
ក្រុមការងារនាយកដ្នានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៥រូបបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអង្កេតអំពីបង្គន់អនាម័យ
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារនៃនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៥រូប បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអង្កេតអំពីបង្គន់អនាម័យ ដែលរៀបចំដោយ ក្រសួងផែនការ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធរួមមាន: ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គការដៃគូមួយចំនួនទៀតមានដូចជា: អង្គការ iDE, UNICEF, Wateraid, EMW សរុបចំនួន ២៤រូប ស្រី៣រូប។
សិក្ខាសាលានេះមានគោលបំណងដើម្បីប្រមូលធាតុចូលពីអ្នកចូលរួមសម្រាប់យកទៅអង្កេតពិនិត្យបង្គន់អនាម័យ នៃក្របខណ្ឌតាមដានរួមគ្នាជាសាកលស្តីពីការប៉ានស្មានសូចនាករទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
លទ្ធផល:
១.អ្នកចូលរួមទទួលបានចំណេះដឹងបន្ថែមពីនិយមន័យនៃអាងស្តុក ឬរណ្តៅបង្គន់ ។
២.តំណាងនាយដ្ឋានថែទាំសុខភាពជនបទបានចែករំលែកបទពិសោធន៍ និងប្រភេទបង្គន់អនាម័យដែលប្រជាពលរដ្ឋបានសាងសង់កន្លងមកនៅកម្ពុជា។
៣.មានការបែងចែកសិក្ខាកាមជាពីរក្រុមឱ្យពិភាក្សារួមគ្នាដើម្បីប្រមូលធាតុចូលសំខាន់ៗលើកម្រងសំណួរសម្រាប់យកទៅអង្កេតលើការប្រើប្រាស់បង្គន់អនាម័យរបស់ប្រជាពលរដ្ឋទូទាំងប្រទេដែលគ្រោងនឹងអនុវត្តក្នុងខែវិច្ឆិកាឆ្នាំ២០២៣ ទៅលើខ្នងផ្ទះចំនួន 3600 សាលារៀនចំនួន 300 និងមណ្ឌលសុខភាពចំនួន 293 កន្លែង ។