ក្រុមការងារសុខភាព អនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់​ពាសវាលពាសកាលកម្រិតខ្ពស់​ (ODF+) ក្នុងក្រុងតាខ្មៅ

ចែលរំលែក

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី សុខសាន្ត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរ សហការជាមួយរដ្ឋបាលក្រុងតាខ្មៅដឹកនាំដោយ លោក សុខ រក្សា អភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ រៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនសមាសភាពក្រុមការងារ​ថ្នាក់​សង្កាត់ និងថ្នាក់ក្រុង ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់​ពាសវាលពាសកាលកម្រិតខ្ពស់​ (ODF+) ក្នុងក្រុងតាខ្មៅ។

សមាសភាពដែលអញ្ជើញចូលរួមមាន ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងសាលារៀនក្នុង​សង្កាត់ តំណាងមណ្ឌលសុខភាពក្នុងសង្កាត់ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ១០សង្កាត់ ក្នុងក្រុងតាខ្មៅ និងសមាជិក សមាជិកា​ក្រុមការងារ​(DWG) ក្រុង  សរុប ៨៨ នាក់ ស្រី៣២ នាក់ ដែលរៀបចំនៅសាលប្រជុំសាលាក្រុងតាខ្មៅ។

វគ្គបណ្តុះ​បណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីតម្រង់ទិសស្តីពី ការចុះអនុវត្តសកម្មភាពផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់  (ODF+) ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមលើក​កម្ពស់​អនាម័យជនបទប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

ក្នុងនោះក៏មានការធ្វើបទបង្ហាញដោយ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាពជនបទ ពាក់ព័ន្ធនឹងការចុះការផ្ទៀងផ្ទាត់ស្ថានភាព​បញ្ចប់ការ​បន្ទោ​បង់​ពាសវាលពាសកាលកម្រិតខ្ពស់​(ODF+) ជូនសិក្ខាកាមជាថ្នាក់ភូមិ ឃុំ/សង្កាត់ និងក្រុងទាំងអស់។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានភាពស្និទស្នាលក្នុងបរិយាកាសដ៏រីករាយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពីសិក្ខាកាមយ៉ាងផុសផុល និងទទួលបានជោគជ័យ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ