រដ្ឋាភិបាលអាល្លឺម៉ង់សន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរអាល្លឺម៉ង់-កម្ពុជា ។

ជំនួបនេះធ្វើឡើង នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម Stefan Messerer និងសហការី ដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ គាំទ្រផ្តល់ជាជំនួយដល់ប្រជាជនកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូនភ្ញៀវពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលមក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរលើកិច្ចការចំពោះមុខដែលត្រូវអនុវត្ត និងបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាវិបត្តិនៃការប្រែប្រួលអាកាសធាតុជាដើម។

ជាការឆ្លើយតប ឯកឧត្ដម Stefan Messerer បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានធ្វើការវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋាចរនាសម្ព័ន្ធជនបទ។

ក្នុងជំនួបនេះដែរ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានលើកពីបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ ហើយបានប្ដេជ្ញាក្នុងការដោះស្រាយបញ្ហាទាំងនោះរួមគ្នាដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៅតំបន់ជនបទនៅកម្ពុជា។

ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដម ឯកអគ្គរដ្ឋទូត និងសហការីថា ក្នុងអាណត្តិទី៧ នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ៕

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកស្អាង រៀបចំកិច្ចប្រជុំស្តីពីការចុះផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងត្រៀមការងារប្រកាសផ្ទៃក្នុងភូមិ(ODF+)

ខេត្តកណ្តាល ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទូច សាន អនុប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ បានដឹកនាំក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកស្អាង បានរៀបចំកិច្ចប្រជុំស្តីពីការចុះផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងត្រៀមការងារប្រកាសផ្ទៃក្នុងភូមិ(ODF+) ក្រោមអធិបតីភាព លោកស្រី សែម ចាន់ថូ អភិបាលរង នៃគណ:អភិបាលស្រុកស្អាង ទទួលបន្ទុកការងារវិស័យអភិវឌ្ឍន៍ជនបទ។

សមាសភាពដែលអញ្ជើញចូលរួមមានចំនួន ៦ឃុំ ស្មើនឹង ៧០ភូមិ ក្នុងនោះមាន លោក លោកស្រីមេឃុំ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ លោកស្រីប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ(គកនក) លោក លោកស្រីមេភូមិ និងអនុភូមិ សរុប ៨៦ នាក់ ស្រី៣៥ នាក់។

ជាកិច្ចចាប់ផ្ដើម លោកស្រី សែម ចាន់ថូ អភិបាលរងស្រុក បានមានមតិសំណេះសំណាល និងស្វាគមន៍ចំពោះវត្តមានអ្នកចូលរួម ព្រមទាំងបានណែនាំឱ្យតាមភូមិ និងឃុំជំរុញការផ្សព្វផ្សាយការងារ(ODF+)ឱ្យបានកាន់តែទូលំទូលាយនិងផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់យកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់ក្រុមការងារមន្ទីរ។

បន្ទាប់មក លោកស្រី ពាស ម៉ាឡា ក្រុមការងារជនបង្គោល (ODF+) បានធ្វើបទបង្ហាញពីរបៀបផ្ទៀងផ្ទាត់ទិន្នន័យ ការដាក់ថ្ងៃខែប្រកាសផ្ទៃក្នុង ការលើកសំណើ និងបង្ហាញគំរូ បង្គន់បរិយាបន្ន និងបានពិនិត្យផ្ទៀងផ្ទាត់ឯកសារស្ថានភាពអនាម័យភូមិ ។

កិច្ចប្រជុំនេះមានដំណើរការដោយរលូន ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរប្រកបដោយភាពស្និទ្ធស្នាលបំផុត ជំរុញការងារសាងសង់បង្គន់ដែលនៅសេសសល់ឱ្យសម្រេចបានតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានដល់ការចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឈានដល់កម្រិតខ្ពស់(ODF+)៕

ឯកឧត្តម អ៊ឹង វណ្ណា និងអាជ្ញាធរមូលដ្ឋាន ដឹកនាំមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត ចុះពិនិត្យផ្លូវជនបទ ១ ខ្សែ នៅស្រុកជុំគិរី ខេត្តកំពត ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិត ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត និងមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលនៃគណៈអភិបាលស្រុកជុំគិរី ព្រមទាំងអាជ្ញាធរឃុំ និងភូមិក្នុងមូលដ្ឋាន បានចុះពិនិត្យផ្លូវជនបទ ១ ខ្សែ ប្រវែង ២ ២៣០ ម៉ែត្រ ស្ថិតក្នុង ភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង វណ្ណា បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៏ជនបទ ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដោយមើលឃើញការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលឆ្លងកាត់តាមខ្សែផ្លូវខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការពិនិត្យពីផលប៉ះពាល់នៃខ្សែផ្លូវខាងលើ។

ក្រោយពីចុះពិនិត្យផ្ទាល់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៏ថា នឹងពិនិត្យលទ្ធភាពចាត់ចែងយកគ្រឿងចក្រធ្វើការឈូសឆាយ និងកែលម្អខ្សែផ្លូវខាងលើនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរទៅទទួលយកសេវាសាធារណៈនានានៅក្នុងមូលដ្ឋាន និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ៕

មន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចំនួន ២រូប បានចូលរួមកិច្ចប្រជុំត្រីមាសទី៤ ឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ  (DWG) ខេត្តក្រចេះ

ក្រចេះ៖ ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វដឹកនាំកិច្ចប្រជុំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសថ្នាក់ស្រុកលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ និងមានការចូលរួមពីលោក ច័ន្ទ ប៊ុនរិទ្ធ ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ និងលោក ឈាង ស៊ីថា ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ  លោក លោកស្រីក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មន្ត្រីជំនាញស្រុក និងអង្គការដៃគូសរុប៣០រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំមានចំនួន ៣ចំនុច៖

-ផ្ទៀងផ្ទាត់ទិន្នន័យចំនួនគ្រួសារចំនួនខ្នងផ្ទះមានបង្គន់ ខ្នងផ្ទះមិនទាន់មានបង្គន់ប្រើប្រាស់

-តាមដានផែនការ ODF ឃុំ ក្នុងស្រុក

-រៀបចំយុទ្ធសាស្រ្ត និងការវិភាជន៍ថវិកាឃុំសម្រាប់ការងារសង់បង្គន់អនាម័យ។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ សម្រេចបាន៖

១.ស្រុកព្រែកប្រសព្វ មាន១៧,៥២៨គ្រួសារ, ខ្នងផ្ទះសរុប ១៦,៤៥០ខ្នងផ្ទះ, ខ្នងផ្ទះមានបង្គន់ចំនួន១២,០២៩ខ្នងផ្ទះ, ខ្នងផ្ទះមិនទាន់មានបង្គន់ចំនួន៤,៤១៤ខ្នងផ្ទះ។

២.បានរៀបចំផែនការ ODFតាមត្រីមាសនីមួយៗ ជំរុញខ្នងផ្ទះមិនទាន់មានបង្គន់, ចុះសម្អាតទិន្នន័យភូមិ, បានបង្កើតក្រុមការងារបច្ចេកទេសថ្នាក់ឃុំដើម្បីពន្លឿនការងារ ODFឃុំ។

៣.គ្រប់ឃុំបានដាក់ថវិកាសាងសង់បង្គន់ (ផ្នែកសេវាសង្គម)ជូន

គ្រួសារក្រ១ ក្រ២ ទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនីមួយៗ។

កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ និងមានភាពស្និទ្ធស្នាលបំផុត។

ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការដឹកនាំកិច្ចប្រជុំ ដើម្បីបើកឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលើគម្រោងជួសជុលអគារ និងទិញសម្ភារចំនួន ៣គម្រោង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ដើម្បីបើកឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលើគម្រោងជួសជុលអគារទីស្ដីការក្រសួង និងទិញសម្ភារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ជាសមាជិក នៃគណៈកម្មការលទ្ធកម្ម អង្គភាពលទ្ធកម្ម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណងក្រុមហ៊ុនចំនួន០៥ សរុបចំនួន ១៦រូប។

លោក សន ធឿន ដឹកនាំមន្រ្តីបច្ចេកទេសរបស់អង្គភាពអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសង្គមបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ នៅទីតាំងស្ពាន៣កន្លែង ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ និងស្រុកកោះសូទិន

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ៣កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សន ធឿន ប្រធានគ្រប់គ្រងគម្រោង បានដឹកនាំមន្រ្តីបច្ចេកទេសរបស់អង្គភាពអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ ក្រោមថវិកាហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារសុវត្ថិភាពបរិស្ថាន និងសង្គម លោកអភិបាលស្រុក និងលោកមេឃុំពាក់ព័ន្ធ សរុបចំនួន១១រូប ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសង្គមបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ នៅទីតាំងស្ពាន៣កន្លែង ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម។

គោលបំណងចំនួន២ ដូចខាងក្រោម៖

ទី១. ដើម្បីត្រួតពិនិត្យ គោលការណ៍សុវត្ថិភាពបរិស្ថាន និង សុវត្ថិភាពផ្លូវថ្នល់

ទី២. ពិនិត្យកន្លែងស្នាក់នៅរបស់កម្មករប្រចាំថ្ងៃ។

ជាលទ្ធផល  ៖

– ភាគីក្រុមហ៊ុនបានរៀបចំបន្ទប់ទឹកដាច់ដោយឡែងរវាងបុរស និងស្ត្រី

– ភាគីក្រុមហ៊ុនបានរៀបចំធ្វើផ្លូវវៀងបណ្តោះអាសន្នសម្រាប់អ្នកធ្វើដំណើរ ដោយពុំចាំបាច់ឆ្លងទូដរដូចមុន

– បានបំពេញទម្រង់វាយតម្លៃស្តីពីវឌ្ឍនភាពនៃគោលការណ៍សុវត្ថិភាព និងបរិស្ថានសង្គមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣៕

លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី សរុប ៣២រូប ស្ត្រី ១៤រូប។

ជាកិច្ចចាប់ផ្ដើម លោក គឹម វិបុល ប្រធានមន្ទីរ ធ្វើសេចក្ដីរបាយការណ៍សង្ខេបពីវឌ្ឍនភាពការងារដែលបានអនុវត្ត១០ខែកន្លងមកក្នុងឆ្នាំ២០២៣។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីរួចមក លោកជំទាវរដ្ឋលេខាធិការ បានមានមតិសាកសួរសុខទុក្ខ និងសារផ្ដាំផ្ញើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការក្នុងមន្ទីទាំងអស់។ ដើម្បីឱ្យសមស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ លោកជំទាវ បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចជា៖

១-ខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនការ និងយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ

២-ត្រូវរៀបចំផែនការបី៖ រយៈពេលខ្លី មធ្យម និងរយៈពេលវែងឱ្យបានគត់មត់

៣-ត្រូវសហការ និងផ្ដល់ព័ត៌មានជូនក្រុមការងារអ្នកនាំពាក្យក្រសួង ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ ឱ្យបានទូលំទូលាយដល់មហាជន

៤-ខិតខំបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ក្នុងការកៀរគរធនធានហិរញ្ញវត្ថុ និងបច្ចេកទេសប្រកបដោយភាពទន់ភ្លន់ និងប្រាកដនិយម ដើម្បីបង្កើនប្រសិទ្ធការងារអភិវឌ្ឍន៍ជនបទ

៥-បន្តពង្រឹងការឯកភាព និងសាមគ្គីភាពផៃ្ទក្នុងឱ្យបានល្អប្រសើររវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍រួមសុខទុក្ខជាមួយគ្នាដើម្បីធានាប្រសិទ្ធភាពការងារ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីមានពិការភាព ជាស្ត្រីមានផ្ទៃពោះឬមានកូនតូចជាដើម។

ពិធីសំណេះសំណាលបានបញ្ចប់ទៅដោយរលូន និងមានភាពស្និទ្ធស្នាលបំផុតរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី។

មន្ដ្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ចុះផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជូនជនជាតិសួយចំនួន ០២ភូមិស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈុន ស៊ីវិថា អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន អញ្ជើញទៅផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជូនដល់ជនជាតិសួយចំនួន ០២ភូមិ គឺភូមិកន្ទួត និងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមក្នុងពិធីនេះមាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្រ្ដីតំណាងរដ្ឋបាលស្រុកឱរ៉ាល់ លោកមេឃុំសង្កែសាទប លោកប្រធានភូមិកន្ទួត និងបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចសួយសរុប ៥៤នាក់/ស្រី ៣៨នាក់។ ដោយឡែកការផ្សព្វផ្សាយនៅភូមិក្រាំងពង្រមានការចូលរួមពី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្រ្ដីតំណាងរដ្ឋបាលស្រុកឱរ៉ាល់ លោកជំទប់ឃុំសង្កែសាទប លោកប្រធានភូមិក្រាំងពង្រ និងបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចសួយសរុប ៥១នាក់/ស្រី ៣៣នាក់។

ការផ្សព្វផ្សាយនេះមានគោលបំណង ផ្ដល់ចំណេះដឹងជូនដល់បងប្អូនជនជាតិដើមភាគតិចសួយ អំពីគោលនយោបាយជាតិ ច្បាប់បទដ្ឋានគតិយុត្ត នីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។

បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយរួចមកបងប្អូនប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចសួយ ដែលកំពុងរស់នៅក្នុងភូមិកន្ទួត និងភូមិក្រាំងពង្របានយល់ដឹងអំពីនីតិវិធី និងទម្រង់ឯកសារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងបានឯកភាពគ្នាបន្តអនុវត្តនីតិវិធីបង្កើតជាសហគមន៍ជនជាតិដើមភាគតិច៕

ឯកឧត្តម ភួង សោភា ចុះត្រួតពិនិត្យដំណើរការសាងសង់ស្រះសហគមន៍ ០១កន្លែង  និងផ្លូវចំនួន០២ខ្សែ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក អ៊ួង ប៉ុណ្ណាការ ប្រធានគ្រប់គ្រងគម្រោង និងក្រុមការងារធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះត្រួតពិនិត្យដំណើរការសាងសង់ស្រះសហគមន៍ ០១កន្លែង  (ជម្រៅ ៣,៣ ម៉ែត្រ បណ្តោយ ១៣៩ម៉ែត្រ ទទឹង ៥៧ម៉ែត្រ) ស្ថិតនៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងផ្លូវ០២ខ្សែ៖

១- ផ្លូវដែលបានស្ថាបនារួចជាស្ថាពរប្រវែង ៥,៧៤៤ គ.ម ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

២- ផ្លូវដែលកំពុងសាងសង់ប្រវែង ១២,៣៣ គ.ម ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ឯម ប៊ុនសឿន ប្រធានការិយាល័យទឹក បានដឹកនាំសិក្ខាសាលាស្តីពី ការជ្រើសរើស គ្រូបង្គោល ថ្នាក់ខេត្ត ស្រុក និងការណែនាំអំពីកម្មវិធីពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ឯម ប៊ុនសឿន ប្រធានការិយាល័យទឹក  និងលោក ប្រាក់ មុត ប្រធានការិយាល័យសុខភាព នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំបានដឹកនាំសិក្ខាសាលាស្តីពី ការជ្រើសរើស គ្រូបង្គោល ថ្នាក់ខេត្ត ស្រុក និងការណែនាំអំពីកម្មវិធីពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ។ ដែលមានសមាសភាពអញ្ជើញចូលរួមមាន លោកអភិបាលរងនៃស្រុកគោលដៅគឺស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូក្នុងខេត្ត សរុប ១១នាក់ ស្រី០២នាក់ រៀបចំឡើងនៅសាលមន្ទីរប្រជុំអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។

គោលបំណងសំខាន់នៃសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលរបាយការណ៍វិភាគស្ថានភាពវិស័យទឹកស្អាត និងអនាម័យ ដល់ស្រុកគោលដៅទាំងពីរ នៃខេត្តកំពង់ធំ។

ជាលទ្ធផល បង្ហាញអំពីកម្មវិធីការអប់រំភាពជាអ្នកដឹកនាំលើវិស័យទឹកស្អាត និងអនាម័យ ដើម្បីដំណើរការជ្រើសរើស គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ស្រុក លើកម្មវិធីការអប់រំភាពជាអ្នកដឹកនាំសម្រាប់មន្រ្តីរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំ។

កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីសហការខ្ពស់ និងភាពស្និទ្ធស្នាលបំផុត។