លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ” នៅខេត្តឧត្តរមានជ័យ
- ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានកុ្រមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបនខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ចំនួន ២០រូប និងស្ត្រី ០១ រូប ។
ជាកិច្ចចាប់ផ្តើម លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរាយការណ៍ស្ដីពី វឌ្ឍនភាព និងលទ្ធផលការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ។ បន្ទាប់មក លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត ក្នុងនាម ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកជំទាវគណៈអធិបតី បានចំណាយពេលវេលាខេត្តឧត្តរមានជ័យ ក្នុងនោះលោកជំទាវអភិបាលរងខេត្ត បានបង្ហាញពីស្ថានភាពស្ត្រីក្នុងខេត្តឧត្តរមានជ័យ ។
បន្ទាប់ពីមតិចាប់អារម្មណ៍ របស់លោកជំទាវ មុំ ពុទ្ធីតា រួចមក លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានកុ្រមការងារយេនឌ័រ បានមានប្រសាសន៍ថា យេនឌ័រ គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាក្នុងគួ្រសារផងដែរ ។
អង្គសិក្ខាសាលា បានផ្ដោតលើបទបង្ហាញ ដោយវាគ្មិនដូចខាងក្រោម៖
១- លោក នង សុវណ្ណរស្មី អនុប្រធាននាយកដ្ឋាន និងជាសមាជិកក្រុមការងារយេនឌ័រ បានអានអនុសាសន៍១២ចំណុច របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនីតិកាលទី៦ ស្តីពី លទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។
២- លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជាអនុប្រធានកុ្រមការងារយេនឌ័រ បានធ្វើបទបង្ហាញ ស្តីអំពី អនុសញ្ញា ស៊ីដ (CEDAW) និងភាពអង់អាចក្នុងវិស័យសេដ្ឋកិច្ចដល់ស្ត្រី ។
៣- លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ បានធ្វើបទបង្ហាញ ស្តីពីទស្សនៈយេនឌ័រ និយមន័យយេនឌ័រ និងភេទ តួនាទីយេនឌ័រ, តួនាទីភេទ, ភាពខុសគ្នារវាងភេទ និងយេនឌ័រ, សមភាព និងសមធម៌យេនឌ័រ ភាពខុសគ្នារវាង ទស្សនៈយេនឌ័រ និងអនុសញ្ញា ស៊ីដ និងរដ្ឋភាគី ក្នុងវិស័យអភិវឌ្ឍន៍ជនបទ លោកជំទាវបានសំណូមពរ ដោយជំរុញឱ្យស្ត្រីមានការចូលរួម និងយល់ពីតម្លៃរបស់ស្ត្រី ដើម្បីចូលរួមក្នុងកិច្ចការសង្គម ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ។
ជាទីបញ្ចប់ លោកជំទាវ រដ្ឋលេខាធិការ បានធ្វើការកោតសរសើរចំពោះការចូលរួមយកចិត្តទុកដាក់ស្តាប់ ដោយមានមតិផ្តាំផ្ញើថា សព្វថ្ងៃនេះស្ត្រីមានតួនាទីសំខាន់ជាច្រើននៅក្នុងស្ថាប័នរដ្ឋ ឬវិស័យឯកជន ហើយលោកជំទាវ និងពាំនាំនូវការខ្វះខាតមន្ត្រីរាជការជាស្ត្រី ដោយសំណូមពរឱ្យមានការជ្រើសរើសមន្ត្រីរាជការជាស្ដ្រីក្នុងមូលដ្ឋានបម្រើការងារ។ អង្គសិក្ខាសាលាបានបញ្ចប់ដោយមានភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទក៕