ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីបើក -បិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្ដមអគ្គាធិការ ព្រមទាំង លោក លោកស្រីអគ្គនាយករង អគ្គាធិការរង និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង ២៥ ដែលជាសិក្ខាកាមសរុបចំនួន ៨៦រូប ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ និងពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទៅមោទកក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដម ឈឹម សៅគី បានជម្រាបជូនពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះសម្រាប់ពង្រឹងសមត្ថភាពមន្រ្ដីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានគ្រូឧទ្ទេសធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ភាពជាអ្នកដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

នៅល្ងាចថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ដោយបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។ ជាមួយគ្នា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ បន្ដលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ប្រកបដោយគុណាធិបតេយ្យ ដែលជាចលករដ៏សំខាន់ជួយឱ្យក្រសួងសម្រេចបានគោលដៅ និងចក្ខុវិស័យ ព្រមទាំងធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិទាំងមូល។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយភាពជោគជ័យ៕

នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ជួបប្រជុំពិភាក្សាការងារជាមួយអង្គការ CBN ក្នុងការជំរុញការងារទឹកស្អាត និងអនាម័យជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងាររបស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានជួបប្រជុំពិភាក្សាការងារជាមួយអង្គការ CBN ដែលមានអ្នកចូលរួមសរុបចំនួន០៩នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

១. ឯកឧត្តម ស្រ៊ិន ពុទ្ធី បានជម្រាបជូនអំពីគោលបំណងនៃកិច្ចប្រជុំ ដោយសូមឲ្យអង្គការសម្របសម្រួល និងសហការជាមួយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ

២. លោក លន់ សាយតេង បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ ជាពិសេសការងារបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF

៣. តំណាងអង្គការ CBN បានជម្រាបជូនអំពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដែលក្នុងនោះលោកបានសង្កត់ធ្ងន់ទៅលើកម្មវិធីទឹកស្អាត និងអនាម័យ ដោយបានសាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ បង្គន់អនាម័យ នៅស្រុកសំឡូត និងស្រុកសំពៅលូន ខេត្តបាតដំបង។ គម្រោងនេះជិតបញ្ចប់ហើយៗនឹងចាប់ផ្ដើមអនុវត្តបន្តទៀតនៅក្នុងឃុំប្រមើយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយត្រូវសាងសង់អណ្ដូងស្នប់អាហ្រ្វីដេវចំនួន៤០អណ្ដូង៕

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវល្បាយក្រួសចំនួន២គម្រោង នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពអញ្ចើញចូលរួមពីឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ មន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ មន្រ្តីលេខាធិការដ្ឋាន PU និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងជួសជុលផ្លូវល្បាយក្រួសចំនួន២គម្រោងដូចខាងក្រោម៖
-គម្រោងទី១ ជាផ្លូវល្បាយក្រួស មានប្រវែង១២ ៦០០ម៉ែត្រ ចំណុចចាប់ផ្ដើមពីភូមិរំដួលទៅភូមិកំបោរ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ
-គម្រោងទី២ ជាផ្លូវល្បាយក្រួស មានប្រវែង១១ ១០០ម៉ែត្រនៅពីផ្លូវជាតិលេខ៥ ភូមិអញ្ចាញ ទៅភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ
សូមបញ្ចាក់ថាផ្លូវទាំង២គម្រោងនេះ ជាផ្លូវអន្តរាគមន៍បន្ទាន់ទឹកជំនន់ឆ្នាំ២០២២ ស្ថិតក្រោមការស្ថាបនាដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

ជាលទ្ធផលគណប្រតិភូអន្តរក្រសួងបានពិនិត្យដោយយកចិត្តទុកដាក់បំផុត ទាំងគុណភាព សោភ័ណភាព និងសុវត្ថិភាព បានយល់ព្រម និងឯកភាពទទួលយកការជួសជុលផ្លូវទាំងពីរគម្រោងនេះ ។

ជាចុងក្រោយប្រតិភូអន្តរក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះ កុំឲ្យដឹកលើសទម្ងន់កំណត់ កុំចាក់ដីឲ្យខ្ពស់ជាងផ្លូវ និងជាពិសេសចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៩២ រូប ដែលបានចូលរួម និងបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។

 

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងប្រគល់លិខិតថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំង ៣រូប រួមមាន ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដែលបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។

 

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញថាមន្ដ្រីរាជការទាំងអស់ មានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម ហើយវគ្គបណ្ដុះបណ្ដាលនេះពិតជាបានចូលរួមចំណែកផ្ដល់ពុទ្ធិថ្មីៗបន្ថែមទៀតលើការប្រតិបត្តិការងារ សំដៅបង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវនៅក្នុងអង្គភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល នាថ្ងៃនេះនូវចំណុច ដូចតទៅ៖

 

– ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅដឹកនាំអនុវត្តការងារនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ស័ក្ដិសមជាមន្ដ្រីរាជការដែលមានគុណវុឌ្ឍិ និងគុណតម្លៃ

 

– ត្រូវចូលរួមសហការជាមួយបណ្ដានាយកដ្ឋាន បណ្ដាមន្ទីរ និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ ជាពិសេសបន្ដបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

 

– ពង្រឹង និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការងារដឹកនាំជាសមូហភាព និងការបង្កើនការយកចិត្តទុកដាក់ដល់មន្ដ្រី ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុង។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ៕

ការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន០១ខ្សែ

ខេត្តតាកែវ៖ នាថ្ងៃចន្ទ​ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ ផូ​ ផារិទ្ធ​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡេីងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន០១ខ្សែប្រវែង​ ៤៨០០ម៉ែត្រ​ ទទឹង៧ម៉ែត្រ​ ចិញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ​ ០,៥ម៉ែត្រ​ កម្រាស់០,២ម៉ែត្រ​ សាងសង់លូប្រអប់មុខចំនួន​ ០១កន្លែង​ លូមូលមុខ២ចំនួន០១កន្លែង​ លូមូលមុខមួយចំនួន០១កន្លែង​ និងអណ្តូងលូចំនួន​ ០២កន្លែង​ ស្ថិតនៅភូមិស៉ៃវ៉ា​ ភូមិព្រៃបេង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (គម្រោងលេខ​ DDR-NC-2023-No-065) អនុវត្តដោយនាយកដ្ឋាន​ វិស្វកម្ម​ នៃក្រសួងការពារជាតិ​ ។

ជាលទ្ធផលបន្ទាប់ពីត្រួតពិនិត្យ​ និងកិច្ចប្រជុំពិភាក្សាជាមួយអ្នកទទួលការ​ ព្រមទាំងអ្នកបច្ចេកទេសរួចមក​ គណៈកម្មការអន្តរក្រសួង​ បានឯកភាពថា​ គម្រោងនេះអាចទទួលយកបានត្រឹមត្រូវទៅតាមប្លង់​ និងសមស្របតាមបទដ្ឋានបច្ចេកទេស​ របស់អ្នកទទួលការ។​ គណៈកម្មការអន្តរក្រសួងក៏បានណែនាំអ្នកទទួលការអោយជួយថែទាំផ្លូវនេះអោយបានដិតដល់ផងដែរ។

ផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ចំនួន១០ខ្សែប្រវែងសរុប ១១៦ ៨៩០ម ត្រូវបានឯកឧត្តម សាន វិសាល ដឹកនាំគគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ

ខេត្តព្រៃវែង ÷ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ ចំនួន១០ខ្សែ ដោយក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ប្រវែងសរុប ១១៦ ៨៩០ម ទទឹងខ្នងលើ ៥ម និង៦ម ស្ថិតក្នុងឃុំស្មោងត្បូង ឃុំព្រៃទទឹង ឃុំស្វាយជ្រុំ ឃុំក្រញូង ឃុំបឹងដោល ឃុំកំពង់ប្រសាទ ឃុំដំរីពូន ឃុំពានរោង ឃុំរំចេក ឃុំជៃកំពត ឃុំអង្គររាជ្យ ឃុំព្រះស្តេច ឃុំពាមមន្ទារ ឃុំក្តឿងរាយ និងឃុំចុងអំពិល ស្រុកកំចាយមារ ស្រុកមេសាង ស្រុកកំពង់ត្របែក ស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង (គម្រោងលេខ DRR-RM-2023-No.031) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ប្រើប្រាស់ថវិកាជំពូក ៦១។

បន្ទាប់ពីគណៈកម្មការអន្តរក្រសួង បានត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើគម្រោងរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចវាយតម្លៃទទួលយក ១០០% ដំណាក់កាលទី១ លើគម្រោងនេះ៕

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមរដ្ឋអនុលេខាធិការ ឯកឧត្តមអគ្គនាយក និងសិក្ខាកាមដែលជា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ និងប្រធានការិយាល័យ ក្រោមឱវាទទីស្ដីការក្រសួង សរុបចំនួន ៧៥រូប ស្ដ្រី ៩រូប។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ និងពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបទក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ដែលនេះគឺជាការជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឆ្លៀតក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលសម្រេចបានលទ្ធផលយ៉ាងច្រើនឥតគណនាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបន្ដសមិទ្ធផលដែលមានស្រាប់ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ – ២០២៨ ឱ្យទទួលបានជោគជ័យដោយផ្ដោតលើការកាត់បន្ថយវិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

មន្ត្រីជំនាញរបស់នាយកដ្ឋានថែទាំសុខភាពជនបទបានចូលរួមសិក្ខាសាលាស្តីពីការរចនាគម្រោង”ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រ និងសហគមន៍”ដំណាក់កាលទី២

រាជធានីភ្នំពេញ: នាថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមការងារជំនាញរបស់នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយលោក ឈន ឈឿន ប្រធានការិយាល័យ តំណាងលោកប្រធាននាយកដ្ឋាន និងសហការីបានចូលរួមសិក្ខាសាលាស្តីពីការរចនាគម្រោង”ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រ និងសហគមន៍”ដំណាក់កាលទី២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនវានុវត្ដ វគ្គសិក្ខាសាលានេះ មានអ្នកចូលរួមពីអន្តរក្រសួងចំនួន៣រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានខេត្ដចំនួន៣រួមមាន កណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង ហើយមាន១០ស្រុក និង៩រោងចក្រ ដែលសរុបចំនួន ៧៦នាក់ ស្រី៣៤នាក់។

គោលបំណងសំខាន់នៃសិក្ខាសាលាមានចំនួន៣ចំណុចៈ

១. ដើម្បីបង្ហាញដល់ភាគីពាក់ព័ន្ធសំខាន់ៗដូចជារដ្ឋាភិបាលគណ:គ្រប់គ្រងរោងចក្រ និងម្ចាស់ជំនួយបានស្វែងយល់អំពីគម្រោង”ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រ និងសហគមន៍”ដំណាក់កាលទី២។

២.ដើម្បីធ្វើការឆ្លុះបញ្ចាំងពីសកម្មភាពនៃគម្រោង និងវិធីសាស្រ្ដនៃការអនុវត្ដគម្រោងដំណាក់កាលទី១កន្លងមកជាពិសេសប្រមូលធាតុចូលសំខាន់ៗសម្រាប់រៀបចំគម្រោងដំណាក់កាលទី២ បន្ដទៀត។

៣.ដើម្បីលើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីការរំពឹងទុកនៃគម្រោង និងពង្រឹងកិច្ចសហការក្នុងការអនុវត្ដគម្រោង។

ជាលទ្ធផលនៃអង្គសិក្ខាសាលា

១.ការសម្ពោធគម្រោង”ជើងឯកលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់រោងចក្រ និងសហគមន៍”ដំណាក់កាលទី២ ដាក់ដំណើរការជាផ្លូវការក្នុងខេត្ដគោលដៅចំនួន៣ខេត្ដមាន:កំពង់ស្ពឺ កំពង់ឆ្នំាងនិងកណ្ដាល ចាប់អនុវត្ដពីខែកក្កដា ឆ្នាំ២០២៣ដល់ខែមីនា ឆ្នាំ២០២៦។

២.អ្នកចូលរួមទទួលបានការយល់ដឹងបន្ថែមអំពីគម្រោងទាំងនៅក្នុងសហគមន៍ និងរោងចក្រ។

៣.អ្នកចូលរួមបានផ្ដល់ធាតុចូលសំខាន់ៗសម្រាប់រៀបចំ និងការអនុវត្ដគម្រោងដំណាក់កាលទី២។

សិក្ខាសាលានេះបានបញ្ចប់ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ស្មារតីសាមគ្គីភាព និងមានភាពស្និទ្ធស្នាលបំផុត និងភាពជោគជ័យ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងលូមូលមុខកាត់ ១ម៉ែត្រ ប្រវែង៨ម៉ែត្រ ចំនួន១កន្លែង ព្រមទាំងលូប្រអប់មុខ២ ចំនួន១កន្លែង ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ ព្រមទាំងអ្នកបច្ចេកទេសរួចមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាព និងទទួលយកនូវលទ្ធផលអនុវត្តការងារ ១០០% របស់អ្នកទទួលការ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ ឲ្យជួយថែទាំផ្លូវនេះឲ្យបានដិតដល់ ដោយបន្ថែមក្រួសកន្លែងស្ទើរ កន្លែងស្រុត កន្លែងទឹកហូរស៊ីដាច់ជើងទេមួយចំនួន ព្រមទាំងកិនបង្ហាប់អោយបានល្អ ក្នុងអំឡុងពេលធានាសុពលភាព ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ៕