រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងខេត្តស្ទឹងត្រែង 

ខេត្តរតនគិរី -ស្ទឹងត្រែង ៖ នាថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងខេត្តស្ទឹងត្រែង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលមានមន្រ្ដីចូលរួមសរុប ចំនួន ៥៥ នាក់ ក្នុងនោះស្រីចំនួន ៩នាក់ ។

 

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ពីសំណាក់លោកប្រធានមន្ទីរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកដោយសេចក្តីស្រឡាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរទាំងអស់ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

 

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ ក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

 

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរដូចខាងក្រោម៖

 

១- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង។

 

២- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

 

៣-  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

 

៤-  មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលពីដើមអាណត្តិ ក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម ។

 

៥- ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដី និងត្រូវលើកទឹកចិត្តដល់មន្ត្រីតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

 

៦-  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងពីរខេត្តនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំកិច្ចប្រជុំក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ និងសហគមន៍គំរូជនជាតិដើមភាគតិច

រាជធានីភ្នំពេញ ៖  នារសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ និងសហគមន៍គំរូជនជាតិដើមភាគតិច ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

ក្នុងកិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សារៀបចំ ឯកសារពាក់ព័ន្ធទៅនឹងការអភិវឌ្ឍភូមិគំរូ និងសហគមន៍ជនជាតិដើមភាគតិចគំរូ។ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្តីពី លក្ខណៈវិនិច្ឆ័យភូមិគំរូ ហើយ លោកស្រី នួន មុនីចិន្តា បានធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍសហគមន៍គំរូជនជាតិដើមភាគតិច។ ក្នុងឱកាសនោះ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ បានស្នើឱ្យក្រុមការងារចុះសិក្សានៅទីតាំងភូមិដែលបានអនុវត្តសកម្មភាពល្អ ដើម្បីជាធាតុចូលបន្ថែមសម្រាប់ការវាយតម្លៃ និងស្វែងរកការគាំទ្រក្នុងការអភិវឌ្ឍភូមិ៕

“ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះទៅពិនិត្យពីការលើកផែនការអភិវឌ្ឍភូមិ(VDP)

ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាមន្រ្តីសម្របសម្រួលគម្រោង ទទួលបន្ទុកខេត្តប៉ៃលិន តំណាង ឯកឧត្កម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានអង្គភាពអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះទៅពិនិត្យពីការលើកផែនការអភិវឌ្ឍភូមិ(VDP) របស់ភូមិគោលដៅទាំង ១២ភូមិ ដែលស្ថិតក្នុងសង្កាត់បរយ៉ាខា ចំនួន ០៣ភូមិ សង្កាត់អូរតាវ៉ៅ ចំនួន ០៣ភូមិ ឃុំអូរអណ្ដូង ចំនួន ០៣ភូមិ និងឃុំស្ទឹងត្រង់ ចំនួន ០៣ភូមិ។

ការចុះពិនិត្យពីការលើកផែនការអភិវឌ្ឍភូមិ(VDP)បឋមនេះ មានការចូលរួមពី មន្រ្តីសម្របសម្រួលគម្រោងថ្នាក់ខេត្ត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន តំណាងអង្គភាពអនុវត្តគម្រោង មន្រ្តីតំណាងអភិបាលក្រុង-ស្រុក គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ.) និងប្រជាពលរដ្ឋ។

ជាលទ្ធផល នៃការចុះពិនិត្យ និងសិក្សាស្វែងយល់ អស់រយៈពេល ០៣ថ្ងៃនេះ ភាគច្រើន នៃគម្រោងអភិវឌ្ឍន៍ ដែលពួកគាត់បានស្នើសុំដាក់បញ្ចូលក្នុងផែនអភិវឌ្ឍន៍ភូមិ (VDP) ពិតជាបានឆ្លើយតបទៅនឹងតម្រូវការ ក៍ដូចជាផលប្រយោជន៍រួមរបស់អ្នកភូមិពួកគាត់ពិតប្រាកដមែន តាមរយៈការស្នើសុំ សាងសង់ទំនប់បង្ហៀរ ធ្វើរបងសាលា ស្ដារស្រះសហគមន៍ ធ្វើផ្លូវប៉េតុងចូលសាលារៀន ជួសជុលផ្លូវដឹកកសិផល និងពង្រីកទំហំផ្លូវដឹកកសិផល យកទៅលក់នៅព្រំដែន។

ការចុះពិនិត្យពីការលើកផែនការអភិវឌ្ឍភូមិ(VDP) របស់ភូមិគោលដៅទាំង ១២ភូមិ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងការអំណរអរគុណពីប្រជាពលរដ្ឋ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំ សម្របសម្រួល គាំទ្រ ឲ្យភូមិរបស់ពួកគាត់ទទួលបានគម្រោងអភិវឌ្ឍន៍ ដែលឆ្លើយតបទៅនិងតម្រូវការពិតប្រាកដរបស់សហគមន៍។

ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំគម្រោងជួសជុលស្ថាបនាឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ១០ ១០០ម៉ែត្រ នៅស្រុករំដល ខេត្តស្វាយរៀង នាពេលខាងមុខ

ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃការខូចខាតនូវផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ១០ ១០០ម៉ែត្រ ទទឹង ៧ម ចាប់ពីភូមិតាណែង ឃុំសង្កែ ដល់ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ដែលបានស្ថាបនាជាពហុឆ្នាំ (២០២១-២០២៣) ក្នុងនោះ ឆ្នាំ២០២១ ប្រវែង ៤ ៣០០ម៉ែត្រ, ឆ្នាំ២០២២ ប្រវែង ៣ ៧០០ម៉ែត្រ និងឆ្នាំ២០២៣ ប្រវែង ២ ១០០ម៉ែត្រ។ ផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្រ្តដែលតភ្ជាប់ចាប់ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន (កម្ពុជា-វៀតណាម) មកភ្ជាប់ផ្លូវជាតិលេខ១៣ ដែលជាផ្លូវបម្រើដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលយ៉ាងមមាញឹក។ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំគម្រោងជួសជុលស្ថាបនាឡើងវិញនៅពេលខាងមុខ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង បានចូលរួមជាគណៈអធិបតីចូលរួមសិក្ខាសាលាស្តីពី ការគាំពារមតិពន្លឿនការលើកកម្ពស់កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខេត្តរតនគិរី

ខេត្តរតនគិរី៖ កាលពីព្រឹកថ្ងៃសុក្រ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្រ្តីជំនាញនាយកដ្ឋានថែទាំសុខភាពជនបទ ចំនួន២រូប និង លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំង លោក ស្រី វិន អ្នកសម្របសម្រួលកម្មវិធី អង្គការវឌ្ឍនភាព បានចូលរួមជាគណៈអធិបតីចូលរួមសិក្ខាសាលាស្តីពី ការគាំពារមតិពន្លឿនការលើកកម្ពស់កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងមានការអញ្ជើញចូលរួមពី លោក ផាត សម្បត្តិ អភិបាលរងស្រុកអូរយ៉ាដាវ និងលោក អុីម ឌឿន អភិបាលរងស្រុកអណ្តូងមាស តំណាងអង្គការវឌ្ឍនភាព ជនបង្គោលថ្នាក់ឃុំ និងភូមិដែលមានអ្នកចូលរួមសរុប ៥៤រូប ស្រី ១០រូប។

 

គោលបំណងសំខាន់ ដើម្បីផ្តល់ចំណេះដឹងដល់អាជ្ញាធរមូលដ្ឋានឱ្យយល់ដឹង ពីរបៀបផ្លាស់ប្តូរឥរិយាបថសហគមន៍ និងកត្តាតាំងចិត្តពីថ្នាក់ដឹកនាំមូលដ្ឋាន។

 

ជាលទ្ធផលសម្រេចដូចខាងក្រោម៖

១.លោក ស្រី វិន ប្រធានកម្មវិធីអង្គការវឌ្ឍនភាព បានមានមតិស្វាគមន៍បានបង្ហាញនូវរបាយការណ៍សង្ខេបពីលទ្ធផលគម្រោងដែលបានអនុវត្តកន្លងមក។

២.លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទំាសុខភាពជនបទ បានមានមតិស្វាគមន៍ ហេីយបានបង្ហាញភាពស្ថានភាពអនាម័យទូទាំងប្រទេស និងចែករំលែកបទពិសោធន៍ដែលនាំឱ្យភូមិ ឃុំ ស្រុក ខេត្តទទួលបានODF និងមតិបេីកសិក្ខាសាលា។

៣.ពិភាក្សាក្រុមតាមភូមិឃុំស្រុក អំពីស្ថានភាពអនាម័យ ចំនួនបង្គន់ដែលនៅសល់ក្នុងភូមិឃុំ និងរកដំណោះស្រាយបញ្ហា។

៤.ក្រោយពីធ្វេីបទបង្ហាញរួច មានការចូលរួមមតិពីខាងមន្ទីរផែនការ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការលេីកផែនការថវិកា និងរបៀបចាយថវិកាលេីផ្នែកទឹកស្អាត និងអនាម័យ ។

៥. អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាសបានឯកភាពថា នឹងជំរុញស្រុកនេះឱ្យទទួលបាន ODFនៅក្នុងឆ្នាំ២០២៤។

 

សិក្ខាសាលាបានបញ្ចប់ប្រកបដោយបរិយាកាស សប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

ឯកឧត្តម​ ប៉ា​ សុខុម​ រដ្ឋលេខាធិការ​ បានចុះពិនិត្យសកម្មភាព​ជួយ​កែសម្រួល​ផ្លូវ​មួយខ្សែ​ ប្រវែង ១៨០០ម ក្រោមការអនុវត្តផែនការសកម្មភាព​អភិវឌ្ឍន៍ជន​បទ​ ​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម​ ប៉ា​ សុខុម​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យសកម្មភាព​ជួយ​កែសម្រួល​ផ្លូវ​មួយខ្សែ​ ប្រវែង ១៨០០ម ក្រោមការអនុវត្តផែនការសកម្មភាព​អភិវឌ្ឍន៍ជន​បទ​ ​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកំពង់ឆ្នាំង ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​កោះ​ ឃុំជ្រៃបាក់​ ស្រុក​រលាប្អៀរ​។

 

ការចុះត្រួតពិនិត្យនេះ មានការអញ្ជើញ​ចូលរួម​ ​មន្ត្រី​មន្ទីរ​​ លោក​ សោម​ វឺន​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ តាំង​ ប៊ុនទត​ ដោយមេឃុំជ្រៃបាក់​ និងលោកមេភូមិ​ ព្រមទាំង​ប្រជាពលរដ្ឋ​ភូមិព្រៃកោះ។

 

គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែរនេះ ត្រូវបានកែសម្អស្របតាមសំណូមពររបស់ ប្រជាពលរដ្ឋមកឯកឧត្តម ប៉ា​ សុខុម រដ្ឋលេខាធិការ ក្រោមថវិកាឧបត្ថម្ភរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទផ្ទាល់។

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ៖ “មន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ”

ខេត្តស្វាយរៀង-មណ្ឌលគិរី៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងខេត្តមណ្ឌលគិរី សរុប ចំនួន ៦២នាក់ ស្រី ១៨នាក់  កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

 

ក្រោយពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

 

បន្ថែមពីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដូចខាងក្រោម៖

 

១- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ”

 

២- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលធ្លាប់មានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

 

៣-  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

 

៤-  មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលពីដើមអាណត្តិ ក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម ។

 

៤-  ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដី និងត្រូវលើកទឹកចិត្តដល់មន្ត្រីតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

 

៦-  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃដដែលបន្ទាប់ពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងរួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) មួយខ្សែប្រវែង ១៣ ៣៦៨ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសម្រេចលទ្ធផលបាន ១៥% ហើយ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោម ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕

ឯកឧត្តម ឆាយ ប្ញទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់នៃឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គាធិការ ឯកឧត្ដមអគ្គនាយក ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំង លោក លោកស្រី អគ្គនាយករង លោក លោកស្រី ជាប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត បានចូលរួមស្តាប់តាមប្រព័ន្ធនិម្មិត (Zoom Meeting) ។

 

បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែធ្នូ និងទិសដៅការងារបន្ត ដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្ដ្រីរៀបចំរបាយការណ៍ ត្រូវបូកសរុបលទ្ធផលឱ្យបានគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស។

 

ដើម្បីសម្រេចឱ្យបាននូវ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ជូនអង្គប្រជុំនូវចំណុចដូចខាងក្រោម៖

 

–  ត្រូវពន្លឿនការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥

–  បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយផ្អែកតាមអភិក្រមស្តារនិងពង្រឹងគុណភាព៧០% និងស្ថាបនាពង្រីកផ្លូវថ្មី ក្នុងអាត្រា ៣០%

–  ត្រូវពិនិត្យលើតួនាទីភារកិច្ចរបស់មន្រ្ដី  និងរបស់ក្រសួង ព្រមទាំងគ្រប់អង្គភាពចំណុះក្រសួងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

–  ត្រូវបន្ដលើកម្ពស់ជីវិតរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរ ដោយការរៀបចំផែនការដោយមានសូចនាករច្បាស់លាស់ ពិសេសពង្រឹងការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត, ការអភិវឌ្ឍភូមិគំរូ និងការងារឥណទានជនបទឱ្យចំគោលដៅ និងមុខសញ្ញាច្បាស់លាស់

–  ត្រូវពង្រឹងការអនុវត្តការងារដោយគោរពវិន័យ បទបញ្ជាផ្ទៃក្នុងអង្គភាព វិន័យផ្ទាល់ខ្លួន និងការទទួលខុសត្រូវ។

 

កិច្ចប្រជុំ បានបញ្ចប់ទៅប្រកបដោយមានភាពស្និទ្ធស្នាល និងការទទួលខុសត្រូវ៕

ឯកឧត្តម ឆាយ ឫទ្ធិសែន៖ “មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ពិតតែជាខេត្តតូចពិតមែន តែបានបំពេញតួនាទីឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ”

ខេត្តកែប៖ នេះជាប្រសាសន៍របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ចំនួន ២៣នាក់ ស្រី ៧នាក់ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។

 

លោក ហង្ស សាវ៉ន ប្រធានមន្ទីរ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរជម្រាបជូន ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរក្នុងពិធីសំណេះសំណាល នោះ។

 

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទន​ លើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ។ ទន្ទឹមនឹងនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

 

ដើម្បីចូលរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

 

–  ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

 

–  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់មានប្រសិទ្ធភាពថែមទៀត។

 

–  មន្ទីរត្រូវបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្រុមអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជន។

 

–  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ ផេង អភិបាលរង នៃគណៈអភិបាលខេត្តកំពត នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

 

គោលបំណង នៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺផ្ដោតទៅលើការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ និងពង្រឹងសមត្ថភាពបន្ថែមលើការរៀបចំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ ដោយមានអ្នកចូលរួមសរុបចំនួន ៣៣នាក់៕