ឯកឧត្តម ឆាយ ប្ញទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញជាវត្តមានក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋានទាំង១១ ជាសមាសភាព នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមដោយផ្ទាល់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ចូលរួមតាមប្រព័ន្ធនិម្មិត (zoom)។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងប្រទេសកម្ពុជារីកចម្រើន ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ឱកាសដល់សមាជិកអង្គប្រជុំចូលរួមយោបល់លើការងារពាក់ព័ន្ធនឹងការងារពង្រឹងស្ថាប័ន ការបែងចែកភារកិច្ចទាំងមន្រ្ដីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ទៅតាមគុណាធិបតេយ្យ។

ដើម្បីធានាប្រសិទ្ធភាព លើការងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្សរបស់ក្រសួងបានដោយជោគជ័យ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

– បន្ដអនុវត្តការចុះបញ្ជីវត្តមានមន្ត្រី និងបង្កើតប្រព័ន្ធវាយតម្លៃ ដើម្បីផ្ដល់ការលើកទឹកចិត្តតាមមធ្យោបាយនានា ដូចជាដំឡើងឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬរង្វាន់ផ្សេងៗ ដល់មន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

– ធ្វើបច្ចុប្បន្នភាពភារកិច្ចរបស់អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង និងចាត់មន្រ្ដីឱ្យត្រូវតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព

– ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

– ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីជាប់កិច្ចសន្យាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការចាត់តាំងទៅតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព

– ស្នើសុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងអនុវត្តការងារដែលបានបែងចែកខាងលើឱ្យមានប្រសិទ្ធភាព៕

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីបើក -បិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនោះមាន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំង លោក លោកស្រីអនុប្រធាននាយកដ្ឋាន ដែលជាសិក្ខាកាមសរុបចំនួន ៨៤រូប ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទៅមោទកក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពង្រឹងសមត្ថភាពមន្រ្ដីរាជការ ដែលមានគ្រូឧទ្ទេសធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ភាពជាអ្នកដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

នៅល្ងាចថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ដោយបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។ ជាមួយគ្នា ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននាថ្ងៃនេះ ទៅអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយភាពជោគជ័យ៕

សារលិខិតជូនពរ​ របស់ឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពីធីចម្រេីនជន្មាយុ​ គម្រប់៧៧​ ឈានចូល​ ៧៨​ ឆ្នាំ។

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី នីតិវិធីគ្រប់គ្រងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី នីតិវិធីគ្រប់គ្រងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក​ប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក និង​មន្ដ្រីបច្ចេកទេសទទួលបន្ទុក សរុបចំនួន ១៦រូប ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតលោក ផេង សំបូរ ប្រធាននាយកនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានឡើងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ដ ក្នុងនោះក៏មានការចូលរួមយោបល់ពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកទីប្រឹក្សាបច្ចេកទេស និងសមាជិកអង្គប្រជុំ លើនីតិវិធីនិងកិច្ចការងារអង្គការមិនមែនរដ្ឋាភិបាល។

ក្នុងឱកាសនោះ ឯកឧត្ដម ឈឹម សៅគី បានផ្ដល់អនុសាសន៍ណែនាំនិងកំណត់ទិសដៅការងារលើការគ្រប់គ្រងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលចំនួន​ ០៥ចំណុច ដូចខាងក្រោម៖

– ធ្វើបច្ចុប្បន្នភាពបញ្ជីអង្គការមិនមែនរដ្ឋាភិបាល​ ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ

– រៀបចំគោលការណ៍ស្ដីពី បែបបទ​និងនីតិវិធីនៃការស្នើសុំ របស់អង្គការមិនមែនរដ្ឋាភិបាល ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ និងឯកសារកិច្ចព្រមព្រៀងដែលមានស្រាប់

– ពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការមិនមែនរដ្ឋាភិបាល

– តាមដាន និងត្រួតពិនិត្យលើដំណើរការនៃការអនុវត្តសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្ទៀងផ្ទាត់វឌ្ឍនភាពការងាររបស់អង្គការ

– ពិនិត្យមើលនីតិវិធីនៃការស្នើសុំលើកលែងការបង់ពន្ធ ក្នុងការនាំចូលសម្ភារ និងឧបករណ៍បច្ចេកទេសផ្សេងៗ​ សម្រាប់ប្រតិបត្តិការរបស់អង្គការ

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការបានចូលជួបសម្តែងការគួរសម លោក Kwak Daehoon នាយកមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ

សាធារណ:រដ្ឋកូរ៉េ: នៅថ្ងៃព្រហស្បតិ៍ ៤រោជ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២ឥ២៣ ថ្ងៃដដែលនេះ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Kwak Daehoon នាយកមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានបង្ហាញពីសកម្មភាពរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសការអភិវឌ្ឍន៍សហគមន៍ជនបទ ដោយការគាំទ្រឱ្យមានការអភិវឌ្ឍន៍ភូមិគំរូនៅកម្ពុជា តាមរយៈការរៀបចំនូវនូវគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងការបញ្ចូលគោលគំនិត និងវិធីសាស្ត្រនៃការអភិវឌ្ឍន៍ជនបទតាមគំរូចលនាភូមិថ្មី របស់សាធារណៈរដ្ឋកូរ៉េ ព្រមទាំងស្នើឱ្យមានការគាំទ្របន្ថែមដល់ការពង្រីកភូមិគំរូចលនាភូមិថ្មី។

ឆ្លៀតក្នុងឱកាសនោះ លោក Kwak Daehoon បានសម្តែងនូវភាពកក់ក្តៅ និងស្វាគមន៍ដល់គណៈប្រតិភូនៃក្រសួងអភិវឌ្ឍន៍ជនបទដែលចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីទទួលបាន និងផ្តល់នូវការចែករំលែកបទពិសោធន៍នៃការអនុវត្តន៍គម្រោងចលនាភូមិថ្មីទូទាំងពិភពលោក និងការបង្កើតនូវបណ្តាញទំនាក់ទំនងជាមួយប្រទេសដែលចូលរួម។

គូសបញ្ជាក់ដែរថា “ចលនាភូមិថ្មី” គឺជាវិធីសាស្ត្រនៃការអភិវឌ្ឍន៍មួយដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្គ្រាមរាំរ៉ៃ ខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗស្ទើរគ្មានសល់ រង់ចាំជំនួយពីក្រៅប្រទេស តែបានធ្វើឱ្យប្រទេសក្លាយជាអ្នកផ្តល់ជំនួយវិញ តាមរយៈការអនុវត្តន៍នូវគោលគំនិតបីគឺ “ឧស្សាហ៍ព្យាយាម ជួយខ្លួនឯង និងកិច្ចសហប្រតិបត្តិការ” ក្រោមស្មារតី “ខ្ញុំអាចធ្វើបាន”៕

សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ ដឹកនាំប្រតិភូនៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងវេទិកា 2023 GLOBAL SAEMAEUL LEADERSHIP FORUM ក្រោមប្រធានបទ “Asian Saemaul Undong, To the World and Beyond” នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ចំនួន ០៣រូប បានចូលរួមក្នុងវេទិកា 2023 GLOBAL SAEMAEUL LEADERSHIP FORUM ក្រោមប្រធានបទ “Asian Saemaul Undong, To the World and Beyond” នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

វេទិកានេះរៀបចំដោយក្រសួងមហាផ្ទៃ និងសន្តិសុខ ក្រសួងការបរទេស និងមជ្ឈមណ្ឌលចលនាភូមិថ្មី នៃសាធារណរដ្ឋកូរ៉េ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីមកពីបណ្ដាប្រទេសជាង ៥០ និងមានអ្នកចូលរួមប្រមាណ ៣០០នាក់ ដែលអនុវត្តគម្រោងចលនាភូមិថ្មីជុំវិញពិភពលោក។

វេទិកា​ 2023 Global Saemaul Leadership Forum ប្រារព្ធឡើងក្នុងខួបទី១០​ ដែលជាព្រឹត្តិការណ៍មួយរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៤ មកម្លេះ។​ វេទិកានេះ មានគោលបំណង​ ផ្តល់ដល់ការសិក្សាស្វែងយល់អំពីយុទ្ធសាស្ត្រសកល ក្នុងការបង្កើននូវវិបុលភាពរួមគ្នានៃការអភិវឌ្ឍន៍ភូមិជុំវិញពិភពលោក ក៏ដូចជាការពង្រីក និងការអភិវឌ្ឍន៍បណ្តាញទំនាក់ទំនងអន្តរជាតិ នៃប្រទេសដែលបានអនុវត្តគម្រោង Saemaul Undong ដែលកម្មវិធីការងារ មជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ កំពុងរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយចែករំលែកជាមួយពិភពលោកនូវបទពិសោធន៍ និងករណីសិក្សារបស់ Saemaul Undong ដែលត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិដូចជា UN និង OECD។​

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានចូលរួមមានចំណាប់អារម្ម​ណ៍​ ជាមួយ ឯកឧត្តម Ko Kidong អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ដទៃទៀត​ ដោយសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈរៀបចំវេទិកា ដែលបានអញ្ជើញប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមបណ្ឌិត បានធ្វើការចាប់អារម្មណ៍ពីបញ្ហា តម្រូវការ និងសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ​ និងអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោង “ការអភិវឌ្ឍន៍ជនបទតាមវិធីសាស្ត្រចលនាភូមិថ្មី” ដែលបានអនុវត្តតាំងពីឆ្នាំ២០១៤ និងនិរន្តភាពនៃការអភិវឌ្ឍភូមិគំរូសាកល្បងទាំង ៣០ ភូមិ ព្រមទាំងគម្រោងដែលកំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ០៤ ភូមិ ក្នុងខេត្តកំពង់ស្ពឺ​ បច្ចុប្បន្ន។

ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យផ្លូវជនបទចំនួន២ខ្សែ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ដោយមានការចូលរួមអមដំណើរពី មន្រ្តីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យផ្លូវជនបទចំនួន២ខ្សែដូចខាងក្រោម:

ខ្សែទី១- បានចុះមកត្រួតពិនិត្យមើលក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងធ្វើការកែសម្រួលផ្លូវជនបទឈ្មោះសែនប្រពៃ-កំពៃ ដែលមានប្រវែង ២ ០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំ រំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានស្ថានភាពលំបាកផ្លូវមានក្រឡុកធំៗ និងកន្លែងខ្លះទៀតទឹកបានហូរដាច់ផ្លូវជាអន្លើៗដែលបណ្តាលឲ្យការធ្វើដំណើរមិនអាចប្រព្រឹត្តទៅបានជាធម្មតា  ជាពិសេសលំបាកក្នុងការដឹកជញ្ចូនផលិតផលកសិកម្មក្នុងរដូវប្រមូលផលខាងមុខនេះ ។

ខ្សែទី២- បានចុះមកត្រួតពិនិត្យផ្លូវ-ស្ពាន ដែលស្ថិតក្នុងភូមិដារផ្សារ ឆ្ពោះទៅផ្លូវ-ស្ពាន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានប្រវែង៦ ៥៧០ម៉ែត្រ បានកែសម្រួលបានប្រហែល៩៧%ហើយដែរ អាចបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៏ប្រើប្រាស់ និងដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ផ្លូវ២ខ្សែខាងលើនេះបានរងនូវការខូចខាតបណ្តាលមកពីការដឹកលើសទម្ងន់កំណត់ និងជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះបងប្អូនប្រជាពលរដ្ឋទាំង២ឃុំខាងលើបានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ជាពិសេសសូមថ្លែងអំណរអរគុណជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃ​ និងបុិនប្រសព្វរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ណែត​ និងឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ និងបានចាត់ឲ្យក្រុមការងារចុះមកកែសម្រួលផ្លូវទាំង២ខ្សែខាងលើឲ្យមានភាពប្រសើរឡើងវិញដែលអាចបំពេញតម្រូវការក្នុងការដឹកជញ្ជូនជាបណ្តោះអាសន្នបានយ៉ាងងាយស្រួល ។

ឯកឧត្ដម អនុរដ្ឋលេខាធិការ ក៏បានពាំនាំបណ្ដាំផ្ញើ និងសួរសុខទុក្ខពី ឯកឧត្ដម រដ្ឋមន្ត្រី និងណែនាំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវទាំង២ខ្សែនេះ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា៕

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យមើលខ្សែផ្លូវប្រវែង ២៣ គ.ម ដែលគ្រឿងចក្រ កំពុងអនុវត្តឈូសឆាយសម្រួលការធ្វើដំណើរ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យមើលខ្សែផ្លូវពីភូមិព្រៃពោធិ ឃុំរំលេច ទៅដល់ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ដែលគ្រឿងចក្រ កំពុងអនុវត្តឈូសឆាយសម្រួលការធ្វើដំណើរ ជូនប្រជាពលរដ្ឋ មានប្រវែង សរុប ២៣ គ.ម ឆ្លងកាត់ ឃុំ ៤ គឺឃុំរំលេច ឃុំព្នៅទី១ ឃុំព្នៅទី២ និងឃុំជ្រៃឃ្មុំ។ ក្នុងនោះដែរកំណាត់ផ្លូវប្រវែង ៨ គ.ម ត្រូវបានជួសជុលបន្ទាន់ ដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងកំណាត់ផ្លូវ ១៥ គ.ម ទៀតជួសជុលដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ហើយបច្ចុប្បន្នសម្រេចបានលទ្ធផល ៨ គ.ម។

សូមបញ្ជាក់ថា ការជួសជុលបន្ទាន់ខ្សែផ្លូវដែលមានស្ថានភាពខូចខាតដោយសារ ទឹកភ្លៀង ផ្លូវនេះ បន្ទាប់ពីបានទទួលការផ្ដល់អនុសាសន៍ណែនាំរបស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាស ឯកឧត្តមរដ្ឋមន្ដ្រី អញ្ជើញចុះពិនិត្យជាក់ស្តែងនាពេលកន្លងមក ឃើញថាមានការខូចខាតខ្លាំង ដែលតម្រូវឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដាក់គ្រឿងចក្រឈូសឆាយជួសជុល ជាប្រញាប់ដើម្បីសម្រួលចរាចរក្នុងធ្វើដំណើរជូនប្រជាពលរដ្ឋ៕

លោកស្រី នួន មុនីចិន្តា ដឹកនាំក្រុមការងារ ចុះបំពេញបេសកកម្មទៅតាមខេត្តចំនួន ០៣ ដើម្បីចូលរួមទស្សនកិច្ចស្វែងយល់ និងត្រួតពិនិត្យការអនុវត្តគម្រោង

ខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃចន្ទ២រោច-ពុធ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងដៀកូណៀ ខាមបូឌា លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ចុះបំពេញបេសកកម្មទៅតាមខេត្តចំនួន០៣ រួមមានខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីចូលរួមទស្សនកិច្ចស្វែងយល់ និងត្រួតពិនិត្យការអនុវត្តគម្រោង។ ជាលទ្ធផលមាន៖

១. ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ៖ បានជួបប្រជុំជាមួយអង្គការមជ្ឈមណ្ឌលធនធានស្រ្តី

២. ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ៖ បានចុះពិនិត្យមើលភាពជោគជ័យរបស់ស្រ្តីដែលបានទទួលការបណ្តុះបណ្តាលពីមជ្ឃមណ្ឌលធនធានស្រ្តី ចំនួន២គ្រួសារ លើកការដាំបន្លែ និងចិញ្ចឹមមាន់ ស្វែងយល់អំពីកែច្នៃពន្លៃធម្មជាតិ និងរបៀបវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ និងអាជីវកម្មកាត់ដេរខ្នាតតូច

៣. ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ បានចុះទៅសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីការដឹកនាំរបស់គណៈកម្មាធិការសហគមន៍ និងបានចុះទៅសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដើម្បីស្វែងយល់អំពីការដឹកនាំ គ្រប់គ្រងសហគមន៍ដែលមានការចូលរួមពីស្រ្តី និងយុវជន៕

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៏ កាកបាទក្រហមកម្ពុជា

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៏
កាកបាទក្រហមកម្ពុជា

យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធចម្រើនជន្មាយុ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រសួងព្រះបរមរាជវាំង ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត៕