ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ១៣កើត ខែអស្សុជ  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣   ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោក លោកស្រីអភិបាលរង ក្រុង-ស្រុកទាំង៧ សរុបចំនួន ៣៥នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។

កិច្ចប្រជុំមានការឯកភាពគ្នា ដើម្បីកំណត់គោលដៅ និងយុទ្ធសាស្ត្រសម្រេចឱ្យបានស្ថានភាព ODF ខេត្តមុនដំណាច់ឆ្នាំ២០២៣។ ព្រមទាំងបង្ហាញសូចនាករ ODF តាមគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF ដល់ថ្នាក់ខេត្ត ក្រុង ស្រុក និងតួអង្គពាក់ព័ន្ធ (សមាជិក PWG) ក្នុងការជំរុញឱ្យខេត្តសម្រេចបាន ODF

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ អត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យរបស់ខេត្តត្បូងឃ្មុំ សម្តេចបានប្រមាណ ៨៨,៤៣%។

កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ និងមានសិទ្ធស្នាលបំផុត៕

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាកម្មវិធី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាកម្មវិធី ដែលរៀបចំឡើងដោយ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសិក្ខាកាមចូលរួមពី តំណាងនាយកដ្ឋានទាំង១១  នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរអភិវឌ្ឍន៍រាជធានី ខេត្ត ទាំង ២៥ សរុបចំនួន១០៥នាក់ ។

ឯកឧត្តម ផូ ផារិទ្ធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ប្រសិទ្ធិភាព នៃការអនុវត្តថវិកាកម្មវិធី ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានយល់ដឹងអំពីវឌ្ឍនភាព នៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាពិសេសផ្ដោតសំខាន់លើ៖

-ការៀបចំផែនការថវិកាតាមប្រព័ន្ធ FMIS

-លទ្ធកម្មពេញលេញតាមប្រព័ន្ធ FMIS

-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS

ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានេះ ខិតខំប្រឹងប្រែងអនុវត្តថវិកាកម្មវិធីរបស់អង្គភាពខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុក៕

​ ឯកឧត្តម​ សាន​ វិសាល​ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវ ក្រាលដោយក្រួសក្រហមចំនួន ២ខ្សែ

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ច ស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី​ ២៧ ខែតុលា​ ឆ្នាំ២០២៣​ គណៈ​កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយ​ ឯកឧត្តម​ សាន​ វិសាល​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវ ក្រាលដោយក្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុប ១២ ២០០ម ទទឹងខ្នងលើ ៤ម និង៥ម កម្រាស់ ២០សម ស្ថិតនៅឃុំព្រៃថ្នង ឃុំដានគោម និងឃុំដំបូកខ្ពស់ ស្រុកទឹកឈូ និងស្រុកអង្គរជ័យ ខេត្តកំពត (គម្រោងលេខ DRR-PM-2023-No.004) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ប្រើប្រាស់ថវិកាជំពូក ៦១ ។

បន្ទាប់ពីគណៈកម្មការអន្តរក្រសួង បានត្រួតពិនិត្យ និងប្រជុំវាយតម្លៃរួចមក   គណៈកម្មការបានសម្រេចទទួលយក 100% លើគម្រោងនេះ។

លោកជំទាវ លីម មុយឡេង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ  ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ទទួលបន្ទុកការងារអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុប ៥៤ នាក់ ស្រី ២១នាក់។

បន្ទាប់ពី លោកស្រី ជី ថាវី ប្រធានមន្ទីរ បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៩ខែកន្លងមក ជូនគណៈអធិបតី និងអង្គពិធីទាំងមូល ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកជំទាវ រដ្ឋលេខាធិការ និងប្រតិភូអមដំណើរ និងបានជម្រាបជូនផងដែរអំពី ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្តខេត្តកណ្តាល ក្នុងនោះក៏បានគូសបញ្ជាក់ អំពីការអភិវឌ្ឍ រីកចម្រើនល្អប្រសើរលើគ្រប់វិស័យនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងស្នើសុំឱ្យបន្តនិរន្តរភាពការងារ ដោយឆន្ទៈមោះមុត បម្រើការងារដោយសុចរិតភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុងខេត្តកណ្តាល ពិសេសមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ទើបអាចសម្រេចបានជោគជ័យធំធេងគ្រប់ភារកិច្ច។  លោកជំទាវ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ធ្វើការរាយការណ៍ ក្នុងករណីជួបប្រទះបញ្ហាប្រឈមនានា និងត្រូវលើកជាសំណើ ឬសំណូមពរផ្សេងៗ និងស្នើសុំគោលការណ៍ពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីមានវិធានការដោះស្រាយទាន់ពេលវេលាក្នុងក្របខ័ណ្ឌជាគ្រួសារអភិវឌ្ឍន៍ជនបទ។

ពិធីសំណេះសំណាល បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាពខ្ពស់៕

លោក សំ នីតូ អមដំណើរគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃព្រហស្បតិ៍១២កើត-សុក្រ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានចូលរួមអមដំណើរគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមហ៊ុន Tan Kim Eng Co.,Ltd ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង វាយតម្លៃអំពីប្រសិទ្ធភាពការងារ និងពិនិត្យសកម្មភាពកិច្ចគាំពារសង្គម និងបរិស្ថាន លើការងារស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-3) មានចំនួន ០២ខ្សែ ដូចខាងក្រោម៖

-ខ្សែទី១៖ ផ្លូវ SVR4a ប្រវែង ១ ៨០០ម៉ែត្រ ចាប់ពីមុខសាលាឃុំធ្មា ដល់ភ្ជាប់ផ្លូវខេត្តលេខ១០ ស្រុករំដួល ខេត្តស្វាយរៀង។
-ខ្សែទី២៖ ផ្លូវ SVR8 ប្រវែង ១៣ ៣៦៨ម៉ែត្រ ចាប់ពីឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដល់ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕

នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍បានធ្វើការកែលម្អ និងតភ្ជាប់ឡើងវិញរួចរាល់ហើយ លើផ្លូវប្រវែង ៥០០០

បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀង បានស្រកនិងមានសភាពធម្មតាឡើងវិញ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការកែលម្អ និងតភ្ជាប់ឡើងវិញរួចរាល់ហើយ លើផ្លូវប្រវែង ៥០០០ ម៉ែត្រ ដែល ស្ថិតនៅភូមិអូរណា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង៕

ក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យនៅតាមស្រះសហគមន៍ ទាំង៩កន្លែង ត្រូវបានបង្កើតឡើងដោយ ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ស សេន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(PMU) បានចុះបង្កើត និងជ្រើសរើសក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យនៅតាមស្រះសហគមន៍នីមួយៗនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដែលមានសមាភាពមកពីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ឃុំ និងស្រុកនៅមូលដ្ឋានដែលមានស្រះសហគមន៍ ចំនួន ៩កន្លែង។

គោលបំណងនៃការបង្កើតក្រុមស្នូលនេះដើម្បីផ្សព្វផ្សាយការងារទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋអ្នកទទួលផលពីស្រះសហគមន៍នីមួយៗ ដើម្បីគ្រប់គ្រង ការពារ ថែទាំ និងប្រើប្រាស់ស្រះសហគមន៍ប្រកបដោយនិរន្ដន៍ភាព។

ជាលទ្ធផលក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យសសម្រេចបង្កើតក្រុមស្នូលនៃក្រុមប្រើប្រាស់ទឹក និងអនាម័យទៅតាមទីតាំងទាំង ០៩ កន្លែងដែលរួមមាន:
១.ភូមិក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ ចំនួន ០១កន្លែង ទំហំស្រះ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ៤០នាក់ ស្រី ២៦នាក់។
២.ភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ចំនួន ០១កន្លែង ទំហំស្រះ ៩៥ម៉ែត្រ គុណនឹង ១៥៥ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ៤០នាក់ ស្រី ១៣នាក់។
៣.ភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ចំនួន ០១កន្លែង ទំហំ ៧០ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ១៥នាក់ ស្រី ០១នាក់។
៤.ភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ចំនួន ០១កន្លែង ទំហំ ៥៥ម៉ែត្រ គុណនឹង ៨០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ៤១នាក់ ស្រី ២២នាក់។
៥.ភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ចំនួន ០១កន្លែង ទំហំ ៥០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ២១នាក់ ស្រី ០៧នាក់។
៦.ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ចំនួន ០១កន្លែង ទំហំ ៨៩ម៉ែត្រ គុណនឹង ៩៥ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ២៤នាក់ ស្រី ០៩នាក់។
៧.ភូមិព្រៃអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ចំនួន ០១កន្លែង ទំហំ ៨៥ម៉ែត្រ គុណនឹង ៨៥ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ២៩នាក់ ស្រី ១៨នាក់។
៨.ភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ចំនួន ០១កន្លែង ទំហំ ៩៥ម៉ែត្រ គុណនឹង ១០០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ១៥នាក់ ស្រី ០៤នាក់។
៩.ភូមិនាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ចំនួន ០១កន្លែង ទំហំ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ មានប្រជាពលរដ្ឋចូលរួមចំនួន ១២នាក់ ស្រី ០១នាក់។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានដែលមានស្រះទឹកសហគមន៍ទាំង ០៩កន្លែងនេះ និងមានទឹកស្អាតប្រើប្រាស់បានប្រសើរដោយមិនខ្លចខ្វះខាតទឹកដូចមុនឡើយ។

 

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ” នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានកុ្រមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបនខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ចំនួន ២០រូប និងស្ត្រី ០១ រូប ។

ជាកិច្ចចាប់ផ្តើម លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរាយការណ៍ស្ដីពី វឌ្ឍនភាព និងលទ្ធផលការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ។ បន្ទាប់មក លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត ក្នុងនាម ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកជំទាវគណៈអធិបតី បានចំណាយពេលវេលាខេត្តឧត្តរមានជ័យ ក្នុងនោះលោកជំទាវអភិបាលរងខេត្ត បានបង្ហាញពីស្ថានភាពស្ត្រីក្នុងខេត្តឧត្តរមានជ័យ ។

បន្ទាប់ពីមតិចាប់អារម្មណ៍ របស់លោកជំទាវ មុំ ពុទ្ធីតា រួចមក លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានកុ្រមការងារយេនឌ័រ បានមានប្រសាសន៍ថា យេនឌ័រ គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាក្នុងគួ្រសារផងដែរ ។

អង្គសិក្ខាសាលា បានផ្ដោតលើបទបង្ហាញ ដោយវាគ្មិនដូចខាងក្រោម៖

១- លោក នង សុវណ្ណរស្មី អនុប្រធាននាយកដ្ឋាន និងជាសមាជិកក្រុមការងារយេនឌ័រ បានអានអនុសាសន៍១២ចំណុច របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនីតិកាលទី៦ ស្តីពី លទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។

២- លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជាអនុប្រធានកុ្រមការងារយេនឌ័រ បានធ្វើបទបង្ហាញ ស្តីអំពី អនុសញ្ញា ស៊ីដ (CEDAW) និងភាពអង់អាចក្នុងវិស័យសេដ្ឋកិច្ចដល់ស្ត្រី ។

៣- លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ បានធ្វើបទបង្ហាញ ស្តីពីទស្សនៈយេនឌ័រ និយមន័យយេនឌ័រ និងភេទ តួនាទីយេនឌ័រ, តួនាទីភេទ, ភាពខុសគ្នារវាងភេទ និងយេនឌ័រ, សមភាព និងសមធម៌យេនឌ័រ ភាពខុសគ្នារវាង ទស្សនៈយេនឌ័រ និងអនុសញ្ញា ស៊ីដ និងរដ្ឋភាគី ក្នុងវិស័យអភិវឌ្ឍន៍ជនបទ លោកជំទាវបានសំណូមពរ ដោយជំរុញឱ្យស្ត្រីមានការចូលរួម និងយល់ពីតម្លៃរបស់ស្ត្រី ដើម្បីចូលរួមក្នុងកិច្ចការសង្គម ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ។

ជាទីបញ្ចប់ លោកជំទាវ រដ្ឋលេខាធិការ បានធ្វើការកោតសរសើរចំពោះការចូលរួមយកចិត្តទុកដាក់ស្តាប់ ដោយមានមតិផ្តាំផ្ញើថា សព្វថ្ងៃនេះស្ត្រីមានតួនាទីសំខាន់ជាច្រើននៅក្នុងស្ថាប័នរដ្ឋ ឬវិស័យឯកជន ហើយលោកជំទាវ និងពាំនាំនូវការខ្វះខាតមន្ត្រីរាជការជាស្ត្រី ដោយសំណូមពរឱ្យមានការជ្រើសរើសមន្ត្រីរាជការជាស្ដ្រីក្នុងមូលដ្ឋានបម្រើការងារ។ អង្គសិក្ខាសាលាបានបញ្ចប់ដោយមានភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទក៕

លោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យជាបឋមផ្លូវជនបទមួយខ្សែនៅស្រុកឈូក

ខេត្តកំពត៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោក ឡោ ឡូរ៉ុង ប្រធានការិយាល័យផ្លូវលំជនបទ និងមន្រ្ដី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក បានអញ្ជើញទៅពិនិត្យ និងសិក្សាជាបឋមផ្លូវជនបទមួយខ្សែ ប្រវែង ២០គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិ៤១ ទៅផ្លូវជាតិ៤៣  ដោយឆ្លងកាត់ឃុំចំនួន ៣ គឺ ឃុំត្រពាំងភ្លាំង ឃុំតាកែន និងឃុំល្បើក ក្នុងភូមិសាស្រ្ដស្រុកឈូកខេត្ដកំពត ។

សូមបញ្ជាក់ថា៖ ផ្លូវជនបទមួយខ្សែនេះត្រូវបាន ឯកឧត្តមអភិបាលខេត្តកំពត បានសំណូមពរសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលកែលម្អឡើងវិញ តាមរយ:ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្រ្ដីអញ្ជើញចុះទៅពិនិត្យស្ថានីយ៍យកទឹកស្អាតពីបរិយាកាស កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ៕

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ប្រចាំខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សេដ្ឋា ប្រធាននាយកដ្ឋាន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣  នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ប្រចាំខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សេដ្ឋា ប្រធាននាយកដ្ឋាន នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនាយកដ្ឋានសរុបចំនួន ១៧រូប ស្ត្រី ០២រូប។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបូកសរុបវឌ្ឍនភាពការងារក្នុង ខែតុលា ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងសំណូមពរក្នុងនាយកដ្ឋាន និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ស្មារតីសាមគ្គីភាព និងស្និទ្ធស្នាលបំផុត។