មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ប្រជុំបូកសរុបការងារនិងលើកទិសដៅបន្តឆ្នាំ២០២៤ ដើម្បីឈាននៅសម្រេចគោលដៅខេត្ត ODF Plusនៅឆ្នាំ២០២៥
- ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ របស់មន្ទីរ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដោយមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រធានការិយាល័យ និងអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលក្រុងស្រុកទាំង១៣ សរុបចំនួន ៦៧រូប ស្ដ្រី ១៤រូប។
កិច្ចប្រជុំ១ថ្ងៃពេញនេះមានរបៀបវារ:សំខាន់ៗដូចជា ការធ្វើបទបង្ហាញអំពី សមិទ្ធផលដែលសម្រេចបាន និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អង្គការដៃគូអភិវឌ្ឍន៍ និងការិយាល័យជំនាញរបស់មន្ទីរ និងកិច្ចពិភាក្សាយ៉ាងផុសផុល។
ជាពិសេស កិច្ចប្រជុំបានបូកលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ខេត្ត ព្រមទាំងបានដាក់ចេញនូវផែនការបន្ដដើម្បីឱ្យវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធិផល និងឈានទៅសម្រេចគោលដៅខេត្ត ODF Plus កម្រិតខ្ពស់ នៅឆ្នាំ២០២៥ ខាងមុខ តាមរយៈការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពការងារ និងការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងមន្ទីរ អង្គការដៃគូ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើនការងារឱ្យរឹតតែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល មានសាមគ្គីភាព និងការទទួលខុសត្រូវ នៃកិច្ចសហប្រតិបត្ដិការខ្ពស់៕