ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែប្រសើរឡើង

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកា និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។  យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចមាន ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ Korean Eximbank ដែលតែងតែគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាច្រើនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍តាំងពីអាណត្តិទី៦​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ក្រោមម្លប់សុខសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមមានគម្រោង៖ Rural Roads Improvenment Project-I-RRIP និង Rural Roads Improvements Project II-RRIP គម្រោងទាំងពីរនេះបានបញ្ចប់រួចរាល់ក្នុងឆ្នាំ​២០១៥ និងឆ្នាំ​២០២២។ គម្រោងRural Roads Improvements Project III-RRIP យើងកំពុងអនុវត្តបានប្រមាណ ៤៦% ហើយមកទល់នឹងពេលនេះ។ ទន្ទឹមនឹងនេះនៅមានគម្រោងជាច្រើនទៀតដែលក្រសួងកំពុងអនុវត្ត និងទទួលបានជំនួយបន្ថែមពីធនាគាកូរ៉េក្នុងពេលនេះ ក៏ដូចជាទៅឆ្នាំខាងមុខបន្តទៀត។

ជាការឆ្លើយតប លោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី នាពេលនោះ។ លោកស្រីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយកម្ពុជាជាប់ជាចំណាត់ថ្នាក់លេខ ២ ក្នុងការទទួលបានជំនួយច្រើនជាងគេបង្អស់ពី Korean Eximbank។  លោកស្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាកន្លងមក និងប្រកាសជំហរបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកា និងសហការី ថាក្រសួងអភិវឌ្ឍន៍ជនបទបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាដៃគូជាមួយ Korean Eximbank  នៅក្នុងអាណត្តិទី៧ នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ភាគីមិត្តកូរ៉េ ដែលតែងតែជួយគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា និងថ្លែងអំណរគុណលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំនៅកម្ពុជា និងសហការីដែលអញ្ជើញមកក្នុងពេលនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ