក្ខាសាលានេះមានគោលបំណងរួមដូចខាងក្រោម៖

–  យល់ស្របជាមួយអ្នកពាក់ព័ន្ធលើឥរិយាបថ ដែលចង់បានរបស់គម្រោង និងលទ្ធផល

–  ពិនិត្យលើស្ថានភាពបច្ចុប្បន្នជុំវិញប្រធានបទការបន្ទោបង់ក្នុងបង្គន់អនាម័យ និងពិភាក្សាលើផលិតផល និងសេវាកម្មដែលមានស្រាប់ បណ្តាញនិងអ្នកពាក់ព័ន្ធ

–  ពិភាក្សាអំពីបញ្ហាបច្ចុប្បន្ន ក្រុមគោលដៅ អ្នកមានឥទ្ធិពល និង ឥរិយាបថបច្ចុប្បន្នរបស់ពួកគេ

–  យល់ស្របជាមួយឥរិយាបថដែលចង់បាន

–  ចាប់ផ្តើមការវិភាគពីឧបសគ្គ/ឱកាសឆ្ពោះទៅរកឥរិយាបថដែលចង់បានពីក្រុមគោលដៅ រួមទាំងកត្តាវប្បធម៌សង្គម ការយល់ឃើញ និងជំនឿរបស់ពួកគេ

–  ការបង្ហាញពីគម្រោងផ្សេងៗជាឧទាហរណ៍

–  ពិភាក្សាលើសូចនាករនៃភាពជោគជ័យ

ជាលទ្ធផលនៃអង្គសិក្ខាសាលា សិក្ខាកាមទាំងអស់ ជាពិសេសតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តគោលដៅទាំងពីរ បានផ្តល់ធាតុចូលជាច្រើន ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរជូនដល់អង្គសិក្ខាសាលា៕

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីយេនឌ័រ និងភាពជាអ្នកដឹកនាំដល់គណៈកម្មការថែទាំអណ្តូង នៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍​ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក លី អៀវ ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីយេនឌ័រ និងភាពជាអ្នកដឹកនាំដល់គណៈកម្មការថែទាំអណ្តូងទឹក នៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត រួមមានចំនួន ០៤ភូមិ គឺ ភូមិតាឡង់ ភូមិព្រៃឈើនាង ភូមិតាមុំ និងភូមិព្រៃភ្ជុំ រួមមានអ្នកចូលរួមសរុបចំនួន ៣៦នាក់ ស្រី ២១នាក់។

វគ្គនេះបង្កើតឡើងក្នុងគោលបំណងដើម្បី៖

១. រំលឹកឡើងវិញពីតួនាទីរបស់ស្ត្រីក្នុងវិស័យទឹកស្អាត និងវិស័យអនាម័យជនបទ។

២. ស្រ្តី និងក្មេងស្រីទទួលបានផលប្រយោជន៍ពីការកាត់បន្ថយ​ពេលវេលា ដើម្បីយកទឹកមកប្រើប្រាស់ និងកែលម្អសុខភាពក្នុងគ្រួសារ​ និងសហគមន៍៕