ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី នីតិវិធីគ្រប់គ្រងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ២:០៥ ល្ងាច
- Uncategorized
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី នីតិវិធីគ្រប់គ្រងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក និងមន្ដ្រីបច្ចេកទេសទទួលបន្ទុក សរុបចំនួន ១៦រូប ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតលោក ផេង សំបូរ ប្រធាននាយកនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានឡើងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ដ ក្នុងនោះក៏មានការចូលរួមយោបល់ពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកទីប្រឹក្សាបច្ចេកទេស និងសមាជិកអង្គប្រជុំ លើនីតិវិធីនិងកិច្ចការងារអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងឱកាសនោះ ឯកឧត្ដម ឈឹម សៅគី បានផ្ដល់អនុសាសន៍ណែនាំនិងកំណត់ទិសដៅការងារលើការគ្រប់គ្រងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលចំនួន ០៥ចំណុច ដូចខាងក្រោម៖
– ធ្វើបច្ចុប្បន្នភាពបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ
– រៀបចំគោលការណ៍ស្ដីពី បែបបទនិងនីតិវិធីនៃការស្នើសុំ របស់អង្គការមិនមែនរដ្ឋាភិបាល ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងឯកសារកិច្ចព្រមព្រៀងដែលមានស្រាប់
– ពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការមិនមែនរដ្ឋាភិបាល
– តាមដាន និងត្រួតពិនិត្យលើដំណើរការនៃការអនុវត្តសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្ទៀងផ្ទាត់វឌ្ឍនភាពការងាររបស់អង្គការ
– ពិនិត្យមើលនីតិវិធីនៃការស្នើសុំលើកលែងការបង់ពន្ធ ក្នុងការនាំចូលសម្ភារ និងឧបករណ៍បច្ចេកទេសផ្សេងៗ សម្រាប់ប្រតិបត្តិការរបស់អង្គការ