ឯកឧត្តម អឿន ធារិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគ នៃគម្រោង “ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាពសម្រាប់សហគមន៍ជនបទ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ”

ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគ នៃគម្រោង “ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាពសម្រាប់សហគមន៍ជនបទ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ” ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅភូមិអូរកាខុប ឃុំក្រាំងល្វារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

 

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនទទួលការកូរ៉េ Glory & Tec តំណាងអភិបាលនៃគណៈអភិបាលស្រុក អាជ្ញាធរដែនដីមូលដ្ឋាន និងប្រជាពលដ្ឋក្នុងគោលដៅគម្រោង។

 

ជាកិច្ចចាប់ផ្តើម លោក វរសេនីយ៍ទោ សេង សាវឿន នាយរងសេនាធិការតំបន់សឹករងខេត្តទទួលបន្ទុកគ្រប់គ្រងតំបន់អភិវឌ្ឍន៍សម្រាប់អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានមានមតិស្វាគមន៍ដោយសំដែងនូវសេចក្តីត្រេកអររីករាយ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងយកចិត្តទុកដាក់នាំយកគម្រោងមកអភិវឌ្ឍន៍ក្នុងតំបន់ដែលមានការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេសគម្រោងសាងសង់ស្ថានីយ៍ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគដល់តំបន់ដែលទើបមានការអភិវឌ្ឍសម្រាប់ការតាំងទីលំនៅថ្មី។

 

ក្នុងឱកាសនោះ ឯកឧត្តម អឿន ធារិទ្ធ  បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពី ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ រួចបានលើកពីការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍សម្រាប់អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង ដែលកំពុងមានការខ្វះខាតនូវហេដ្ឋារចនាសម្ពន្ធរូបវ័ន្តពិសេសទឹកស្អាត ទើបក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកទីតាំងនេះដើម្បីអនុវត្តគម្រោង។

 

ឯកឧត្តមប្រធាន បានបន្ថែមថា គោលបំណងនៃគម្រោងគឺ  ដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ប្រជាពលរដ្ឋនៅជនបទ តាមរយៈការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកស្អាតសម្រាប់បរិភោគ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកបរិភោគដែលមានសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមប្រធាន បានស្នើឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងគោលដៅគម្រោង ថែរក្សានូវសមិទ្ធផលដែលនឹងទទួលបាន ដោយចាត់ទុកជាសម្បត្តិរួមរបស់សហគមន៍ ព្រមទាំងចូលរួមស្ម័គ្រចិត្តជាគណៈកម្មការគ្រប់គ្រង និងប្រើប្រាស់ទឹក ដើម្បីរក្សានិរន្តភាពគម្រោងឱ្យបានគង់វង់។

 

នៅក្នុងថ្ងៃនោះដែរ ឯកឧត្តមប្រធាន និងក្រុមការងារ បានចុះពិនិត្យទីតាំងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគនៅភូមិអូរកាខុប ឃុំក្រាំងល្វារ និងទីតាំងដែលបានសាងសង់រួចរាល់នៅសាលាឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ