ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីបើក -បិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៦:០៣ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្ដមអគ្គាធិការ ព្រមទាំង លោក លោកស្រីអគ្គនាយករង អគ្គាធិការរង និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង ២៥ ដែលជាសិក្ខាកាមសរុបចំនួន ៨៦រូប ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទៅមោទកក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
ឯកឧត្ដម ឈឹម សៅគី បានជម្រាបជូនពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះសម្រាប់ពង្រឹងសមត្ថភាពមន្រ្ដីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានគ្រូឧទ្ទេសធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ភាពជាអ្នកដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
នៅល្ងាចថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ដោយបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។ ជាមួយគ្នា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ បន្ដលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ប្រកបដោយគុណាធិបតេយ្យ ដែលជាចលករដ៏សំខាន់ជួយឱ្យក្រសួងសម្រេចបានគោលដៅ និងចក្ខុវិស័យ ព្រមទាំងធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិទាំងមូល។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយភាពជោគជ័យ៕