ឯកឧត្តម ហាប់ អូម៉ាលី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅសម្រាប់ខែបន្ទាប់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន
- ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តប៉ៃលិន ៖ នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងទិសដៅសម្រាប់ខែបន្ទាប់របស់មន្ទីរ ក្រោមអធិបតីភាពឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកប្រធានមន្ទី អនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទចំនួនសរុប ២១នាក់។
កិច្ចប្រជុំខាងលើ មានគោលដំណងដើម្បី (១) ពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ (២) ទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ និង (៣) ការប្រឈមក្នុងការអនុវត្តការងារ។
បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយលោក ហ៊ត ឫទ្ធី ប្រធានមន្ទីរ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត នាពេលកន្លងមក។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់មន្ទីរ ដូចខាងក្រោម ៖
១. សូមឲ្យប្រធានមន្ទីររៀបចំអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីធ្វើការជាមួយក្រុមអ្នកនាំពាក្យរបស់ក្រសួង
២. សូមឲ្យការិយាល័យផែនការ និងស្ថិតិ ពិនិត្យ និងធ្វើសេចក្តីសង្ខេបផ្តោតទៅលើតែសរសរស្តម្ភទាំងបួនរបស់ក្រសួង សម្រាប់ធ្វើរបាយការណ៍សង្ខេបលើកក្រោយ
៣. សូមឲ្យមន្រ្តីទាំងអស់សាមគ្គីគ្នា សហការគ្នា យោគយល់គ្នាទៅវិញទៅមកក្នុងការបំពេញការងារ។
កិច្ចប្រជុំ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕