លោកជំទាវ លីម មុយឡេង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ  ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ទទួលបន្ទុកការងារអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុប ៥៤ នាក់ ស្រី ២១នាក់។

បន្ទាប់ពី លោកស្រី ជី ថាវី ប្រធានមន្ទីរ បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៩ខែកន្លងមក ជូនគណៈអធិបតី និងអង្គពិធីទាំងមូល ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកជំទាវ រដ្ឋលេខាធិការ និងប្រតិភូអមដំណើរ និងបានជម្រាបជូនផងដែរអំពី ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្តខេត្តកណ្តាល ក្នុងនោះក៏បានគូសបញ្ជាក់ អំពីការអភិវឌ្ឍ រីកចម្រើនល្អប្រសើរលើគ្រប់វិស័យនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងស្នើសុំឱ្យបន្តនិរន្តរភាពការងារ ដោយឆន្ទៈមោះមុត បម្រើការងារដោយសុចរិតភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុងខេត្តកណ្តាល ពិសេសមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ទើបអាចសម្រេចបានជោគជ័យធំធេងគ្រប់ភារកិច្ច។  លោកជំទាវ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ធ្វើការរាយការណ៍ ក្នុងករណីជួបប្រទះបញ្ហាប្រឈមនានា និងត្រូវលើកជាសំណើ ឬសំណូមពរផ្សេងៗ និងស្នើសុំគោលការណ៍ពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីមានវិធានការដោះស្រាយទាន់ពេលវេលាក្នុងក្របខ័ណ្ឌជាគ្រួសារអភិវឌ្ឍន៍ជនបទ។

ពិធីសំណេះសំណាល បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាពខ្ពស់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ