ឯកឧត្តម ទ្រី មេង ដឹកនាំគណកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលផ្លូវក្រាលក្រួសក្រហម ចំនួន ១៤ខ្សែ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏័ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលផ្លូវក្រាលក្រួសក្រហមជាលក្ខណៈប្រចាំជំហានទី១ ចំនួន ១៤ខ្សែ មានប្រវែងសរុប ១០១,៤៥ គីឡូម៉ែត្រ ដែលជាលទ្ធផលសម្រេចបាន ៩០% ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស ដើម្បីឱ្យផ្លូវមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង និងដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ ជាពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ៕

នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសមិទ្ធផលគម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករដែលមានចំណូលទាប ក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានអនុវត្តនៅស្រុកគិរីវង់ ខេត្តតាកែវ

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសមិទ្ធផលគម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករដែលមានចំណូលទាប ក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានអនុវត្តនៅស្រុកគិរីវង់ ខេត្តតាកែវ។

សិក្ខាសាលានេះបានដំណើរការ និងប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃ នៅ KN&N Resort ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោកនាយកគម្រោង លោកប្រធានគម្រោង មន្រ្តីអនុវត្តគម្រោង មន្ត្រីនាយកដ្ឋាន និងលោក-លោកស្រី អញ្ជើញមកពីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ទាំង២៥ ដែលមានសិក្ខាកាមសរុបចំនួន៨៧នាក់។

គោលបំណង នៃសិក្ខាសាលានេះជាការចែករំលែកបទពិសោធន៍នៃការអនុវត្តសម្មភាពការងារ និងសមិទ្ធផលផ្សេងៗរបស់គម្រោងដែលបានអនុវត្តកន្លងមកតាមរយៈគម្រោងនេះដែលជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាព និងសន្តិសុខស្បៀង ការបង្កើតសកម្មភាពរួម និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងចំណោមកសិករ និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រាក់ចំណូល សន្សំដើមទុន  ព្រមជាមួយការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន៕

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រែកក្តាម ខេត្តកណ្ដាល ទៅដល់ខេត្តបាត់ដំបង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រែកក្តាម ខេត្តកណ្ដាល ទៅដល់ខេត្តបាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ ជាមួយនោះក៏មានការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រើប្រាស់រយៈពេល សាងសង់សរុបចំនួន ៧ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន៕

សេចក្តីប្រកាសពត៌មានស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ​ និងលុបបំបាត់ភាពក្រីក្រអាស៊ានលេីកទី​ ១៣

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅរសៀល ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ

បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម លឹម អ៉ីវ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សរុបចំនួន៤២ រូប ។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានធ្វើការផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម :

១.បានពាំនាំនូវសេចក្តីនឹករលឹក និងការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម។

២.គោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

៣.ការអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ។

៤.ការពង្រឹងគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តី ។

៥.ការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងការពង្រឹងប្រសិទ្ធិភាពស្ថាប័ន។

៦.ការបង្កើនការផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានកន្លងមក អោយបានទូលំទូលាយ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។

៧.ការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងអង្គភាព អោយបានរឹងមាំ។

អង្គប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម ជាម ហ៊ីម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកោះកុង

ខេត្តកោះកុង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៩ ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

កិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងជំរុញខ្នងផ្ទះប្រីប្រាស់បង្គន់រួមឱ្យសាងសង់បង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន នៅឃុំគគីធំ និងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គឹម យូរី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានចុះប្រជុំផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងជំរុញខ្នងផ្ទះប្រីប្រាស់បង្គន់រួមឱ្យសាងសង់បង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន នៅឃុំគគីធំនិងឃុំឈើទាល ស្រុកកៀនស្វាយ ដោយមានការសហការចូលរួមពី លោកមេឃុំ លោកស្រី គកនក ឃុំ និងមេភូមិ ១៥ភូមិ សរុបចំនួន ៣០នាក់ ស្រី៥នាក់។

ជាកិច្ចចាប់ផ្ដើម លោក គឹម យូរី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានមានមតិសំណេះសំណាល និងបង្ហាញពីគោលបំណងក្នុងការចុះប្រជុំផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងជំរុញខ្នងផ្ទះប្រើប្រាស់បង្គន់រួមឱ្យសាងសង់បង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានពិនិត្យលើសៀវភៅទិន្នន័យអនាម័យភូមិ ឃុំ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យគ្រាដើម និងទិន្នន័យបច្ចុប្បន្នភាព។

បន្ទាប់មកក្រុមការងារក៏បានធ្វើការសាកសួរលោកមេឃុំ គកនកឃុំ និងលោកមេភូមិ និងទទួលបានលទ្ធផលដូចខាងក្រោម៖

– ឃុំគគីរធំ មានចំនួន ៧ភូមិ ដែលអត្រាគ្របដណ្ដប់អនាម័យលើស ៩៥% និងអត្រាអនាម័យគ្រប់ដណ្ដប់របស់ឃុំគគីធំ មានចំនួន ៩៩.១%។

-ឃុំឈើទាល មានចំនួន ៨ភូមិ ដែលអត្រាគ្របដណ្ដប់អនាម័យលើស ៩៥% និងអត្រាអនាម័យគ្រប់ដណ្ដប់របស់ឃុំគគីធំ មានចំនួន ៩៩.៥%។

ជាកិច្ចបញ្ចប់ លោក គឹម យូរី បានគោរពអរគុណដល់រដ្ឋបាលឃុំគគីរធំ និងឃុំឈើទាល ដែលបានសហការចូលរួម យ៉ាងសស្រាក់សស្រាំលើការងារផ្ទៀងផ្ទាត់ទិន្នន័យអនាម័យ ជាពិសេសក្នុងការចុះជំរុញតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ឱ្យចូលរួមសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន។

ចុងក្រោយ លោក គឹម យូរី បានណែនាំបន្ថែមចំពោះចំណុចដែលគួរយកចិត្តទុកដាក់បន្តដូចជា៖

-ការសាងសង់បង្គន់អនាម័យប្រកបដោយបរិយាបន្ន ជាពិសេសនៅកន្លែងផ្ដល់សេវាសាធារណៈ។

-ការសម្អាតអនាម័យបរិស្ថាន។

-ការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព។

មន្រ្ដីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិ និងជំរុញឱ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប្រើប្រាស់បង្គន់អនាម័យរួម  ឱ្យមកសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកល្វាឯម ខេត្តកណ្តាល លោក សុខ ផា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះទៅផ្ទៀងផ្ទាត់ទិន្នន័យភូមិ និងជំរុញឱ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប្រើប្រាស់បង្គន់អនាម័យរួម  ឱ្យមកសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ ។

អញ្ជើញចូលរួមមាន លោកមេឃុំគកនក ប្រធាន អនុប្រធានភូមិ និងសមាជិកភូមិ សរុប ៣០ នាក់ ស្រី ១០នាក់ ។

ជាកិច្ចចាប់ផ្ដើម លោក សុខ ផា បានធ្វើបទបង្ហាញពី គោលបំណងនៃការចុះផ្ទៀងផ្ទាត់ទិន្នន័យអនាម័យភូមិ និងជំរុញឱ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលបានប្រីប្រាស់បង្គន់បង្គន់អនាម័យរួម ឱ្យមកសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួនវិញ។

បន្ទាប់មក ក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់សៀវភៅទិន្នន័យអនាម័យតាមភូមិ ឃុំ ដែលជាលទ្ធផលបានបង្ហាញឱ្យឃើញថា ៖ ឃុំបឹងគ្រុំ ឃុំទឹកឃ្លាំង ឃុំភូមិធំ ឃុំព្រែករៃ ឃុំថ្មគរ ឃុំកោះរះ ឃុំកោះកែវ និងឃុំល្វាសរ ស្រុកល្វាឯម គឺមានអត្រាអនាម័យគ្របដណ្ដប់លើសពី ៩៥%  ដែលអាចឈានទៅដល់ការចុះផ្ទៀងផ្ទាត់ស្ថានភាពអនាម័យបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។

ក្នុងនោះក្រុមការងារក៏បានរកឃើញផងដែរនូវរដ្ឋបាលឃុំមួយចំនួន បាននិងកំពុងសាងសង់បង្គន់អនាម័យ ប្រកបដោយរិយាបន្នជូនដល់ជនមានពិការភាព ចាស់ជរា និងស្ត្រីមានផ្ទៃពោះជាដើម។

បន្ទាប់ពីបាន ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអនាម័យរួចមក ក្រុមការងារបានធ្វើការណែនាំបន្ថែមដល់រដ្ឋបានឃុំ ប្រធានភូមិដូចខាងក្រោម៖

-ត្រូវសាងសង់បង្គន់អនាម័យប្រកបដោយបរិយាបន្ននៅកន្លែងផ្ដល់សេវាសាធារណៈ។

-ចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃការមានបង្គន់អនាម័យប្រើប្រាស់

– ចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការទទួលទានទឹកមានសុវត្ថិភាព ។

-ផ្សព្វផ្សាយពីការសម្អាតបរិស្ថានអនាម័យនៅក្នុងមូលដ្ឋាន។