មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុងសំពៅពូនរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​កម្រិត​ខ្ពស់ (ODF+) ជូនក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់សង្កាត់  និងថ្នាក់ក្រុង

ចែលរំលែក

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាល​ប្រជុំ​សាលាក្រុងសំពៅពូន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលក្រុងសំពៅពូនរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​កម្រិត​ខ្ពស់ (ODF+) ជូនក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់សង្កាត់  និងថ្នាក់ក្រុង ក្រោមអធិបតីភាព លោក ហៃ ដាន អនុប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទខេត្តកណ្តាល និង លោកស្រី ទេស សុភាព  អភិបាលរង នៃគណៈអភិបាលក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោក ឈុន ចានរិទ្ធី អភិបាលរងក្រុងសំពៅពូន ទទួលបន្ទុកការងារវិស័យអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញចំណុះរដ្ឋបាលសាលាក្រុង លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងនាយក​សាលារៀន តំណាងមណ្ឌលសុខភាព តំណាងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៥សង្កាត់ សរុប ៥៧នាក់ ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទបង្ហាញដោយ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាព លោកស្រី ស្រេង ដាណេ អនុប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ លោក គូយ ចន្ទី និង លោក សុខ វិសាល  មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពជូនក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅថ្នាក់សង្កាត់  និងថ្នាក់ក្រុង សម្រាប់ត្រៀមចុះអនុវត្តការងារផ្ទៀងផ្ទាត់ (ODF+)នៅថ្នាក់ភូមិ និងថ្នាក់សង្កាត់  ឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបញ្ចាក់ពីសុក្រិតភាពលើការធានាអះអាងតាមរយៈសេចក្តីប្រកាស (ODF+)ផ្ទៃក្នុងរបស់ភូមិ និងសង្កាត់។

សិក្ខាលានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងផុលផុសពីសិក្ខាកាមដោយមានការលើកឡើងជាសំណួរ និងចម្លើយប្រកបដោយអន្តរសកម្មវាង​អ្នកធ្វើបទបង្ហាញរបស់ក្រុមការងារមន្ទីរ និងសិក្ខាកាមអ្នកចូលរួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានទទួលនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះរួចមកក្រុមការងារមន្ទីរ និងក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់សង្កាត់ និងថ្នាក់ក្រុង បានធ្វើការអនុម័តនិងដាក់ផែនការសកម្មភាពបន្តសម្រាប់ចុះធ្វើការ​ផ្ទៀងផ្ទាត់​ការងារ (ODF+) នៅតាមបណ្តាភូមិ និងសង្កាត់នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខឆាប់ៗនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ