វគ្គបណ្តុះបណ្តាលថ្នាក់ស្រុកស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF តាមរយៈវិធីសាស្ត្រពង្រឹង ប្រព័ន្ធអនាម័យជនបទ
- ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១:៤១ ល្ងាច
- សកម្មភាពក្រសួង
ខេត្តក្រចេះ៖ កាលពីថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក ច័ន្ទសោភា អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ និងលោក សួស សំណាង អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដើម្បីបើកវគ្គបណ្តុះបណ្តាលថ្នាក់ស្រុកស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF តាមរយៈវិធីសាស្ត្រពង្រឹង ប្រព័ន្ធអនាម័យជនបទ ក្រោមអធិបតីភាពលោក ធុន បូឡែន អភិបាលរងនៃគណៈអភិបាលស្រុកសំបូរ និងមានការចូលរួមពីឃុំទាំង ០៦ឃុំ មន្ត្រីសុខាភិបាល និងគ្រូបង្រៀន ក្នុងស្រុកសំបូរ សរុប ២៦នាក់ ស្ត្រី០៨នាក់ ដោយកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ (ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣)។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ចំនួន ២ រួមមាន៖
១. ផ្ដល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មី ដល់សិក្ខាកាម ដើម្បីជំរុញពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត។
២. បង្ហាញសិក្ខាកាមឱ្យឃើញ លឺផ្ទាល់ពីភាគីពាក់ព័ន្ធសំខាន់ដែលបានធ្វើឱ្យមូលដ្ឋានរបស់គាត់បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លទ្ធផលជារួមនៃវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញថា ៖
១)សិក្ខាកាមមានសមត្ថភាពយកចំណេះដឹង បទពិសោធន៍ពីវគ្គបណ្តុះបណ្តាលចំនួន ១១ប្រធានបទ ទៅពន្លឿនដល់ប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថឱ្យមានកំណើនបង្គន់ដើម្បីឈានបាន ODF ស្រុក ឃុំ ភូមិ។
២)រដ្ឋបាលស្រុក បានធ្វើផែនការបណ្ដុះបណ្ដាលបន្តដល់ឃុំ ដើម្បីយកអនុវត្តពន្លឿនសម្រេចឃុំ ODF។
៣)រដ្ឋបាលស្រុក បានប្តេជ្ញាចិត្តឱ្យភូមិ ឃុំ ស្រុកទទួលបាន ODF ក្នុងឆ្នាំ២០២៤ខាងមុខ។
៤)រដ្ឋបាលស្រុកប្តេជ្ញាគាំទ្រថ្នាក់ឃុំ ជំរុញឃុំ ភូមិ និងជួយកៀរគររកថវិកាដើម្បីពន្លឿនឱ្យបានODF៕