ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះត្រួតពិនិត្យស្ថានភាពផ្លូវជនបទ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តតាកែវ

ចែលរំលែក

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក លីវ សំណាង ប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចុះត្រួតពិនិត្យស្ថានភាពផ្លូវជនបទមួយខ្សែ  ប្រវែងសរុប ២,៨គីឡូម៉ែត្រ ជាប្រភេទផ្លូវកម្រាលល្បាយថ្មភ្នំ  ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

 

ជាលទ្ធផល បន្ទាប់ពីបានចុះពិនិត្យរួចរាល់ ឃើញថា ស្ថានភាពខូចខាតមានបន្តិចបន្តួច និងដោយអន្លើប៉ុណ្ណោះ ជាអាទិ៍ ទឹកហូរដាច់ជើងទេរប្រវែងប្រមាណ ៣០ម៉ែត្រ និងហូរច្រោះដាច់ដីនៅសងខាងលូមូលមួយកន្លែងប្រវែងប្រហែល ១០ម៉ែត្រ ប៉ុន្តែមិនបណ្តាលឱ្យមានការលំបាកធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំដល់លោកប្រធានមន្ទីរ ឱ្យជួយធ្វើការចាក់បំពេញដី និងឈូសឆាយឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។

 

សូមបញ្ជាក់ថា៖ យោងព័ត៌មានដូចមានចែងនៅក្នុងរបាយការណ៍បឋមស្តីពី ផ្លូវជនបទដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១១:០០យប់) សម្រាប់ខេត្តតាកែវ ផ្លូវជនបទ ដែលបានរងផលប៉ះពាល់មានប្រវែងសរុប ២,៨គីឡូម៉ែត្រ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ