ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស ដឹកនាំកិច្ចប្រជុំស្ដីពី ការអនុវត្តកម្មវិធីសាកល្បងលើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្ដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងវិស័យទឹកស្អាត និងអនាម័យមានលក្ខណជាប្រព័ន្ធ

ជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ BP Coffee ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស តំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការអនុវត្តកម្មវិធីសាកល្បងលើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្ដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងវិស័យកម្មវិធីទឹកស្អាត និងអនាម័យដែលមានលក្ខណជាប្រព័ន្ធ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងមន្រ្ដីមកពីតំណាងអង្គការដៃគូ សរុបចំនួន ៩នាក់ ស្ដ្រី ២នាក់។

កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តកម្មវិធីសាកល្បងលើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្ដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងវិស័យកម្មវិធីទឹកស្អាត និងអនាម័យដែលមានលក្ខណជាប្រព័ន្ធ។

បន្ទាប់ពីបានស្ដាប់តំណាងអង្គការដៃគូ ធ្វើបទបង្ហាញស្ដីពីសារប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យរួចមក អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១- អង្គការដៃគូ បានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
២- មន្រ្ដីថ្នាក់ក្រោមជាតិ បានយល់ច្បាស់ពីនិរន្តរភាពលើផ្នែកទឹកស្អាត និងអនាម័យជនបទ។ ៣- អង្គការដៃគូត្រូវរៀបចំវិភាជថវិកាបន្ថែមចូលទៅក្នុង NAP3​ ដើម្បីឱ្យសកម្មភាព និងថវិកាបន្តអនុវត្តកម្មវិធីតទៅទៀត ៕

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់គម្រោង កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍តាមគំរូរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់គម្រោង កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ តាមគំរូរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

– បង្កើតក្រុមតេឡេក្រាម ដើម្បីទំនាក់ទំនង និងផ្ដល់ទម្រង់របាយការណ៍គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាព នាយក និងប្រធានគ្រប់គ្រងគម្រោង ចូលរួម។

– គម្រោងនីមួយៗត្រូវរៀបចំរបាយការណ៍ប្រចាំត្រីមាសទី៣ ជាភាសាអង់គ្លេស និងត្រូវប្រជុំត្រួតពិនិត្យលើរបាយការណ៍នេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនផ្ញើជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដោយមានសមាសភាពអញ្ចើញចូលរួមពី លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត លោកអនុប្រធានមន្ទីរ និងមន្ត្រីជំនាញ ០៤ រូប នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

គោលបំណងនៃកិច្ចប្រជុំដើម្បីស្វែងយល់ពីសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការមិនមែនរដ្ឋាភិបាលដែលសហការនាពេលកន្លងមក។

ជាកិច្ចបន្ទាប់លោក លឹម ជាវហាវ ប្រធានមន្ទីរ ធ្វើសេចក្ដីរាយការណ៍ ពីលទ្ធផលសម្រេចបាន ដែលអង្គការរាយការណ៍ជូនមកមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត

បន្ទាប់ពី បញ្ចប់សេចក្ដីរាយការណ៍ របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត  ឯកឧត្តម អនុរដ្ឋលេខាធិកា បានផ្ដល់ជាអនុសាសន៍ និងពន្យល់ណែនាំ  ព្រមទាំងបកស្រាយពីនិតិវិធី និងរបៀបរបបសហការជាមួយអង្គការ ។

ជាទីបញ្ចប់ ឯកឧត្តម មានមតិផ្តាំផ្ញើអោយមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរបន្តសហការគ្នា ប្រឹងប្រែងអនុវត្តការងារតាមការចាត់តាំងរបស់ថ្នាក់ក្រសួងអោយបន្តទទួលបានជោគជ័យបន្ថែមទៀត។

អង្គប្រជុំបានបញ្ចប់ដោយសេចក្តីរីករាយប្រកបដោយបរិយាកាសស្និតស្នាល។

ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការវាយតម្លៃលើកម្មវិធីទឹកស្អាត និងអនាម័យប្រចាំប្រទេស”

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការវាយតម្លៃលើកម្មវិធីទឹកស្អាត និងអនាម័យប្រចាំប្រទេស” នៅសាលប្រជុំភ្នំពេញ២ កោះពេជ្រ (GIA Tower) ក្រោមអធិបតីភាព ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករងបច្ចេកទេស លោកប្រធាន អនុប្រធាន និងក្រុមការងារនៃនាយកដ្ឋានថែទាំសុខភាពជនបទ លោកស្រីអនុប្រធាននាយកដ្ឋាន និងក្រុមការងារនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងតំណាងក្រសួងពាក់ព័ន្ធរួមមាន៖ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួងសុខាភិបាល, តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អង្គការដៃគូ, ស្ថាប័នឯកជន, និងតំណាងគ្រឹះស្ថានអប់រំ សរុបចំនួន ៣៧ រូបស្រ្តី ១០រូប ចូលរួមដោយផ្ទាល់ និងតាមរយ:អនឡាញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមាន កិច្ចសហការគាំទ្រពី អង្គការ UNICEF និងអង្គការ WaterAid ក្នុងគោលបំណងដូចខាងក្រោម៖

–  តាមដានវឌ្ឍនភាពឆ្ពោះទៅរកគោលដៅកម្មវិធីទឹកស្អាត និងអនាម័យទូទាំងប្រទេស

–  ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធមានការសន្ទនាក្នុងន័យស្ថាបនាចំណុចខ្វះខាត កំណត់អាទិភាព និងបញ្ហាប្រឈមនៃវិស័យ WASH

–  ពិនិត្យ និងប្រើប្រាស់ឯកសារវិស័យទឹកស្អាត និងអនាម័យដែលមានស្រាប់

–  វាយតម្លៃរួមគ្នាអំពីវឌ្ឍនភាព និងពិភាក្សាអំពីយុទ្ធសាស្រ្តកម្រិតប្រទេសលើឆន្ទៈនយោបាយលើ WASH, វេទិកាពហុភាគីទំនាក់ទំនងជាមួយវិស័យផ្សេងទៀត, វឌ្ឍនភាពលើការប្តេជ្ញាចិត្ត ហិរញ្ញវត្ថុ, និងវិសមភាពក្នុងការកំណត់គោលដៅ

ជាលទ្ធផល សិក្ខាសាលា សម្រេចបានរួមមាន៖

១. បានពិភាក្សា និងវាយតម្លៃរួមលើ CSA framework

២. លទ្ធផលពិន្ទុដែលវាយតម្លៃតាមក្រុមបានបង្ហាញថាវិស័យទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរឡើង

៣.ស័្វយវាយតម្លៃអាចឱ្យកែលម្អការយល់ដឹងអំពីវិស័យ WASH

៤. បានឯកភាពគ្នាលើបញ្ហាប្រឈមធំៗ ដែលវិស័យនេះកំពុងប្រឈម និងការបង្កើតទស្សនៈរួមគ្នាសម្រាប់វិស័យ WASH៕

មន្រ្ដីមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យបង្គន់អនាម័យ និងជម្រុញប្រជាពលរដ្ឋឃុំព្រែកឬស្សី និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាលដែលធ្លាប់ប្រើប្រាស់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ ។

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកល្វាឯម ខេត្តកណ្ដាល លោក សុខ ផា  អនុប្រធានការិយាល័យអភិវឌ្ឍន៍សសហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យបង្គន់អនាម័យតាមខ្នងផ្ទះ និងជម្រុញប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួនវិញ ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកមេឃុំទាំងពីរ លោក លោកស្រីប្រធាន អនុប្រធានភូមិ  និងសមាជិកភូមិសរុប ១៨នាក់ ស្រី៥ នាក់ និងបានធ្វើការផ្ទៀងផ្ទាត់ និងជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រែកឬស្សី និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីផ្សព្វផ្សាយ និងជំរុញក្រុមការងារគ្រប់គ្រងទិន្នន័យអនាម័យភូមិ និងឃុំ អនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)៕

វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារមន្ទីរចូលរួមសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំបើកវគ្គ បណ្តុះបណ្តាលតម្រង់ទិសស្តីពី ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)នៅតាម ភូមិ ឃុំ ក្រុង ស្រុក ជូនដល់សមាសភាពក្រុមការងារផ្ទៀងផ្ទាត់ថ្នាក់ឃុំ ស្រុក ក្រោមអធិបតីភាព លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង និងលោក សុស សុវណ្ណនី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

សមាសភាពអញ្ជើញចូលរួម នៃវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ រួមមាន លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងលោកនាយកសាលាក្នុងឃុំ តំណាងប្រធានមណ្ឌលសុខភាពឃុំ តំណាងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹង និងសមាសភាពក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យស្រុក(DWG) សរុប ១៤៤ នាក់ ស្រី៣៥ នៅសាលាស្រុកកណ្តាលស្ទឹង។

គោលបំណងនៃវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះគឺដើម្បីបញ្ជាក់ពីសុក្រិតភាពលើការអះអាងតាមរយៈសេចក្តីប្រកាស(ODF+)ផ្ទៃក្នុង និងលើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិ និងតួរអង្គពាក់ព័ន្ធឲ្យចូលរួមបង្កើនល្បឿនឆ្ពោះទៅសម្រេចគោលដៅប្រែក្លាយកម្ពុជា ជាប្រទេសគ្មានការបន្ទោបង់ពាសវាលពាសកាល ដោយទទួលស្គាល់តម្លៃ និងកិត្តិយសប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងការចូលរួមប្រតិបត្តិអនាម័យនិងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

វគ្គបណ្តុះបណ្តាលនេះ បានដំណើរការដោយរលូន និងបញ្ចប់ប្រកបទៅដោយស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរ និងមានភាពស្និទ្ធស្នាលបំផុត ហើយសិក្ខាកាមដែលជាក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យស្រុក(DWG) នឹងនាំយកនូវចំណេះដឹងថ្មីៗ និងជំរុញការផ្សព្វផ្សាយទៅតាមភូមិ ឃុំរៀងៗខ្លួន ដើម្បីត្រៀមខ្លួនចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឈានដល់កម្រិតខ្ពស់(ODF+) ។

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត និងក្រុមការងារអង្គភាពអនុវត្តគម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទPIU

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧​ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត និងក្រុមការងារអង្គភាពអនុវត្តគម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទPIU   បានចូលរួមជាមួយ​ លោក អ៊ួង ប៊ុណ្ណាកា ជាប្រធានគ្រប់គ្រងគម្រោង​ពង្រឹងសមត្ថភាពផលិតភាពជន បទ (NRRPCP) PMU ប្រតិភូ​ ធនាគារ AIIB   និង  ក្រុម​ហ៊ុនទទួលការសាងសង់  រដ្ឋអំណាចឃុំ  ភូមិ ។

១-ពិនិត្យវឌ្ឍនភាពការងារជីក និងស្តារស្រះទឹកស្អាតសហគមន៍​ (21- AIIB 1403-CP011) ស្ថិតនៅភូមិគោក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក

​   ២​-​ពិនិត្យវឌ្ឃនភាពកាស្ថាបនា ផ្លូវ DBST Lot 3. (Batch 2) ផ្លូវ​ពីឃុំកន្សោមអក ស្រុកកំពង់ត្របែក ទៅឃុំស្ពឺ ខ ស្រុកបាភ្នំ មានប្រវែង ៨ .០៦៤គ.ម។

[ Album ] ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្ញើសារចូលរួមអបអរសាទរជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃខួបចម្រើនជន្មាយុ គម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

ឯកឧត្តម ឈឹម សៅគី រួមជាមួយថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា ហ៊ុន ភិន ម្ដាយក្មេកឯកឧត្តម លាភ សំណាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឧបាសិកា ហ៊ុន ភិន ដែលត្រូវជាម្ដាយក្មេកឯកឧត្តម លាភ សំណាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសនៃការអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បាននាំយកនូវសារលិខិតរំលែកទុក្ខ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំនូវបច្ច័យជូនដល់ឯកឧត្តមអគ្គាធិការផងដែ៕

ឯកឧត្តម ជី ស៊ីថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង

ខេត្តកោះកុង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយមានការចូលរួម ពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការបម្រេីការនៅមន្ទី សរុបចំនួន ១៤ រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់ការិយាល័យជំនាញទាំង ៧ ក្នុងឆ្នាំ២០២៣ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង៕