ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃផ្លូវ ១៤ខ្សែនៅក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ លោក តាន់ វាសនា ប្រធានស្តីទី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និង និងមន្ត្រីបច្ចេកទេស អញ្ជើញទៅត្រួតពិនិត្យ និងវាយតំលៃ លើការងារថែទាំផ្លូវក្រាលល្បាយក្រួស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដំណាក់កាលទី ១  ចំនួន ១៤ខ្សែ ប្រវែងសរុប ១២០ ២៥០ម៉ែត្រ ស្ថិតនៅក្នុងស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

បន្ទាប់ពីបានពិនិត្យ ទៅលើសោភ័ណ្ឌភាព និងគុណភាពរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការអនុវត្តដំណាក់កាលទី ១ នេះ៕

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ  និងលុបបំបាត់ភាពក្រីក្រអាស៊ានលើកទី ១៣ នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នាថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងវិធីសាស្រ្តផ្អែកលើការពង្រឹងសហគមន៍ និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់នៃការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងអាស៊ាន។​​​ កិច្ចប្រជុំក៏បានទទួលស្គាល់ពីកត្តាសុខសន្តិភាព និរន្តរភាព​ គឺជាកត្តាសំខាន់មួយមិនអាចខ្វះបានក្នុងការកសាងសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង​ និងមានស្ថិរភាព ព្រមទាំងធ្វើឱ្យប្រសើឡើងក្នុងការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ។

កិច្ចប្រជុំបានលើកឡើងពីតម្រូវការក្នុងការផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធនៅកម្រិតសហគមន៍ រួមមានស្ត្រី យុវជន និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាដល់ការផ្តល់ការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតទិន្នន័យ ការប្រមូល និងការវិភាគ ដើម្បីជូនដំណឹងដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងក្នុងការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ។​ ដោយឡែក​ កត្តាដែលបណ្តាលមកពីការជះឥទ្ធិពលដោយកូវីដ១៩ (COVID-19) និងបញ្ហាដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានដោះស្រាយ។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងមានការឯកភាពគ្នាខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន៕

ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធស្ថានីយទឹកផឹកសុវត្ថិភាពដែលគ្មានការបញ្ចេញកាបូន និងមានលក្ខណៈវិមជ្ឈការ នៅក្នុងប្រទេសកម្ពុជា

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី  ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធស្ថានីយទឹកផឹកសុវត្ថិភាពដែលគ្មានការបញ្ចេញកាបូន និងមានលក្ខណៈវិមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កម្មវិធីនេះបានរៀបចំដោយអង្គការ ទឹកស្អាត ១០០១ ដោយសហការ និងសម្របសម្រួលជាមួយមូលនិធិ Veolia ក្រុមហ៊ុន Green Citizen និង Tergys និងបានការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសបារាំង។

គោលបំណង នៃកម្មវិធីនេះ គឺដើម្បីបអរសាទរការសម្ភោធជាផ្លូវការ នៃស្ថានីយទឹកផឹកសុវត្ថិភាពដែលគ្មានការបញ្ចេញកាបូន និងមានលក្ខណៈវិមជ្ឈការនៅក្នុងប្រទេសកម្ពុជា និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការគាំទ្រក្នុងការអនុវត្តគម្រោង៕

ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ​ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលេីការងារស្ថាបនាផ្លូវចាក់បេតុង ០១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ​ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ៩កើត ខែកក្ដឹក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និង ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារអន្តរក្រសួង  ដែលមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងភាគីទទួលការ និងមន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបប្រមាណ ២០នាក់ ចុះត្រួតពិនិត្យ និងវាយតម្លៃលេីការងារស្ថាបនា លើផ្លូវចាក់បេតុង ០១ខ្សែ ដូចខាងក្រោម៖

-ផ្លូវបេតុង១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ ដោយមានការសាងសង់លូមូលមុខមួយចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង មានទីតាំងស្ថិតនៅភូមិចិន និងភូមិកន្សែងលេី ឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប ។

ជាលទ្ធផលគម្រោងបានបញ្ចប់ ១០០% អនុវត្តដោយនាយកដ្ឋាន ស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ក្រុមការងារសុខភាព អនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់​ពាសវាលពាសកាលកម្រិតខ្ពស់​ (ODF+) ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី សុខសាន្ត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរ សហការជាមួយរដ្ឋបាលក្រុងតាខ្មៅដឹកនាំដោយ លោក សុខ រក្សា អភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ រៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនសមាសភាពក្រុមការងារ​ថ្នាក់​សង្កាត់ និងថ្នាក់ក្រុង ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់​ពាសវាលពាសកាលកម្រិតខ្ពស់​ (ODF+) ក្នុងក្រុងតាខ្មៅ។

សមាសភាពដែលអញ្ជើញចូលរួមមាន ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងសាលារៀនក្នុង​សង្កាត់ តំណាងមណ្ឌលសុខភាពក្នុងសង្កាត់ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ១០សង្កាត់ ក្នុងក្រុងតាខ្មៅ និងសមាជិក សមាជិកា​ក្រុមការងារ​(DWG) ក្រុង  សរុប ៨៨ នាក់ ស្រី៣២ នាក់ ដែលរៀបចំនៅសាលប្រជុំសាលាក្រុងតាខ្មៅ។

វគ្គបណ្តុះ​បណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីតម្រង់ទិសស្តីពី ការចុះអនុវត្តសកម្មភាពផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់  (ODF+) ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមលើក​កម្ពស់​អនាម័យជនបទប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

ក្នុងនោះក៏មានការធ្វើបទបង្ហាញដោយ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាពជនបទ ពាក់ព័ន្ធនឹងការចុះការផ្ទៀងផ្ទាត់ស្ថានភាព​បញ្ចប់ការ​បន្ទោ​បង់​ពាសវាលពាសកាលកម្រិតខ្ពស់​(ODF+) ជូនសិក្ខាកាមជាថ្នាក់ភូមិ ឃុំ/សង្កាត់ និងក្រុងទាំងអស់។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានភាពស្និទស្នាលក្នុងបរិយាកាសដ៏រីករាយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពីសិក្ខាកាមយ៉ាងផុសផុល និងទទួលបានជោគជ័យ៕

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ជួបប្រជុំជាមួយក្រុមបេសកកម្មស្វែងរកការពិតរបស់ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Korea Eximbank) ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៤ (RRIP IV)

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងកែលម្អផ្លូវជនបទជំហានទី៤ (RRIP IV) ជួបប្រជុំ (Kick off Meeting) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Online) ជាមួយក្រុមបេសកកម្មស្វែងរកការពិតរបស់ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Korea Eximbank) ដឹកនាំដោយលោក KIM Youn-suk, Director of EDCF Operation Department 1 នៃការិយាល័យកណ្តាលរបស់ Korea Eximbank និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៦ គឺខេត្តកំពត តាកែវ កំពង់ស្ពឺ កណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ដើម្បីស្វែងរកការពិត (Fact-Finding) សម្រាប់គម្រោងកែលម្អផ្លូវជនបទជំហានទី៤ ។  សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ក្រុមបេសកកម្មរបស់ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Korea Eximbank) ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៦ សរុបចំនួន ២៣រូប។

នៅក្នុងកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើកម្មវិធីលម្អិតសម្រាប់ក្រុមបេសកកម្មរបស់ធនាគារអាហរ័ណ នីហរ័ណកូរ៉េ និងក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងនៅខេត្តគោលដៅដែលបានស្នើសុំសម្រាប់គម្រោងដែលបានគ្រោងសម្រាប់ថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងកម្មវិធីជួបប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងរបាយការណ៍នៃកិច្ចប្រជុំផងដែរ៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាលកម្ពុជា៕

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ ម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ទុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌។

ខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ គឺបានផ្តោតលើវិស័យអាទិភាពចំនួន ៧ គឺ កសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអប់រំ​ និងការលើកកម្ពស់ចំណេះដឹងសាធារណៈ៕

ពិធីសម្ភោធ និងប្រគល់ស្ថានីយផលិតទឹកស្អាតជូនសហគមន៍ប្រេីប្រាស់ ១ស្ថានីយ មានទីតាំងនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈុន សុផាត ប្រធានការិយាល័យ ផ្គត់ផ្គង់ទឹកជនបទ តំណាងលោក ជិន រដ្ឋា ប្រធានមន្ទីរ បានចូលរួមពិធីសម្ភោធ និងប្រគល់ស្ថានីយផលិតទឹកស្អាតជូនសហគមន៍ប្រេីប្រាស់ចំនួន ១ស្ថានីយ ។

ពិធីប្រគល់ស្ថានីយផលិតទឹកស្អាតនេះមានទីតាំងនៅ​ ភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលនៃគណៈអភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនៃ គណ:អភិបាល ខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ម៉ាទីនវ៉ាវរ៉ា ឯកអគ្គរដ្ឋទូត ស្ថានទូតសាធារណៈរដ្ឋឆែក រៀបចំដោយអង្គការជីវិតថ្លៃថ្នូរ (LWD) គាំទ្រថវិកាពីគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យរបស់ភ្នាក់ងារអភិវឌ្ឍន៍សាធារណៈរដ្ឋឆែក ប្រចាំនៅកម្ពុជា អស់ទឹកប្រាក់ចំនួន ២៤ម៉ឺនដុល្លាអាមេរិក និងមានអ្នកចូលរួមសរុប ៣៧៥នាក់ ស្រី ១៨៧នាក់។

ក្រុមការងារកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចជង នៅខេត្តកោះកុង

ខេត្តកោះកុង៖ នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដឹកនាំដោយ លោក កាន់ សុធន់ អនុប្រធានមន្ទីរ និងលោក ឃុត ថាន់ណារក្ស  ប្រធានការិយាល័យជនជាតិដើមភាគតិច បានចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ដើម្បីកំណត់អត្តសញ្ញាណ បានចំនួន ២៦ គ្រួសារ សរុប ៩១នាក់ ស្រ្តី ៥០នាក់ ដែលរស់នៅក្នុងភូមិប្រឡាយ ឃុំប្រឡាយស្រុកថ្មបាំង ខេត្តកោះកុង៕

STAKEHOLDER ENGAGEMENT PLAN November 2023

This document is called the Stakeholder Engagement Plan (SEP) and it has been prepared by the Ministry of Public Works and Transport (MPWT) and the Ministry of Rural Development (MRD) for the Cambodia Road Connectivity Improvement Project (CRCIP) by their respective Environment and Social Offices (ESO), with support from international and national consultants. The SEP applies to all investments under the CRCIP and Additional Financing (AF) financed by the World Bank (WB). The SEP has been prepared in line with the World Bank’s Environment and Social Framework. This document is considered a living document and shall be modified and updated in line with the changing situation or scope of the activities. The most recent update has been made for the purposes of the AF. The Executive Summary should not be relied for full information; the full SEP should be read for this purpose.

Stakeholder Engagement Plan