ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៥ កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកកម្មវិធីទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៦៨ នាក់ ស្រី ១៤ នាក់ ។

ក្នុងនោះផងដែរ លោកប្រធាននាយកដ្ឋាន បានបូកសរុបលទ្ធផលការងារដូចខាងក្រោម៖

១-ការងារថែទាំជាលក្ខណៈខួប មាន ៣០ គម្រោង ស្មើនឹង ៥៥ ខ្សែ ប្រវែងសរុប ៣៦៥,៣៤ គម

២-ការងារថែទាំប្រចាំមាន ៣៥ គម្រោង ស្មើនឹង ៣៣៨ ខ្សែ សរុបប្រវែង ៣ ៦៧៦,៨១ គម

៣-ការងារជួសជុលបន្ទាន់មាន ១២១ ករណី ស្មើនឹង ២០៧,៨២៤ គម

ឯកឧត្ដមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន៖

-ស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទតាមប្រភេទផ្លូវ កម្រាលផ្លូវ និងប្រវែង

-ស្នើសុំថ្នាក់ដឹកនាំនាយកដ្ឋាន រៀបចំក្រុមការងារនិតីកម្មផ្ទៃក្នុង

-សូមពិនិត្យលើមន្រ្តីបម្រើការនៅនាយកដ្ឋានដែលមានសមត្ថភាពត្រូវបានលើកទឹកចិត្ត៕

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ពាក់ព័ន្ធនឹងវិស័យកសិកម្ម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែកំណត់វិស័យកសិកម្មជាកម្មវិធីនយោបាយអាទិភាព ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យបានល្អប្រសើរ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ ដោយឡែក កម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះគឺ កម្មវិធីទី៥ “ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ” និងកម្មវិធីទី៦ “ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី” ៕

ឯកឧត្តមបណ្ឌិត​ សៅ​ ជីវ័ន្ត ដឹកនាំប្រតិភូក្រសួងចូលរួមក្នុងវេទិកាភាពជាដៃគូវិស័យសាធារណៈ ឯកជន និងប្រជាជន អាស៊ានលើកទី១២ ស្តីពីការងារអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ  ក្រោមប្រធានបទ “ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រ”នៅប្រទេសសិង្ហបុរី។

ប្រទេសសិង្ហបុរី៖ នាថ្ងៃចន្ទ​ ៨កើត ខែកត្តិក​ ឆ្នាំថោះ បញ្ចស័ក ព.ស.​ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣​ ឯកឧត្តមបណ្ឌិត​ សៅ​ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដឹកនាំប្រតិភូក្រសួងចូលរួមក្នុងវេទិកាភាពជាដៃគូវិស័យសាធារណៈ ឯកជន និងប្រជាជន អាស៊ានលើកទី១២ ស្តីពីការងារអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ  ក្រោមប្រធានបទ “ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គម សម្រាប់ការកាត់បន្ថយភាពក្រីក្រ”នៅប្រទេសសិង្ហបុរី។​

វេទិកាភាពជាដៃគូនេះមានការអញ្ជើញចូលរួមពី​ ​ប្រតិភូក្រសួង​អភិវឌ្ឍន៍ជនបទរួមមាន ​ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងលោក អេវ សម្បត្តិ អគ្គាធិការរង ​​រួមជាមួយ អគ្គលេខាធិការអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ មន្រ្តីរាជរដ្ឋាភិបាល តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ គ្រប់ភាគីពាក់ព័ន្ធ​ និងភាគីដៃគូសន្ទនារបស់អាស៊ានជាច្រើនទៀត។​

ក្នុងវេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធានការនានាដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសជាសមាជិកសហគមន៍អាស៊ាន​ ដោយផ្តោតលើការវិនិយោគលើធនធានមនុស្ស ការធ្វើផែនការរួម និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ការបង្កើនគណនេយ្យភាព តម្លាភាពនៃវិស័យសាធារណៈ គំនិតផ្តួចផ្តើមបង្កើតវេទិកាទូទាំងអាស៊ានលើការវិនិយោគប្រកបដោយសីលធម៌ ការអនុវត្តល្អបំផុតលើការច្នៃប្រឌិតក្នុងកិច្ចការងារអភិវឌ្ឍន៍ជនបទ និងគំនិតផ្តួចផ្តើមលុបបំបាត់ភាពក្រីក្រ៕

អភិបាលរងស្រុកសំបូរ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសថ្នាក់ស្រុកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ខេត្តក្រចេះ៖ នាថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ធុន ប៉ូឡែន អភិបាលរងស្រុកសំបូរ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសថ្នាក់ស្រុកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។

ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក ច័ន្ទ ប៊ុនរិទ្ធ ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ និងលោក ឈាង ស៊ីថា ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីជាមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មន្ត្រីជំនាញស្រុក និងអង្គការដៃគូរសរុប ២៧រូប។

អង្គប្រជុំ បានផ្ដោតទៅលើ ៣ចំណុចសំខាន់ៗ ដូចខាងក្រោម ៖

-ផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋតាមគ្រួសារនីមួយៗដែលមានបង្គន់អនាម័យប្រើប្រាស់ និងប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់តាមខ្នងផ្ទះ ។

-ធ្វើការត្រួតពិនិត្យ និងតាមដានផែនការ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងឃុំ និងក្នុងស្រុកសំបូរ

-រៀបចំយុទ្ធសាស្រ្ត និងការវិភាជន៍ថវិការបស់ឃុំសម្រាប់សាងសង់បង្គន់អនាម័យតាមខ្នងផ្ទះ។

បន្ទាប់ពីបានពិភាក្សាចំណុចសំខាន់ៗខាងលើរួចមក អង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម ៖

១-ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរមាន ១០,៥៥០គ្រួសារ មាន ៩,៥៧៣ខ្នងផ្ទះ, ចំណាកស្រុកមាន ២០៩គ្រួសារ, ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់មានចំនួន ៦,៤៧៧ខ្នងផ្ទះ, ខ្នងផ្ទះប្រើបង្គន់អនាម័យរួមមាន  ៤៣៩ខ្នងផ្ទះ, ខ្នងផ្ទះមិនទាន់មានបង្គន់អនាម័យប្រើប្រាស់មានចំនួន ២,៤៤៨ខ្នងផ្ទះ។

២-បានរៀបចំផែនយុទ្ធសាស្រ្ដការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)តាមត្រីមាសនីមួយៗ ដើម្បីជួយជម្រុញឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ និងបង្កើតក្រុមការងារបច្ចេកទេសថ្នាក់ឃុំដើម្បីពន្លឿនការងារ ODFថ្នាក់ឃុំ។

៣-គ្រប់ឃុំបានដាក់ថវិកាសម្រាប់សាងសង់បង្គន់អនាម័យ (ផ្នែកសេវាសង្គម)ជូនគ្រួសារក្រ១ ក្រ២ ទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនីមួយៗ។

ក្នុងឳកាសនោះលោក ធុន ប៉ូឡែន អភិបាលរងស្រុកសំបូរ បានរំលឹកដល់លោក លោកស្រីជាមេឃុំ ប្រធានមណ្ឌលសុខភាពឃុំ និងមន្ត្រីពាក់ព័ន្ធ ឱ្យខិតខំប្រឹងប្រែងគ្រប់វិធីសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់ប្រើប្រាស់ បានកែប្រែទម្លាប់អោយមកប្រើប្រាស់បង្គន់អនាម័យគ្រប់ខ្នងផ្ទះ ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្នានរស់នៅក្នុងផាសុកភាព៕

លោក វ៉ាន់ ថុល ប្រធានមន្ទីរ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ លោក វ៉ាន់ ថុល ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន៤៥រូប ស្រី១២រូប ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការពិភាក្សាលើ របាយការណ៍វឌ្ឍនភាពការងារ ការប្រឈម សំណូមពរ របស់ការិយាល័យជំនាញទាំង១០ និង ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការលទ្ធផលការងារដែលអនុវត្តកន្លងមក ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់ផងដែរ។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងមានសាមគ្គីភាពផ្ទៃក្នុងក្នុងអង្គភាពខ្ពស់៕

លោក ប៊ុន ចាន់ ដឹកនាំក្រុមកីឡាករបាល់ទាត់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់មូលនិធិមិត្តភាពកូរ៉េ អាស៊ី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ Real Soccer Stadium ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ប៊ុន ចាន់ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមកីឡាករបាល់ទាត់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់មូលនិធិមិត្តភាពកូរ៉េ អាស៊ី ដែលដឹកនាំដោយឯកឧត្តម MC Kim ទីប្រឹក្សា រដ្ឋសភាជាតិនៃកម្ពុជា។

ការប្រកួតបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ ហើយក្រុមកីឡាករទាំង ២ ក្រុម មានសាមគ្គីភាព និងភាពស្និទ្ធស្នាល៕

ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការដឹកនាំគណៈកម្មការ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយ ក្រួសមានទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១ កន្លែង ស្ថិតនៅភូមិគោកស្រឡៅ ឃុំចុងជាច ទៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភីវឌ្ឍន៍ជនបទ។

បន្ទាប់ពីបានពិនិត្យទៅលើសោភ័ណ្ឌភាព គុណភាពផ្លូវរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

វគ្គផ្សព្វផ្សាយដល់មន្រ្ដីរាជការក្រោមឱវាទ លើប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដឹកនាំវគ្គផ្សព្វផ្សាយដល់មន្រ្ដីរាជការក្រោមឱវាទ លើប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ ក្នុងវគ្គផ្សព្វផ្សាយនេះ មានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ មន្រ្តីក្របខ័ណ្ឌ និងមន្រ្តីជាប់កិច្ចសន្យា សរុបចំនួន ១៧រូប ស្ដ្រី ០៤រូប។

វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ និងពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបទក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ដែលនេះគឺជាការជម្រុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្តន៍យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ក្នុងឱកាសដឹកនាំវគ្គផ្សព្វផ្សាយនេះ លោកប្រធានមន្ទីរ បានពាំនាំការសាកសួរសុខទុក្ខ ការផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្តីរាជការមន្ទីរនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលសម្រេចបានលទ្ធផលយ៉ាងច្រើនឥតគណនាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទ បន្តការងារអនុវត្តន៍ពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការបង្កើតគណៈកម្មាធិការធនធានមនុស្ស ការបង្កើតបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ការបែងចែកភារកិច្ចការងាររបស់មន្ទីរ ការអភិវឌ្ឍន៍សមត្ថភាពមន្រ្តី ការគោរពវិន័យ និងក្រមសិលធម៌ បន្តការចុះបញ្ជីវត្តមានរបស់មន្រ្តី ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា តាមរយៈវគ្គផ្សព្វផ្សាយនៅព្រឹកនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបន្ដសមិទ្ធផលដែលមានស្រាប់ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣- ២០២៨ ឱ្យទទួលបានជោគជ័យដោយផ្ដោតលើការកាត់បន្ថយវិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដើម្បីជម្រុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចទីជនបទ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមគ្នានេះដែរ អ្នកសម្របសម្រួលបានផ្សព្វផ្សាយចំនួន ០៣ប្រធានបទ៖
១. ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
២. ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម
៣. បទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងការគ្រប់គ្រងធនធានមនុស្ស ។

ជាកិច្ចបញ្ចប់ លោកប្រធានមន្ទីរ ក្នុងនាមជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវធ្វើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពបន្ថែម តាមរយៈការរៀនសូត្រ ស្វែងយល់ស្រាវជ្រាវបន្ថែមទៀតដូចថ្ងៃនេះ យើងទទួលបានការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកសម្របសម្រួល ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត យកទៅអនុវត្តលើការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ដឹកនាំគណៈកម្មការអន្ដរក្រសួងពិនិត្យ និងវាយតម្លៃផ្លូវចំនួន ១៦ខ្សែ នៅស្រុកចំនួន ៦ ក្នុងខេត្តតាកែវ

ខេត្តតាកែវ ៖ នាថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ក្នុងដំណាក់កាលទី ១ លើការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាលក្ខណៈប្រចាំចំនួន ២ខ្សែ ប្រវែងសរុប ៣៧ ៣៣០ ម៉ែត្រ ស្ថិតនៅស្រុកគិរីវង់ និងស្រុកត្រាំកក់ និងផ្លូវក្រាលល្បាយថ្មភ្នំ ក្រួសពណ៌សចំនួន ១៤ខ្សែ ប្រវែងសរុបចំនួន ១០០ ១០០ ម៉ែត្រ ស្ថិតនៅស្រុកត្រាំកក់ ស្រុកគិរីវង់ ស្រុកទ្រាំង ស្រុកសំរោង និងស្រុកកោះអណ្តែត។

បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែង អំពីសោភ័ណ្ឌភាព វឌ្ឍនភាព និងគុណភាពនៃការថែទាំរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកការអនុវត្តបញ្ចប់ដំណាក់កាលទី១ តាមសំណូមពរ ៕

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការដំឡើងធុងចម្រោះជីវៈសាស្រ្តខ្សាច់ ការប្រើប្រាស់ ការគ្រប់គ្រងទឹកឱ្យមានសុវត្ថិភាព នៅតាមគ្រួសារ

ត្តពោធិ៍សាត់៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការដំឡើងធុងចម្រោះជីវៈសាស្រ្តខ្សាច់ ការប្រើប្រាស់ ការគ្រប់គ្រងទឹកឱ្យមានសុវត្ថិភាព នៅតាមគ្រួសារជនបទ ដោយមានកិច្ចសហប្រតិបត្តិការ និងគាំទ្រដោយអង្គការអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យ (WASH SDO) ។

វគ្គបណ្តុះបណ្តាល មានរយៈពេល ៣ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានសិក្ខាកាមចូលរួមសរុបចំនួន១៧ ស្រី៦នាក់។

ជាលទ្ធផល សិក្ខាកាមបានយល់ដឹងអំពីបច្ចេកទេស អត្ថប្រយោជន៍នៃការដំឡើងនិងប្រើប្រាស់ធុងចម្រោះជីវៈសាស្រ្តខ្សាច់ប្រកបដោយអនាម័យ និងគ្រប់គ្រងទឹកឱ្យមានសុវត្ថិភាពតាមគ្រួសារ៕