ឯកឧត្ដម ជាម ហ៊ីម អញ្ជើញជាអធិបតីភាពកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
- ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៤:០៤ ល្ងាច
- សកម្មភាពក្រសួង
ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប នាយកដ្ឋានថែទាំសុខភាពជនបទសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីនិងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមមរាប លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលរងក្រុង-ស្រុកទាំងង ១២ ក្នុងខេត្ត ព្រមទាំងអង្គការដៃគូរ មានអ្នកចូលរួមសរុបចំនួន៤០នាក់។
គោលបំណងរួមនៃកិច្ចប្រជុំ
១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្តសៀមរាប
២. ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF កន្លងមក និងរំលឹកអំពីសូចនាករ ODF វិធីសាស្រ្តកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ
៣. ដើម្បីពិនិត្យកំណត់គោលដៅ ODF ខេត្តសៀមរាប ឡើងវិញ ឈានទៅសម្រេចឱ្យបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤
ជាលទ្ធផលកិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖
១. បានធ្វើបទបង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនាំនិងពិនិត្យកំណត់គោលដៅ ODF ខេត្តសៀមរាបឡើងវិញ ដើម្បីសម្រេចបាននៅដំណាច់ឆ្នំា២០២៤
២. ពិភាក្សាលើបញ្ហាប្រឈម ស្រុកដែលមានបញ្ហាជាមួយតំបន់អប្សារា និងដំណោះស្រាយដែលដឹកនំាដោយប្រធាន PWG
៣. រដ្ឋបាលក្រុង-ស្រុកទាំង ១២ បានធ្វើការតាំងចិត្តឱ្យសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដូចខាងក្រោម ៖
– ស្រុកចំនួនបីទទួលបាន ODF រួមមានស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកបន្ទាយស្រី
– ចំពោះក្រុង និងស្រុកទាំង៩ទៀត នឹងសម្រេចបាន ODF នៅចុងឆ្នាំ២០២៤៕