
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការអប់រំអនាម័យស្រ្ដី និងកុមារីនៅពេលមានរដូវ
- ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៦:៣៥ ល្ងាច
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលាឃុំមៀន ស្រុកអូររាំងឪ លោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក ណាំ វណ្ណារិ ប្រធានការិយាល័យថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអប់រំអនាម័យស្រ្ដី និងកុមារីនៅពេលមានរដូវ ចំនួន ០២ថ្ងៃ ដោយមានខ្លឹមសារបណ្តុះបណ្តាលលើការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងការមិនបង្កទំនាស់ក្នុងគម្រោង។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយអង្គការអុីសមីតវេសត៍ East Meets West (EMW) និងមានការចូលរួមពីសំណាក់ លោក អភិបាលរងស្រុកអូររាំងឪ តំណាងអង្គការអុីសមីតវេសត៍ East Meets West (EMW) អ្នកស្ម័គ្រចិត្ត និងជនបង្គោលឃុំមៀននិងឃុំអំពិលតាពក សរុបចំនួន ១៨នាក់។
បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួចមក សិក្ខាកាមនិងក្រុមការងារ បានបន្តចុះទៅផ្សព្វផ្សាយ និងធ្វើការណែនាំ អប់រំដល់ប្រជាពលរដ្ឋ ជាពិសេសស្រី និងកុមារី នៅក្នុងភូមិថ្មសំលៀង ឃុំមៀន ដែលមានអ្នកចូលរួមសរុប ២៥នាក់៕