ឯកឧត្តម ជាម ហ៊ីម អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅអគាររដ្ឋបាលខេត្តត្បូងឃ្មុំ នាយកដ្ឋានថែទាំសុខភាពជនបទ បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី ឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  លោក យី គឹមថាន នាយករងអង្គការភ្លែអន្តរជាតិ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទំាសុខភាពជនបទ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានដូចជា តំណាងសាលាខេត្តត្បូងឃ្មុំ, តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ, តំណាងមន្ទីរសុខាភិបាល, តំណាងមន្ទីរកិច្ចការនារី, តំណាងមន្ទីរអប់រំ យុវជន និងកីឡា, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងមន្ទីរធនធានទឹក និងឧតុនិយម, តំណាងមន្ទីរផែនការ,អង្គការភ្លែ, អង្គការEMW, អង្គការទឹកស្អាត២០០១ និងក្រុង ស្រុកទំាង៧ សរុចចំនួន ៣៦នាក់ ស្រី០៩នាក់ ។

កិច្ចប្រជុំត្រូវបានរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖

–  ពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត

–  កំណត់គោលដៅ និងយុទ្ធសាស្រ្តសម្រេចឱ្យបានស្ថានភាព ODF ខេត្តមុនបំណាច់ឆ្នំា២០២៣

–  បង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនាំស្តីពី ការផ្ទៀងផ្ទាត់ ODF ដល់ថ្នាក់ដឹកនំាខេត្ត ស្រុក ក្រុង និងតួអង្គពាក់ព័ន្ធ(PWG)ក្នុងការជំរុញឱ្យខេត្តសម្រេចបានODF

ជាលទ្ធផល កិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖

១.បានធ្វើបទបង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនំា និងពិនិត្យកំណត់គោលដៅ ODF ខេត្តត្បូងឃ្មុំឡើងវិញដើម្បីអាចសម្រេចបាននៅដំណាច់ឆ្នំា២០២៣។

២. ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយដែលដឹកនំាដោយប្រធាន PWG៕

ការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០២ ខ្សែ

 

 

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេដាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:ប្រតិភូ ជាមន្រ្តីជំនាញនាយកដ្ឋានផ្លូវលំ និងមន្រ្តីលេខាធិការដ្ឋានដ្ឋាន PU ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០២ ខ្សែ ប្រវែងសរុប ៤ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហម ទទឹងម្ខាងៗ ០១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ លូមូលមុខមួយ ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង នៅភូមិស្ពឺ និងភូមិពព្រេង ក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម អនុវត្តដោយក្រុមហ៊ុន ៦ ស្តារ ខន់ស្រាក់សិន ។

គណ:ប្រតិភូបានពិនិត្យដោយកចិត្តទុកដាក់បំផុត ទាំងគុណភាព សោភណភាព និងសុវត្ថិភាព ។ ជាលទ្ធផល គណ:ប្រតិភូប្រកាសទទួលយកការវាយតម្លៃបញ្ចប់សុពលភាព ដោយជោគជ័យ។

ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយបាន ៖

១- ស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានអនុវត្តក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២៣

២- សំណេះសំណាល សាកសួរសុខទុក្ខ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

៣- ផ្តាំផ្ញើ និងណែនាំឲ្យមន្ទីរអនុវត្តនូវកិច្ចការងារមួយចំនួនដែលមន្ត្រីយើងចាំបាច់ត្រូវបំពេញ ក្នុងបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុង៕

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញចុះពិនិត្យ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យ​ និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំសេចក្តីនឹករលឹក​ និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ និងសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបម្រើការក្នុងមជ្ឃមណ្ឌល ព្រមទាំងបានធ្វើការកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានល្អនាពេលកន្លងក ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល ។

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់មជ្ឈមណ្ឌល និងផ្តាំផ្ញើសូមដល់មន្ត្រីគ្រប់រូបចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិទាំងឡាយក្នុងមជ្ឃមណ្ឌល ឱ្យនៅឋិតថេរ ដូចជាសម្បត្តិផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នាផងដែរ ។

សូមបញ្ជាក់ថា ៖ តាំងពី ២០១៧ – ២០២៣ មជ្ឈមណ្ឌលបានរៀបចំវគ្គបណ្ដុះបណ្ដាលបានចំនួន  ៩៤វគ្គ សិក្ខាកាមសរុប ២ ៦១៥នាក់ ស្រី​​​ ៩៤០ នាក់ ក្នុងនោះកសិករចំនួន ១ ២៤១នាក់ ក្រៅពីនោះភាគច្រើនជាគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ ) ៕

ឯកឧត្ដម សួន សេរីរដ្ឋាន រដ្ឋលេខាធិការ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «សេចក្តីសង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ នេះ ឯកឧត្ដម សួន សេរីរដ្ឋាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា អញ្ចើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «សេចក្តីសង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលប្រារពធ្វើនៅសណ្ឋាគា Raffle Le Royal រៀបចំដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង UNOHCHR នៅកម្ពុជា ដែលមានការអញ្ចើញចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ។

សិក្ខាសាលាប្រព្រឹត្តិទៅពេញមួយថ្ងៃដោយផ្ដោតសំខាន់លើការពិគ្រោះយោបល់ និងពិភាក្សាឲ្យបានទូលំទូលាយអំពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ និងឈានទៅពិនិត្យលទ្ធភាព ផ្តល់សច្ចាប័នបន្ថែមទៀតនូវ អនុសញ្ញាការងារពលកម្មអន្តរជាតិ ILO169 ។

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនៅវត្តព្រះពុទ្ធអណ្ដែត

នារសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា គ.ស២០២៣ នៅវត្តព្រះពុទ្ធអណ្ដែត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រារព្ធបទនមស្ការ សមាទាសីល និងស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ក្នុង បុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធអណ្ដែត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ខេត្តតាកែវ ៖ នាថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុប ១៣ ៧០០ម៉ែត្រេ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមមានដូចខាងក្រោម ៖

១. ខ្សែទី១៖ ពីព្រៃព្រំ-ត្រពាំងរុន ឃុំលាយបូរ ស្រុកត្រាំកក់ ប្រវែង ៨ ០០០ម៉ែត្រ

២. ខ្សែទី២៖ ពីភូមិតាលឿ-ភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ប្រវែង ៥ ៧០០ម៉ែត្រ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ ព្រមទាំងអ្នកបច្ចេកទេសរួចមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាព និងទទួលយកនូវលទ្ធផលអនុវត្តការងារ ១០០% របស់អ្នកទទួលការ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ ឲ្យជួយថែទាំផ្លូវនេះឲ្យបានដិតដល់ ដោយបន្ថែមក្រួសកន្លែងស្ទើរ កន្លែងស្រុត កន្លែងទឹកហូរស៊ីដាច់ជើងទេមួយចំនួន ព្រមទាំងកិនបង្ហាប់អោយបានល្អ ក្នុងអំឡុងពេលធានាសុពលភាព ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍អោយប្រជាពលរដ្ឋ៕

ស្ពានបេតុង ប្រវែង៦០ម៉ែត្រ និងផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ៣ ០០០ម៉ែត្រ នៅខេត្តមណ្ឌលគិរី ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារស្ថាបនាស្ពានបេតុង មួយកន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ៣ ០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ ព្រមទាំងអ្នកបច្ចេកទេសរួចមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាពទទួលយកនូវលទ្ធផលអនុវត្តការងារ ១០០% របស់អ្នកទទួលការ។

ជាមួយគ្នានេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ ឲ្យជួយថែទាំផ្លូវនេះឲ្យបានល្អប្រសើរទាំងបច្ចេកទេស គុណភាព និងសោភ័ណភាព សំដៅធានាប្រើប្រាស់បានយូរអង្វែង៕

ឯកឧត្តម អ៊ុក ពញ្ញា ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងចុះពិនិត្យមើលជាក់ស្តែងសមិទ្ធផលនៅក្នុងខេត្តក្រចេះ

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដោយមានចូលរួមពីឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

កិច្ចប្រជុំខាងលើ ក្នុងគោលបំណង ដូចខាងក្រោម ៖
១. ស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានអនុវត្តក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣

២. សំណេះសំណាល សាកសួរសុខទុក្ខ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ

៣. ផ្តាំផ្ញើ និងណែនាំឲ្យមន្ទីរអនុវត្តនូវកិច្ចការងារមួយចំនួនដែលមន្ត្រីយើងចាំបាច់ត្រូវបំពេញ ក្នុងបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុង

៤. ចុះពិនិត្យមើលជាក់ស្តែង នៅតាមការដ្ឋាន ដែលកំពុងសាងសង់ និងសមិទ្ធផលនៅក្នុងខេត្តក្រចេះ រួមមាន ៖
– ពិនិត្យមើលការងារចាក់បំពេញតួផ្លូវ កិនបង្ហាប់ផ្លូវចំនួន០១កន្លែង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង (Flash Flood) បានបុកដាច់នៅត្រង់គល់ស្ពានចំណុច PK ១ +៤០០ ស្ថិតក្នុងខ្សែផ្លូវថែទាំប្រចាំ ចំនួន ០១ខ្សែ ប្រវែង ១១ ៧០០ម របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចាប់ពីភូមិតាព្រះ ទៅភូមិ២៧សែនជ័យ ក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ

– ពិនិត្យមើលការសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST ចំនួន០១ខ្សែ ប្រវែង ៦១ ២០០ម ពីឆ្លូងទៅកំពង់ដំរី ស្ថិតនៅក្នុងឃុំឆ្លូង ឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះរបស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP-III) ដែលលទ្ធផលសម្រេចបាន ១០០ភាគរយ

– ពិនិត្យសមិទ្ធផលអាងស្តុកទឹក និងដំណើរការគ្រប់គ្រង និងអនុវត្តប្រព័ន្ធចែកចាយទឹកសហគមន៍ ស្ថិតនៅភូមិប្រឡាយ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានសម្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ១២០គ្រួសារ៕

ឯកឧត្តម ជា ស្រ៊ុន ដឹកនាំក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពស្ពានបេតុង និងផ្លូវ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ÷ នាថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ, ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ, ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ, លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម  និងមន្ត្រីបច្ចេកទេស ដោយមានការចូលរួមពីក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន​ បានចុះពិនិត្យស្ថានភាពស្ពានបេតុង វាលត្រដក់ពង មានបណ្តោយ១២ម៉េត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានសាងសង់ក្នុងឆ្នាំ២០០៧ ថវិការបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧកញ៉ា សុឹម វណ្ណា ត្រូវបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង កាលពីវេលាម៉ោង៨ព្រឹក ថ្នាងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងកំណាត់ផ្លូវដែលរងការខូចខាត​។

ជាលទ្ធផលក្រុមការងារអន្តរក្រសួងបានឯកភាពលើគម្រោងជួសជុលបន្ទាន់ រួមមានដូចខាងក្រោម ÷

– សាងសង់ផ្លូវវាងដោយប្រើស្ពានបេឡេដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នឡើងវិញ ដោយសារស្ពានដែលបាក់ស្រុតមិនអាចជួសជុលបាន ត្រូវធ្វើការសិក្សានិងសាងសង់ថ្មី

– កំណាត់ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរមុខផ្សារបែកអន្លូង ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ជួសជុលផ្លូវបេតុងប្រវែងប្រមាណ ៧០ម៉ែត្រ និងកំណាត់ផ្លូវក្រួសក្រហមប្រវែងប្រមាណ ២០០០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

– កំណាត់ផ្លូវក្រួសក្រហមប្រវែង ប្រមាណ ៥០ម៉ែត្រ ស្ថិតក្នុងភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕