ឯកឧត្ដម វ៉ាន សំអឿន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ សម្រាប់គម្រោង  “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ាន សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ សម្រាប់គម្រោង  “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”  នៅសណ្ឋាគារខេមរា១  ទីរួមខេត្តបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានអង្គភាពអនុវត្តន៍គម្រោង លោក Yonghwa SHIN នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់ជាតិនិងថ្នាក់ខេត្ត ក្រុមទីប្រឹក្សាអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និង គ.អ.ភ ក្នុងគោលដៅគម្រោងមានវត្តមានសរុប ១៤៤ នាក់ ។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ផ្ដោតលើ

ការធ្វើឱ្យតំបន់អតីតសមរភូមិប្រែក្លាយជាតំបន់មានសន្តិភាព និងទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋសហគមន៍។

លោក Yonghwa SHIN នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានមានប្រសាសន៍ថា គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” គឺជាគម្រោងថ្នាក់តំបន់មួយដែលចូលរួមក្នុងការលើកកម្ពស់កម្រិតជីវភាព និងលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសការអភិវឌ្ឍនៅភាគភាគពាយ័ព្យ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដោយការផ្តាំផ្ញើការសាកសួរសុខទុក្ខពី ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានបង្ហាញថា គម្រោងដែលបាននឹងកំពុងអនុវត្តនេះជាហរិញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលកូរ៉េមករាជរដ្ឋាភិបាលកម្ពុជា  តាមរយៈភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចសហការ និងសម្របសមួលដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ។

គម្រោងនឹងអនុវត្តក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០២២ -២០២៦ ដែលមានគោលបំណង ចូលរួមចំណែកធ្វើឱ្យតំបន់អតីតសមរភូមិប្រែក្លាយជាតំបន់មានសន្តិភាព និងទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះក្នុងភូមិគោលដៅ ចំនួន ៣០ ភូមិ សម្រាប់អនុវត្ត ក្នុងនោះរួមមានខេត្តគោលដៅចំនួន ០៣ គឺ ខេត្តបាត់ដំបង  ខេត្តប៉ៃលិន  និងខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលវគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗ សម្រាប់សិក្ខាកាមយកទៅអនុវត្តនភតាមមូលដ្ឋានរបស់ខ្លួន។

វគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ដោយថ្ងៃខែឆ្នាំដដែលប្រកបដោយកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ សហប្រតិបត្តិការល្អ និងមានភាពស្និទ្ធស្នាលបំផុត។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ ក្រោមការដឹកនាំរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ និងមានការចូលរួមពីមន្រ្ដីរាជការទាំងអស់នៃមន្ទីរ

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ ក្រោមការដឹកនាំរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ និងមានការចូលរួមពីមន្រ្ដីរាជការទាំងអស់នៃមន្ទីរ សរុបចំនួន ២៧នាក់ ស្រី ០៨នាក់ តាមរបៀបវារៈដូចខាងក្រោម៖

១. របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣ របស់ការិយាល័យចំណុះ

២. ដោះស្រាយបញ្ហាប្រឈមផ្សេងៗ

៣. លើកទិសដៅការងារបន្ដ

ជាកិច្ចចាប់ផ្ដើម លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានអនុញ្ញាតឲ្យ លោក ឈិន លាងតុង អនុប្រធានការិយាល័យផែនការ និងស្ថិតិ ធ្វើបទបង្ហាញរាយការណ៍ពីលទ្ធផលបូកសរុបការងាររបស់ការិយាល័យជំនាញជូនដល់ សមាជិក សមាជិកា នៃអង្គប្រជុំ។

បន្ទាប់ពីបានស្ដាប់ និងពិនិត្យ របាយការណ៍​ របស់ការិយាល័យរួចមក លោកប្រធានមន្ទីរ បានកោតសរសើេរ និងវាយតម្លៃខ្ពស់ដល់មន្រ្ដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្ដការងារសម្រេចបានដ៏ប្រសើរ។ ដោយឡែក​ ចំណុចខ្វះខាតមួយចំនួនកន្លង​មក មន្រ្ដីយើងត្រូវពង្រឹង និងកែតម្រូវឲ្យមានភាពប្រសើរឡើង។

លោកប្រធានមន្ទីរ បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងកិច្ចការងារបន្ដរបស់ការិយាល័យ ស្របតាមផែនការសកម្មភាព ក្នុងគោលដៅបង្កើនការអនុវត្ដការងារបានទាន់ពេលវេលាតាមផែនការសកម្មភាពប្រចាំឆ្នាំឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ជាកិច្ចបន្ទាប់ទៀត លោកប្រធានមន្ទីរ បានឲ្យ លោក លោកស្រី អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្រ្ដីទាំងអស់ឲ្យរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ដោយយកចិត្ដទុកដាក់លើអក្ខរាវិរុទ្ធ ខ្លឹមសារ សណ្ដាប់ធ្នាប់អត្ថបទ ឲ្យកាន់តែប្រសើរជាងមុនបន្ថែមទៀត។

ជាចុងបញ្ចប់ លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណ សមាជិក សមាជិកា ដែលបានយកចិត្ដទុកដាក់លើកិច្ចការងារប្រជុំឲ្យប្រកបបានជាលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ផ្លូវប្រវែង១៥ ០០០ម៉ែត្រ ត្រូវបានជួសជុលបន្ទាន់ដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ខេត្តព្រៃវេង៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះត្រួតពិនិត្យផ្លូវ១ខ្សែ ដែលរងការខូចខាត​ និងដាក់គ្រឿងចក្រឈូសឆាយជួសជុលបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ​ជាបណ្តោះអាសន្ន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំរំលេច ទៅដល់ភូមិតាង៉កស្រែ ឃុំស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំលើកដំបូង របស់ខ្លួន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងសមាជិក នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ១៤ រូប។

បន្ទាប់ពីបានស្ដាប់ការអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួចមក ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ សម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះគណៈកម្មការនេះ ព្រមទាំងដឹកនាំកិច្ចពិភាក្សា ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

– ត្រូវរៀបចំផែនការអនុវត្ត សម្រាប់អភិវឌ្ឍធនធានមនុស្ស រយៈពេលខ្លី និងរយៈវែង ជូនមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

– កសាងធនធានមនុស្ស ទៅតាមចក្ខុវិស័យច្បាស់លាស់របស់ក្រសួង ដែលមានកម្មវិធីអាទិភាពទាំង៤

– រៀបចំកម្មវិធីចុះផ្សព្វផ្សាយអំពីបទបញ្ជាផ្ទៃក្នុង ជូនដល់មន្រ្ដីរាជការគ្រប់នាយកដ្ឋាន និងជំរុញទឹកចិត្តដល់មន្រ្តីទាំងអស់ប្ដូរឥរិយាបថ ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព

– ចុះសិក្សា និងវាយតម្លៃពីតម្រូវការលើជំនាញដែលខ្វះខាត រួមបញ្ចូលទាំងការបែងចែកតួនាទី ភារកិច្ច ឱ្យសមស្របទៅតាមគុណាធិបតេយ្យ

– ត្រូវជ្រើសរើសគ្រូបង្គោល ដើម្បីអភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការទាំងផ្នែកទន់ និងផ្នែករឹង

– រាល់ការលើកទឹកចិត្ត និងការផ្ដល់គ្រឿងឥស្សរិយយស ឬការតែងតាំងតួនាទី គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៏ជនបទមានតួនាទីពិនិត្យ​ និងវាយតម្លៃ​ មុនដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី៕

កិច្ចប្រជុំប្រមូលព័ត៍មាន និងទិន្នន័យបន្ថែមអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយលើវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ  ក្នុងការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឲ្យបានល្អប្រសើរ របស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤

នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោង និងលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោង ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោកស្រី Siti Hassanah និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ដើម្បីចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់កូនគ្រៀល មេភូមិ និងអ្នកទទួលផលដែលមានអ្នកចូលរួមសរុបចំនួន ៣៩នាក់ សម្រាប់ប្រមូលព័ត៍មាន និងទិន្នន័យបន្ថែមអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយលើវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ក្នុងការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឲ្យបានល្អប្រសើរ នៅសាលាសង្កាត់កូនគ្រៀល និងចុះត្រួតពិនិត្យទីតាំងសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ និងបង្គន់សាធារណៈនៅភូមិដងទង់ និងស្រះសហគមន៍  នៅភូមិសំរោងសែនជ័យ ២ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់កញ្ចប់ទី ១៕

ឯកឧត្តម ជា ស្រ៊ុន ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំខួបផ្លូវ ចំនួន២គម្រោង ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំ និងក្រាលក្រួសក្រហម ចំនួន២គម្រោង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន៖

-គម្រោងទី១៖ ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ(ផ្លូវអូរល្វា-ភ្នំឫស្សី) ប្រវែង ១១ ០៨០ម  ទទឹង ៥ម កម្រាស់ ០,២ម សាងសង់លូ ១១កន្លែង  ស្ថិតនៅ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

-គម្រោងទី២៖ ការងារថែទាំខួបផ្លូវក្រាលក្រួសក្រហម ចំនួន ០១ខ្សែ ប្រវែង ១៣ ៨០០ម ទទឹង ៥ម កម្រាស់០,២ ស្ថិតនៅ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាលើការអនុវត្តការងាររបស់អ្នកទទួលការ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយក ១០០% ទាំង២គម្រោង។

គណៈកម្មការអន្តរក្រសួងបានសំណូមពរដល់អ្នកទទួលការ​ ត្រូវបន្តពង្រឹងបច្ចេកទេសសាងសង់ ទាំងការប្រើប្រាស់វត្ថុធាតុដើម ទាំងគុណភាព និងសោភ័ណភាព៕

ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្ដេចធិបតី

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាស្វាមីរបស់ លោកជំទាវ ជឹម ម៉ានី ដែលបានទទួលមរណភាពនៅ ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព. ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០ នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ដែលកម្មវិធីបុណ្យនេះ ប្រារព្ធឡើងនៅនៅគេហដ្ឋាននៃសព ផ្ទះលេខ២០ ផ្លូវ៤៦២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី បានសោយសុខក្នុងសុគតិភពកុំបីកា្លយទៅជាបការៈដទៃឡើយ៕

ឯកឧត្តម ហាប់ អូម៉ាលី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា  ឆ្នាំ២០២៣ និងទិសដៅសម្រាប់ខែបន្ទាប់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា  ឆ្នាំ២០២៣ និងទិសដៅសម្រាប់ខែបន្ទាប់របស់មន្ទីរ ក្រោមអធិបតីភាពឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកប្រធានមន្ទី អនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទចំនួនសរុប ២១នាក់។

 

កិច្ចប្រជុំខាងលើ មានគោលដំណងដើម្បី (១) ពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ (២) ទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ និង (៣) ការប្រឈមក្នុងការអនុវត្តការងារ។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយលោក ហ៊ត ឫទ្ធី ប្រធានមន្ទីរ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត នាពេលកន្លងមក។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់មន្ទីរ ដូចខាងក្រោម ៖

១. សូមឲ្យប្រធានមន្ទីររៀបចំអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីធ្វើការជាមួយក្រុមអ្នកនាំពាក្យរបស់ក្រសួង

២. សូមឲ្យការិយាល័យផែនការ និងស្ថិតិ ពិនិត្យ និងធ្វើសេចក្តីសង្ខេបផ្តោតទៅលើតែសរសរស្តម្ភទាំងបួនរបស់ក្រសួង សម្រាប់ធ្វើរបាយការណ៍សង្ខេបលើកក្រោយ

៣. សូមឲ្យមន្រ្តីទាំងអស់សាមគ្គីគ្នា សហការគ្នា យោគយល់គ្នាទៅវិញទៅមកក្នុងការបំពេញការងារ។

 

កិច្ចប្រជុំ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពន្លឿនស្ថានភាព ODF តាមរយ:ការពង្រឹងប្រព័ន្ធអនាម័យជនបទ

ខេត្តរតនគិរី៖ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាស្រុកអូរយ៉ាដាវ ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និង លោក អ៊ុក ច័ន្ទសោភា អនុប្រធានការិយាល័យ  បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពន្លឿនស្ថានភាព ODF តាមរយ:ការពង្រឹងប្រព័ន្ធអនាម័យជនបទ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជូនដល់អភិបាលរងស្រុកដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យថ្នាក់ឃុំ សរុបចំនួន ២០រូប ស្រី ០៧រូប។

 

សិក្ខាសាលានេះមានគោលបំណងផ្តល់ចំណេះដឹង និងជំនាញ ព្រមទាំងវិធីសាស្រ្តផ្សេងៗដល់សិក្ខាកាមឱ្យយល់ដឹងពីរបៀបអប់រំ និងជំរុញសហគមន៍ឱ្យផ្លាស់ប្តូរឥរិយាបថ ឈានទៅរកការសាងសង់និងប្រើប្រាស់បង្គន់គ្រប់ខ្នងផ្ទះ។

 

វគ្គបណ្តុះបណ្តាលទទួលបានលទ្ធផលដូចខាងក្រោម៖

 

១.សិក្ខាកាមទាំងអស់បានយល់ដឹងអំពីការអប់រំ និងអាចបំផុសសហគមន៍ឱ្យផ្លាស់ប្តូរឥរិយាបថតាមគោលដៅរៀងៗខ្លួន។

 

២.សិក្ខាកាមបានយល់ដឹងពីរបៀបប្រើប្រាស់ឯកសារក្នុងការផ្ទៀងផ្ទាត់ODF។

 

៣.សិក្ខាកាមបានយល់ដឹងអំពីការគ្រប់គ្រងទិន្នន័យអនាម័យ និងការគូរផែនទីអនាម័យភូមិ ដើម្បីជួយពន្លឿន ODF។

 

៤.អាជ្ញាធរស្រុក ឃុំ និង ភូមិបានប្ដេជ្ញាថា នៅឆ្នាំ២០២៤ ស្រុកអូយ៉ាដាវ នឹងក្លាយជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

ឯកឧត្តម ឆាយ ប្ញទ្ធិសែន អញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់នៃឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ឯកឧត្ដមអគ្គាធិការ ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចូលរួមស្តាប់តាមប្រព័ន្ធ ZOOM ។

 

បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងទិសដៅការងារបន្តរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិកអង្គប្រជុំយកចិត្តទុកដាក់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល មានកសាងកម្ពុជាមានមហិច្ឆិតា លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ។

 

ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញកម្មវិធីសំខាន់ចំនួន ៤ គឺ៖

១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ ។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់ ១០០% នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០ ។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

ទី៤៖ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងអំពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលបច្ចុប្បន្នសម្រេចបាន ៨០% ហើយ ព្រមទាំងបានណែនាំឱ្យបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ។

 

ដោយឡែកចំពោះបញ្ហាផ្សេងៗ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងអំពីការងារមួយចំនួន ដូចខាងក្រោម៖

– ចូលរួមការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ

– បង្កើតគណៈកម្មការមួយចំនួន​ ដេីម្បីជាយន្តការដឹកនាំសមូហភាព និងសម្របសម្រួលការងារតាមវិស័យ

– ការងារបណ្ដុះបណ្ដាលលើការងារដឹកនាំដល់មន្ត្រីជំនាញ ដើម្បីពង្រឹងស្ថាប័ន ដែលត្រូវតែជាមន្ត្រីប្រកបដោយគុណវុឌ្ឍិ គុណធម៌ និងគុណតម្លៃ

– អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តរបបប្រជុំត្រួតពិនិត្យការងារប្រចាំខែ ត្រីមាស ឆមាស និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ ៕