ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ – ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ – ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេណវិមានឯករាជ្យ និងបានអញ្ជើញបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ៕

លោក អាត ចាន់ដាវីដ អគ្គនាយករង បច្ចេកទេស និងជាអនុប្រធានជនបង្គោល ដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ ចុះត្រួតពិនិត្យផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្រុមការងារទី២ នៃលេខាធិការដ្ឋានគ្រោះមហន្តរាយ ដែលដឹកនាំដោយលោក អាត ចាន់ដាវីដ អគ្គនាយករង និងជាអនុប្រធានជនបង្គោល មានការចូលរួមអមដំណើរដោយលោក វ៉ា ស៊ីណារ៉ុង និងលោក អ៊ឹង ឌីម៉ង់  អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និងសហការជាមួយក្រុមការងារបច្ចេកទេសផ្លូវជនបទ របស់ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ចុះប្រមូលទិន្ន័យ នៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ មានចំនួន៤ខ្សែ ប្រវែង៤៤ ៦០០ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកមង្គលបុរី និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យបណ្ដុះបណ្ដាលសុខភាពសហគមន៍ និងក្រុមការងារ រៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងពង្រឹងស្ថានភាពបញ្ចប់បន្ទោបង់ពាស់វាលពាសកាល (ODF) នៅសាលាឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣  លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យបណ្ដុះបណ្ដាលសុខភាពសហគមន៍  របស់នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ រៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងពង្រឹងស្ថានភាពបញ្ចប់បន្ទោបង់ពាស់វាលពាសកាល (ODF) នៅសាលាឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងជនបង្គោលអនាម័យ ឃុំ ភូមិ សរុបចំនួន ២៥នាក់ ស្រី ១៣នាក់។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយគោល ការណ៍ណែនាំស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងពង្រឹងស្ថានភាព (ODF) ជាលទ្ធផល: ក្រុមការងារបានផ្តល់អនុសាសន៍

១.ជំរុញដល់ជនបង្គោលឱ្យដឹកនាំសហគមន៍ចូលរួមសំអាតបរិស្ថានជាប្រចាំ

២.ជំរុញខ្នងផ្ទះប្រើប្រាស់បង្គន់រួម ឱ្យសាងសង់បង្គន់ផ្ទាល់ខ្លួនជាលក្ខណ:គ្រួសារ។

៣.គ្រួសារដែលចំណាកស្រុកពេលត្រឡប់មកវិញ ត្រូវសាងសង់បង្គន់ផ្ទាល់ខ្លួនជាលក្ខណ:គ្រួសារ។

៤.ចំពោះគ្រួសារដែលរៀបការ រស់នៅបែកផ្ទះត្រូវសាងសង់បង្គន់ផងដែរ។

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤ នាក់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ: នៅព្រឹកថ្ងៃអង្គា ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័កត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ខ្លឹមសារសំខាន់ៗរបស់សម្តេច :

១.ការយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត ។

២.ថ្លែងអំណរគុណដល់កម្មករ-និយោជិតទាំងអស់ ដែលបានផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងបម្រើប្រជាពលរដ្ឋបន្តទៀត ។

៣.លើកឡើងពីកម្ពុជាដែលពីមុនធ្លាប់ជាប្រទេសមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ បច្ចុប្បន្នកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។

៤.ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ តាមរយះការបង្កើតការងារ ដែលជាឆ្នាំងបាយសម្រាប់ប្រជាជន ។ ជាក់ស្តែងខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ បានបង្កើតផលប្រយោជន៍បន្ថែមទៀតដល់ប្រជាពលរដ្ឋ ។

៥.ការចូលរួមថែរក្សានូវ:១.សុខសន្តិភាព-ស្ថិរភាព, ២.គោលនយោបាយបត្រឹមត្រូវ (គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ) និង ៣.ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។

ពិធីចាប់ផ្តើមពីម៉ោង ៧ ព្រឹក និងបញ្ចប់នៅម៉ោង ៩:២៥ នាទី ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ។

Invitation for Bids IFB: NRRPCP/23/NCB/WRR-5 (3 Lots)

The Government of the Kingdom of Cambodia has received a loan from the Asian Infrastructure Investment Bank (AIIB) towards the cost of the Cambodia National Restoration of Rural Productive Capacity Project (NRRPCP). Part of this loan will be used for payments under the contract named above. The National Competitive Bidding is open to bidders from eligible source countries of the AIIB. The eligibility rules and procedures of AIIB will govern the bidding process. The bidding will be in accordance with the AIIB’s Procurement Policy.

Invitation for Bids IFB: NRRPCP/23/NCB/WRR-4 (5 Lots)

The Government of the Kingdom of Cambodia has received a loan from the Asian Infrastructure Investment Bank (AIIB) towards the cost of the Cambodia National Restoration of Rural Productive Capacity Project (NRRPCP). Part of this loan will be used for payments under the contract named above. The National Competitive Bidding is open to bidders from eligible source countries of the AIIB. The eligibility rules and procedures of AIIB will govern the bidding process. The bidding will be in accordance with the AIIB’s Procurement Policy.

គណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ៦ ៣៦០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅស្រុកជីក្រែង

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ៦ ៣៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យ (លូមូលមុខមួយ និងមុខពីរ) ចំនួន ៩កន្លែង ស្ថិតនៅភូមិចេក ភូមិព្រៃឆ្ការ និងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់ថវិកាជំពូក ២១។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ ព្រមទាំងអ្នកបច្ចេកទេសរួចមក គណៈកម្មា ធិការអន្តរក្រសួង បានយល់ព្រមទទួលយកការបញ្ចប់សុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ៕

ឯកឧត្តម ហាប់​ អូម៉ាលី ដឹកនាំក្រុមការងារបច្ចេកទេស ចុះប្រមូលទិន្ន័យ នៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣

ខេត្តកំពត និងខេត្តកែប ៖ នាថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហាប់​ អូម៉ាលី​ រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក វ៉ា​ ប៊ុនណាក់​ និងលោក នួន​ សុខា​ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និងសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត​ និងខេត្តកែប បានចុះប្រមូលទិន្ន័យ នៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ នៅខេត្តកំពត​ និងខេត្តកែប​៕

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ថ្មូន នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នារសៀល ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារបច្ចេកទេស ចុះផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ថ្មូន ដែលស្ថិតនៅភូមិមេមុំ(ថុងប៉ុង) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សមាសភាពចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនោះរួមមាន អនុប្រធានមន្ទីរ ប្រធានការិយាល័យអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អភិបាលរងនៃគណៈអភិបាលស្រុកកោះញែក មេឃុំ មេភូមិ និងក្រុមជនជាតិដើមភាគតិច ថ្មូន សរុបចំនួន៥៦នាក់ ស្រី២៧នាក់។

ការចុះផ្សព្វផ្សាយនេះមានគោលបំណង ផ្ដល់ចំណេះដឹងដល់ក្រុមជនជាតិដើមភាគតិចអំពី គោលនយោបាយជាតិ ច្បាប់បទដ្ឋានគតិយុត្ត នីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។

ជាលទ្ធផលមានដូចខាងក្រោម៖

–  ប្រជាពលរដ្ឋជនជាតិដើមភាគតិចថ្មូន បានយល់ដឹងពីនីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច

–  ប្រជាពលរដ្ឋជនជាតិដើមភាគតិចថ្មូន បានស្រុះស្រួល និងឯកភាពបង្កើតជាសហគមន៍ជនជាតិដើមភាគតិច។

–  ជនជាតិដើមភាគតិច ថ្មូន បានជ្រើសរើសគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចរួចរាល់ដែលមានសមាសភាពគណៈកម្មាធិការចំនួន ១១រូប ស្រី៥រូប៕

ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែប្រសើរឡើង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកា និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។  យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ Korean Eximbank ដែលតែងតែគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាច្រើនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍តាំងពីអាណត្តិទី៦​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ក្រោមម្លប់សុខសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមមានគម្រោង៖ Rural Roads Improvenment Project-I-RRIP និង Rural Roads Improvements Project II-RRIP គម្រោងទាំងពីរនេះបានបញ្ចប់រួចរាល់ក្នុងឆ្នាំ​២០១៥ និងឆ្នាំ​២០២២។ គម្រោងRural Roads Improvements Project III-RRIP យើងកំពុងអនុវត្តបានប្រមាណ ៤៦% ហើយមកទល់នឹងពេលនេះ។ ទន្ទឹមនឹងនេះនៅមានគម្រោងជាច្រើនទៀតដែលក្រសួងកំពុងអនុវត្ត និងទទួលបានជំនួយបន្ថែមពីធនាគាកូរ៉េក្នុងពេលនេះ ក៏ដូចជាទៅឆ្នាំខាងមុខបន្តទៀត។

ជាការឆ្លើយតប លោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី នាពេលនោះ។ លោកស្រីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយកម្ពុជាជាប់ជាចំណាត់ថ្នាក់លេខ ២ ក្នុងការទទួលបានជំនួយច្រើនជាងគេបង្អស់ពី Korean Eximbank។  លោកស្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាកន្លងមក និងប្រកាសជំហរបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកា និងសហការី ថាក្រសួងអភិវឌ្ឍន៍ជនបទបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាដៃគូជាមួយ Korean Eximbank  នៅក្នុងអាណត្តិទី៧ នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ភាគីមិត្តកូរ៉េ ដែលតែងតែជួយគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា និងថ្លែងអំណរគុណលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំនៅកម្ពុជា និងសហការីដែលអញ្ជើញមកក្នុងពេលនេះ៕