ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំផ្លូវ DBST ចំនួន ៧ ខ្សែ និងផ្លូវដីល្បាយក្រួសចំនួន ១៥ ខ្សែ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ អន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ (ដំណាក់កាលទី១) ការងារថែទាំជាប្រចាំផ្លូវ DBST ចំនួន ៧ ខ្សែ ប្រវែងសរុប ៥២ ៧៣០ ម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ និងប្រភេទផ្លូវដីល្បាយក្រួសចំនួន ១៥ ខ្សែ ប្រវែងសរុប ១១៨ ៨០០ ម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ  ស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច។

ខ្សែផ្លូវខាងលើ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពខ្សែផ្លូវតាមលក្ខណៈបច្ចេកទេសរួចមក គណៈប្រតិភូអន្តរក្រសួង បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចំណុចដូចខាងក្រោម៖

១. ចំពោះផ្លូវប្រភេទ DBST ទាំង ៧ខ្សែ៖
មន្ទីរត្រូវជួសជុលឡើងវិញ នូវកន្លែងដែលស្រុត និងប៉ោងកៅស៊ូ ដោយឡានដឹក លើលទំងន់  សម្អាតប្រឡាយ  និងសម្អាតមាត់លូ។

២. ចំពោះផ្លូវដីល្បាយក្រួសទាំង ១៥ខ្សែ៖ មន្ទីរត្រូវលុបសំបុកមាន់ ដែលទើបខូចដោយភ្លៀងធ្លាក់ជាប់ជាប្រចាំ រយៈពេលកន្លងមកនេះ និងធ្វើការជួសជុលឡើងវិញជាបន្ទាន់ត្រង់កន្លែងលិចទឹក ក្រោយពេលទឹកស្រក៕

ឯកឧត្តម វ៉ាន សំអឿន  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំស្តីអំពី “ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាពសម្រាប់សហគមន៍ជនបទ  ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅខេត្តកំពង់ឆ្នាំង”

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាន សំអឿន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីអំពី “ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាពសម្រាប់សហគមន៍ជនបទ  ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅខេត្តកំពង់ឆ្នាំង” រួមជាមួយលោក យុន យ៉ុងបុង នាយកសាជីវកម្មបរិស្ថានកូរ៉េ លោក ដុងជីន មូន នាយកក្រុមហ៊ុន Glory & Tech ប្រចាំនៅកម្ពុជា លោក លី ស៊ុងហ៊ូន ប្រធានគ្រប់គ្រងទូទៅនៃការិយាល័យសហប្រត្តិការអន្តរជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលមានថវិកា ចំនួន 166,650 US dollar រយៈពេល: ១២ខែ (២០២៣) ខេត្តគោលដៅ៖ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

  • ការដំឡើងប្រព័ន្ធទឹកស្អាតសម្រាប់បរិភោគចំនួន ០២ កន្លែង គឺ៖

១-  ក្នុងបរិវេណសាលាឃុំឈានឡើង (បានសាងសង់រួចរាល់ ១០០%)

២-  ភូមិអូរកាកុប (លំនៅដ្ឋានដីសម្បទានសង្គមកិច្ច)

ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីប្រធានបទ សម្រាប់ការរៀបចំកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីប្រធានបទ ទៅតាមកម្មវិធីទាំង ៤ សម្រាប់ការរៀបចំកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានលទ្ធផលដូចខាងក្រោម៖

–  ពិនិត្យ និងកែសម្រួលអំពីរបៀបវារៈដើម្បីកំណត់ពេលវេលាសម្រាប់ធ្វើបទបង្ហាញ

–  កំណត់ប្រធានបទជាក់លាក់ តាមកម្មវិធីនីមួយៗ ដែលមានលក្ខណសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនៅជនបទនាពេលបច្ចុប្បន្ន

–  កែសម្រួលខ្លឹមសារនៃបទបង្ហាញឱ្យមានលក្ខណៈខ្លី ខ្លឹម ឆ្លើយតបនឹងប្រធានបទដែលបានកំណត់ខាងលើ និងរយៈពេល ដែលត្រូវបង្ហាញ៕

ខេត្តរតនគិរីត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង ស្រុកបរកែវ ជាស្រុក/ក្រុង បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ

ខេត្តរតនគិរី ៖ ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG )ខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង ស្រុកបរកែវ ជាស្រុក/ក្រុង បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF ) និងប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទដែលមានអ្នកចូលរួមសរុប ១៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា ថាវរិទ្ធ បានផ្តល់ជម្រើសចំនួន៣ ដល់សមាជិកអង្គប្រជុំសម្រាប់ពិភាក្សា និងជ្រើសរើសដូចខាងក្រោម ៖

– ធ្វើពិធីប្រកាសទទួលស្គាល់ស្រុកតាវែងដោយឡែក

– ធ្វើពិធីប្រកាសទទួលស្គាល់ក្រុងបានលុង និងស្រុកបរកែវ រួមគ្នានៅថ្នាក់ខេត្ត

–  ធ្វើពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង និងស្រុកបរកែវ រួមគ្នា នៅថ្នាក់ខេត្ត។

បន្ទាប់ពីបានពិភាក្សារួចមក សមាជិកអង្គប្រជុំទាំងអស់ បានឯកភាពសម្រេចជ្រើសរើសយកជម្រើសទី៣ គឺធ្វើពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង និងស្រុកបរកែវ រួមគ្នាតែម្ដងនៅថ្នាក់ខេត្ត។

ដោយឡែកទីតាំងសម្រាប់ប្រារព្ធពិធីនេះ គឺធ្វើនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ដោយកំណត់យកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹក ដែលមានអ្នកចូលរួមប្រមាណ ៥៣៥នាក់ ។

អង្គការដែលបានចូលរួមគាំទ្រកម្មវិធីនេះរួមមាន អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការបណ្តុះកុមារ អង្គការយូនីសេហ្វ និងអង្គការវឌ្ឍនៈភាព។

ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាអំពី៖

–  ការធ្វើវិញ្ញាបនបត្រ និងពានជ័យលាភីជូនក្រុង/ស្រុក

–  គម្រោងថវិកាត្រូវចំណាយ និងមុខចំណាយ

–  រៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា

–  ធ្វើសុន្ទរកថាជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត

–  ធ្វើរបាយការណ៍លម្អិតរបស់មន្ទីរអភិវឌ្ឍន៍ជនបទ

–  រៀបចំលិខិតអំពាវនាវ និងលិខិតថ្លែងអំណរគុណជូនសប្បុរសជន៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japanese ODA Yen Loan) ដើម្បីពិនិត្យលើបេក្ខភាពគម្រោងអាទិភាពនានា សម្រាប់ Japanese ODA Yen Loan ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦

រាជធានីភ្នំពេញ ៖ នារៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japanese ODA Yen Loan) ដើម្បីពិនិត្យលើបេក្ខភាពគម្រោងអាទិភាពនានា សម្រាប់ Japanese ODA Yen Loan ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក KAMOSHIDA Naoaki នាយកទទួលបន្ទុកផែនការជំនួយប្រចាំផ្នែកទី១ នៃការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន។

សូមញ្ជាក់ថា ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (JICA) បានផ្តល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងមួយជូនក្រសួងអភិវឌ្ឍន៍ជនបទ ឈ្មោះថា Rural Road Connectivity Improvement Project “RRCIP” ដើម្បីកែលម្អផ្លូវជនបទ នៅក្នុងខេត្តចំនួន៤ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ អញ្ជើញជាគណធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផលគម្រោងចំនួន ០២ នៅខេត្តតាកែវ

ខេត្តតាកែវ៖ ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ២០២៣ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាគណធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលគម្រោងចំនួន ០២ រួមមាន:

គម្រោងទី១ ចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា និងគម្រោងទី២ ពិពិធកម្មសេដ្ឋកិច្ចជនបទ សម្រាប់កសិករដែលមានចំណូលទាប

ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ក្រោមមូលនិធិពិសេសមេគង្គឡានឆាងនៅស្រុកគីរីវង់ ខេត្តតាកែវ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកទីប្រឹក្សាស្ថានទូតចិននៅកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋទទួលផល ក្នុងនោះក៏មានការចូលពីប្រតិភូមកពីប្រទេសថៃ ឡាវ និងភូមា ផងដែរ សរុបប្រមាណ ៤០០ នាក់ ។

គោលបំណងចម្បងនៃគម្រោងគឺ ដើម្បីលើកម្ពស់ជីវភាពរស់នៅ និងពង្រឹងសមត្ថភាព  របស់ប្រជាពលរដ្ឋ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យប្រសើរឡើងនៅជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។

ស្រះសហគមន៍មួយកំពុងត្រូវបានស្ថាបនាឡើង ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងទឹកសុវត្ថិភាពសម្រាប់បរិភោគ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស សេន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យការដ្ឋានជីកស្រះទឹកសហគមន៍ ១កន្លែង មានទំហំ បណ្ដោយប្រវែង ៩៥ម៉ែត្រ  ទទឹងប្រវែង ៨៥ម៉ែត្រ និងជម្រៅប្រវែង ៤ម៉ែត្រ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានជំនួយរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

គម្រោងសាងសង់ស្រះទឹកសហគមន៍នេះ បានចាប់ផ្ដើមដំណើរកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៥% ហើយ ហើយគ្រោងនឹងបញ្ចប់១០០% នៅដើមឆ្នាំ២០២៤ ខាងមុខនេះ ។

ស្រះទឹកសហគមន៍នេះ ត្រូវបានសាងសង់ឡើងដើម្បីផ្គត់ផ្គង់ទឹកស្អាត និងឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវការទឹកស្អាត និងទឹកសុវត្ថិភាពសម្រាប់បរិភោគ សម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មខ្នាតតូច និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣)

ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ ដើម្បីពិនិត្យនិងវាយតម្លៃផលប៉ះពាល់លើខ្សែផ្លូវ ចំនួន០៧ខ្សែ​ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំពៅលូន ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកបាណន់ និងស្រុកថ្មគោលខេត្តបាត់ដំបង។

ខេត្តបាត់ដំបង: នៅថ្ងៃចន្ទ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ដើម្បីពិនិត្យនិងវាយតម្លៃផលប៉ះពាល់លើខ្សែផ្លូវចំនួន០៧ខ្សែ ​មានប្រវែងសរុប ១១៦ ៧០០ម៉ែត្រ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង​ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកបាណន់ និងស្រុកថ្មគោល ខេត្តបាត់ដំបង។

វគ្គបណ្ដុះបណ្ដាលស្ដីពី ការកសាងសមត្ថភាពដល់គ្រូបង្គោលសម្រាប់បង្រៀនបន្ដដល់សហគមន៍គោលដៅរបស់គម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ

ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សួន សុវន្ដារ អនុប្រធានមន្ទីរខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួល នៃគម្រោងការកសាងភូមិសន្ដិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការកសាងសមត្ថភាពដល់គ្រូបង្គោលសម្រាប់បង្រៀនបន្ដដល់សហគមន៍គោលដៅរបស់គម្រោង ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមាន:

-ទីប្រឹក្សាគម្រោង ៩នាក់ ស្រី ២នាក់

-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ ចំនួន ៣ខេត្ដ គោលដៅ សរុបចំនួន ២៥នាក់ ស្រី ៥នាក់ (ខេត្ដបន្ទាយមានជ័យ ១១នាក់, ខេត្ដបាត់ដំបង ៦នាក់ និងខេត្ដប៉ៃលិន ៨នាក់)

-មន្ទីរកិច្ចការនារី ៩នាក់ ស្រី ៩នាក់(ខេត្ដបន្ទាយមានជ័យ ៣នាក់, ខេត្ដបាត់ដំបង ៣នាក់ និងខេត្ដប៉ៃលិន ៣នាក់)

-គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ដ ៧នាក់ ស្រី ៣នាក់ ស្រុក ១២នាក់ ស្រី ៤នាក់ ។

វគ្គបណ្ដុះបណ្ដាលនេះបានផ្តោតសំខាន់ទៅលើប្រធានបទដូចខាងក្រោម:

១.ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ

២.បច្ចេកវិទ្យាឌីជីថល(Digital)

៣.សមភាពយេនឌ័រ

៤.ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបម្រែបម្រួលអាកាសធាតុ

៥.វិធីសាស្រ្ដក្នុងការបង្រៀន និងការសរសេររបាយការណ៍

៦.ការរៀបចំផែនការបង្រៀនបន្ដ

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ដើម្បីបណ្ដុះបណ្ដាលកសាងសមត្ថភាពគ្រូបង្គោល សម្រាប់យកទៅបង្រៀនបន្ដដល់សហគមន៍ នៅភូមិគោលដៅនៃគម្រោងភូមិសន្ដិភាពកម្ពុជា-កូរ៉េ ។