កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ផលប៉ះពាល់បរិស្ថាន យេនឌ័រ និងកិច្ចគាំពារសុវត្ថិភាពសង្គម

ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក មាស សម្បត្តិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារការិយាល័យផ្លូវជនបទ បានរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(PMU) បានប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអ្នកទទួលផលពីគម្រោងNRRPRP លើខ្សែផ្លូវ ថ្មទទឹង-សំពៅលូន ប្រវែង ១១.៦គម ស្តីពី ផលប៉ះពាល់បរិស្ថាន យេនឌ័រ និងកិច្ចគាំពារសុវត្ថិភាពសង្គម ដែលមានសមាសភាពចូលរួមចំនួន៩៧នាក់ ស្រី២៣នាក់ នៅឃុំជាំតាម៉ៅ និងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គោលបំណងនៃកិច្ចប្រជុំរួមមាន៖

១.ផ្សព្វផ្សាយផលប៉ះពាល់សង្គម បរិស្ថាន និងយេនឌ័រ

២.យន្តការបណ្តឹងតវ៉ា

៣.សុវត្ថិភាពចរាចរណ៍កំពុងសាងសង់ និងសាងសង់ផ្លូវរួច។

សារលិខិតថ្វាយព្រះពរ ព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការឡើងគ្រងរាជ សម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យតំណាងការិយាល័យ Compliance Advisor Ombudsman នៅកម្ពុជាចូលជួបពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Gabriela Stocks ប្រធានការិយាល័យ Compliance Advisor Ombudsman (CAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះលោកស្រីប្រធានការិយាល័យ និងសហការី ដែលអញ្ជើញមកនាពេលនេះ និងបានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជន នៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរអំពីបេសកកម្មបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៦ចំនុច និងបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាវិបត្តិនៃការប្រែប្រួលអាកាសធាតុ កត្តាថវិកា និងធនធានមនុស្សជាដើម។

ជាកិច្ចបន្តលោកស្រី Gabriela Stocks ប្រធានការិយាល័យ CAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការី បានជួបពិភាក្សានាឱកាសនេះ លោកស្រីនិងសហការីមានបំណងចង់សិក្សាយល់ដឹងបន្ថែមអំពីតួនាទីរបស់ក្រសួងអភិវឌ្ឍន៍ជនបទលើការរៀបចំការចុះបញ្ជីជនជាតិដើមភាគតិចនៅកម្ពុជា និងបទដ្ឋានបច្ចេកទេសក្នុងការត្រួតពិនិត្យលើការស្ថាបនាផ្លូវ និងរៀបចំទឹកស្អាតជូនប្រជាពលរដ្ឋជនបទជាដើម។

ជាការឆ្លើយតបឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ បានជូនឯកឧត្តម សួន សេរីរដ្ឋា​ រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការងារចុះបញ្ជីជនជាតិដេីមភាគតិច  ជម្រាបជូនលោកស្រីប្រធានការិយាល័យ CAO ដោយឯកឧត្តមលេីកឡេីងថា​ កម្ពុជាក្រោយបញ្ចប់សង្គ្រាមស៊ីវិលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបទដ្ឋានគតិយុត្តដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ក៏ប៉ុន្តែជនជាតិដើមភាគតិចទាំងនោះមិនមានការរើសអើងនោះទេ គឺពួកគាត់ទទួលបានសេវាថែទាំដូចប្រជាពលរដ្ឋខ្មែរទូទៅ ដោយកម្ពុជាបានកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនលោកស្រីប្រធានការិយាល័យ និងសហការីវិញថា ក្នុងអាណត្តិទី៧នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជារដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ។

មន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារសាងសង់ស្រះទឹកសហគមន៍

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃពុធ ១១កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ឈុន សុផាត ប្រធានការិយាយផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងលោក អ៉ឹម ចន្ថា ទីប្រឹក្សាគម្រោង បានចុះពិនិត្យការងារសាងសង់ស្រះទឹកសហគមន៍មួយកន្លែង ដែលមានបណ្តោយ៤៤ម ទទឹង៣៥ម និងជម្រៅ៤ម របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(NRRPCP) ក្រោមហិញ្ញប្បទានរបស់ AIIB ស្ថិតនៅក្នុង ភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលសម្រេចលទ្ធផលបាន៣០%៕

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកតាលោសែនជ័យ ប្រកាសឃុំបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសឃុំបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំនួន១ឃុំ គឺឃុំផ្ទះរុង ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាឃុំ លោកមេភូមិ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។

សូមបញ្ជាក់ផងដែរថា ឃុំផ្ទះរុង មានភូមិចំនួន១៣ភូមិ គ្រួសារសរុប៤,៩៦៧គ្រួសារ និងមានខ្នងផ្ទះសរុប៤,៤៨០ខ្នងផ្ទះ៕

លោក សំ នីតូ  ដឹកនាំមន្ត្រីជំនាញ សហការជាមួយក្រុមហ៊ុនទទួលការ ចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ចំនួន ០១ខ្សែ ប្រវែង ១៣ ៣៦៨ម៉ែត្រ

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោង  រួមជាមួយលោកប្រធានការិយាល័យផ្លូវលំជនបទរបស់មន្ទីរ ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ វិស្វករប្រចាំការដ្ឋានរបស់គម្រោង លោក លោកស្រី មេឃុំបន្ទាយក្រាំង មេឃុំសំយោង និងមេឃុំបាសាក់ បានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងសំណង់សិល្បការ ចំនួន ០១ខ្សែ ប្រវែង ១៣ ៣៦៨ម៉ែត្រ ចាប់ពីឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដល់ឃុំបាសាក់ ស្រុកស្វាយជ្រំ ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-3) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តសម្រេចលទ្ធផលបាន ១៥%៕

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំ កិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងជាប្រធាន PWG-RWSSH។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ លោក ឡាយ អង្គរ៉ា អភិបាលរងក្រុងប៉ៃលិន លោក ឡូ លុយ  អភិបាលរងស្រុកសាលាក្រៅ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូ លោក លោកស្រីតំណាងឃុំ/សង្កាត់ចំនួន ០៨ឃុំ/សង្កាត់ ក្រុមការងារ PWG និង PWGs សរុបចំនួន ៣៨នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងមានគោលបំណង៖

– បូកសរុប និងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

– ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការវាយតម្លៃផ្ទៀងផ្ទាត់ស្ថានភាពភូមិ ឃុំ ស្រុក និងខេត្ត លើការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

– ធ្វើផែនការ និងជំរុញការងារសាងសង់បង្គន់អនាម័យនៅតាមខ្នងផ្ទះ

– រកបញ្ហាប្រឈម និងដំណោះស្រាយ ។

កិច្ចប្រជុំ បានដំណើរការដោយមានកិច្ចពិភាក្សាយ៉ាងផុសផុលពី សមាជិក សមាជិកា សម្រេចបានលទ្ធផលដូចខាងក្រោម ៖

– ត្រូវបន្តផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការវាយតម្លៃផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដល់ក្រុមការងារ PWG ជាពិសេស ឃុំ/សង្កាត់ ក្រុង/ស្រុក ។

– បានធ្វើផែនការសាងសង់បង្គន់អនាម័យនៅក្រុងប៉ៃលិនដែលមាន ៤សង្កាត់ ប្រជាពលរដ្ឋរស់នៅ ៨ ៨២២គ្រួសារ ស្មើ ៨ ៣៧៨ខ្នងផ្ទះ ក្នុងនោះប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ៧ ៤៣២ខ្នងផ្ទះ និង ៩៤៦ខ្នងផ្ទះផ្សេងទៀតពុំទាន់មានបង្គន់អនាម័យប្រើប្រាស់។

លោកអភិបាលរងក្រុង និងចៅសង្កាត់ទាំង៤ បានធ្វើផែនការ និងការចុះជំរុញការងារនេះក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ឱ្យបានចំនួន ១០៧បង្គន់ ។

បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យក្នុងក្រុងប៉ៃលិនសម្រេចបាន ៨៨,៧% ។

– ធ្វើផែនការសាងសង់បង្គន់អនាម័យក្នុងស្រុកសាលាក្រៅមានដែលមាន៤ឃុំ ប្រជាពលរដ្ឋរស់នៅ ៩ ៤១៤គ្រួសារ ស្មើ ៨,៦០២ខ្នងផ្ទះ ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៧ ៦៧៦ខ្នងផ្ទះ និង ៩២៦ខ្នងផ្ទះមិនទាន់មានបង្គន់អនាម័យប្រើប្រាស់។

លោកអភិបាលរងស្រុក និងមេឃុំទាំង៤ បានធ្វើផែនការ និងការចុះជំរុញក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ឱ្យបានចំនួន ២៦០បង្គន់ ដែលបច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យក្នុងស្រុកសាលាក្រៅសម្រេចបាន ៨៩,២% ។

សូមបញ្ជាក់ថា៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ អត្រាគ្របដណ្តប់ការប្រតិបត្តិអនាម័យទូទាំងខេត្តសម្រេចបាន ៨៨.៩% និងអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតស្រេចបាន ៧៣.៧% ។

សម្រាប់ទិសដៅការងារបន្តក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ អង្គប្រជុំបានសម្រេច៖

១. ស្នើឱ្យរដ្ឋបាលក្រុង និងរដ្ឋបាលស្រុក ត្រូវវិភាជន៍ថវិកាសម្រាប់បម្រើការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនៅតាមមូលដ្ឋានរបស់ខ្លួន ។

២. ស្នើឱ្យឃុំ សង្កាត់ទាំង៨ បន្តជំរុញដល់លោកប្រធានភូមិ អនុប្រធានភូមិ និងអ្នកពាក់ព័ន្ធពង្រឹងលើការគ្រប់គ្រងទិន្នន័យឱ្យមានភាពច្បាស់លាស់ និងអាចទទួលយកបាន ។

៣. ស្នើឱ្យក្រុមការងារ PWG រួមមានមន្ទីរពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ចូលរួមសហការផ្តល់របាយការណ៍រីកចម្រើនប្រចាំត្រីមាសនីមួយៗមានភាពច្បាស់លាស់ និងទាន់ពេលវេលា ។

៤. ស្នើឱ្យវិភាជន៍ថវិកាទៅឱ្យ ឃុំ សង្កាត់ សម្រាប់ប្រើប្រាស់លើការងារទឹកស្អាត និងការលើកកម្ពស់អនាម័យស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ។

៥. ស្នើសុំឱ្យប្រធានភូមិរៀបចំរបាយការណ៍ ODF និងសំណើសុំមកឃុំ សង្កាត់ ដើម្បីឱ្យឃុំ សង្កាត់រៀបចំក្រុមការងារ ឬគណៈកម្មការចុះពិនិត្យវាយតម្លៃ ODF៕

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះត្រួតពិត្យ នូវផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ  DBST និងបេតុង ចំនួន ៧ ខ្សែ  ប្រវែងសរុប  ៧៥.៣០  គម សម្រាប់ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមអមដំណើរដោយលោក  ផេង  សំបូរ  ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសារធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង  និងមន្រ្តីបច្ចេកទេសរបស់អង្គភាពគ្រប់គ្រងគម្រោង ព្រមទាំងក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េ (KCI) បានចូលរួមជាមួយក្រុមបេសកកម្មរបស់ធនាគារពិភពលោក  (World Bank) ដែលដឹកនាំដោយលោក  Sadig Aliyev រួមជាមួយសហការី  ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់  ក្រោមហិរញ្ញប្បទានដោយធនាគារពិភពលោក។

ជាលទ្ធផលធ្វើកែលម្អផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ប្រភេទ  DBST និងបេតុង ចំនួន ៧ ខ្សែ  ប្រវែងសរុប  ៧៥.៣០  គម សម្រាប់ខេត្តកំពង់ចាមរួមមាន:

-ខ្សែទី១ ប្រវែង ៦ គ.ម ស្ថិតនៅឃុំព្រៃចារ ស្រុកជើងព្រៃ

-ខ្សែទី២ ប្រវែង ១៦.៤ គ.ម ស្ថិតនៅឃុំស្រមរ ឃុំត្រពាំងគ ស្រុកជើងព្រៃ

-ខ្សែទី៣ ប្រវែង ១៧.១ គ.ម ស្ថិតនៅឃុំគ្រុំក្រួច ឃុំគ ឃុំព្រៃឈរ ឃុំសូសែន ឃុំស្រង៉ែ ស្រុកព្រៃឈរ

-ខ្សែទី៤ ប្រវែង ១៣.៥ គ.ម ស្ថិតនៅឃុំស្រក ឃុំប្រទាន ស្រុកកំពង់សៀម

-ខ្សែទី៥ ប្រវែង ៥.៦ គ.ម ស្ថិតនៅឃុំស្ដឹងជ័យ ឃុំត្រពាំងគ ឃុំស្រមរ ស្រុកជើងព្រៃ

-ខ្សែទី៦ ប្រវែង ៨.២ គ.ម ស្ថិតនៅឃុំអំពិល ស្រុកអំពិល

-ខ្សែទី៧ ប្រវែង ៨.៥ គ.ម ស្ថិតនៅឃុំសំពង់ជ័យ ឃុំបឹងណយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ។

លទ្ធផលជារួមការអនុវត្តសម្រេចបាន ៣.៥២%  ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានចុះបង្កើត និងជ្រើសរើសក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យនៅតាមស្រះសហគមន៍

ខេត្តត្បូងឃ្មុំ​៖ ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ស សេន អនុប្រធានមន្ទីរ និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានចុះបង្កើត និងជ្រើសរើសក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យនៅតាមស្រះសហគមន៍នីមួយៗនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទចំនួន ០៣ កន្លែងដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៧៣នាក់(ស្រី ១៨នាក់)ដែលរួមមាន:

– ភូមិចន្លោង ភូមិខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ចំនួន ០១កន្លែង ទំហំ ២៥ម៉ែត្រ គុណនឹង ១៦០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ៣១នាក់ ស្រី ១០នាក់។

– ភូមិទួលកណ្ដោលជើង ភូមិសាមគ្គី-ភូមិជីគរ ឃុំជីគរ ស្រុកត្បូងឃ្មុំ ចំនួន ០២កន្លែង ទំហំ ៩៥ម៉ែត្រ គុណនឹង១៨០ម៉ែត្រ និងទំហំ ៥០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ៤២នាក់ ស្រី ០៨នាក់។

គោលបំណងនៃការបង្កើតក្រុមស្នូលនេះដើម្បីផ្សព្វផ្សាយការងារទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋអ្នកទទួលផលពីស្រះសហគមន៍នីមួួយៗ ដើម្បីគ្រប់គ្រង ការពារ ថែទាំ និងប្រើប្រាស់ស្រះសហគមន៍ប្រកបដោយនិរន្តរភាព។

ឯកឧត្តម ស្រ៊ិន ពុទ្ធី  ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យទីតាំងសម្រាប់សា្ដរស្រះសហគមន៍មួយកន្លែង នៅក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ដោយមានការសម្របសម្រួល និងសហការគ្នាយ៉ាងល្អជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះត្រួតពិនិត្យទីតាំងសម្រាប់សា្ដរស្រះសហគមន៍មួយកន្លែង ស្ថិតនៅភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

ស្រះសហគមន៍នេះ មានទំហំ ៤២ ម៉ែត្រ x ៦២ ម៉ែត្រ ជម្រៅ ២ ម៉ែត្រ ដែលអាចផ្ដល់ទឹកសម្រាប់ប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ ចំនួន ១០០ គ្រួសារ (៥៧០ នាក់)៕