ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់នាយកដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ លោកជំទាវ ខៀវ មាលតី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានសរុបចំនួន ៣៥ នាក់/ស្រី ១៥ នាក់។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមការិយាល័យ បញ្ហាប្រឈម និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងារដែលសម្រេចបានក្នុងខែតុលា ដោយលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋាន រួចមក ឯកឧត្តមរដ្ឋលេខាធិការ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្នុងនាយកដ្ឋាននាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់នូវការណែនាំ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

– សូមឱ្យក្រុមការងារនាយកដ្ឋានពន្លឿនការងារកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ព្នង នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី

– សូមឱ្យនាយកដ្ឋានរៀបចំក្រុមការងារ សម្រាប់ការអមដំណើរថ្នាក់ដឹកនាំដើម្បីចុះតាមខេត្តគោលដៅទាំង ១៥

កិច្ចប្រជុំ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ