រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បន្តចុះពិនិត្យខ្សែផ្លូវជនបទដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខេត្តពោធិ៍សាត់ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង
- ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:០៩ ល្ងាច
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ រួមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្រ្ដីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ប្រវែង ៩ ២០០ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ត្រូវទឹកហូរកាត់ផ្ដាច់ជា ៣ កំណាត់ ប្រវែងសរុប ២ ៣៥០ម៉ែត្រ ។
សូមបញ្ជាក់ថា ៖ ជំនន់ទឹកភ្លៀងនៅចុងខែកញ្ញា និងដើមខែតុលានេះ បានធ្វើឲ្យខេត្តចំនួន ១១ ទទួលរងផលប៉ះពាល់បណ្ដាលឱ្យខូចហេដ្ឋាចរនាសម្ព័ន្ធ និងសំណង់សិល្បការ្យ រួមមាន ខេត្តសៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ ពោធិ៍សាត់ មណ្ឌលគិរី កំពង់ធំ ព្រះវិហារ កណ្ដាល ក្រចេះ តាកែវ និងខេត្តព្រះសីហនុ ។
ដោយឡែកនៅទូទាំងខេត្តពោធិ៍សាត់ផ្លូវជនបទដែលបានលិចលង់មាន ២៥ខ្សែ ស្មើនឹង ២៦៨ គីឡូម៉ែត្រ ក្នុងនោះលិចលង់ទាំងស្រុងប្រវែង ៣៨ គីឡូម៉ែត្រ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្ដោះអាសន្ន នៅពេលទឹកស្រកទៅវិញ និងគិតគូរស្ថាបនាជាថ្មីឡើងវិញនៅខ្សែផ្លូវដែលទទួលរងការខូចខាតទាំងស្រុង។
បន្ទាប់មក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់ និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំរបស់លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង រួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នាពេលកន្លងមក។
រាល់ជំនួបដាច់ដោយឡែកនេះ ឯកឧត្ដម បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ ដូចខាងក្រោមនេះ ៖
១- សូមឲ្យមន្ទីរបន្តពង្រឹង និងបង្កើនស្នាដៃថ្មីៗបន្ថែមទៀតលើអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអាទិភាពទាំង ៤របស់ក្រសួង ដើម្បីឲ្យស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ ២០៥០។
២- ត្រូវរៀបចំឲ្យមានការប្រជុំត្រួតពិនិត្យការងារឲ្យបានទៀងទាត់ (ប្រចាំខែ ត្រីមាស និងឆមាស) និងត្រូវប្រកាន់សមូហភាពជាធំ។
៣-ត្រូវរៀបចំបង្កើតឱ្យមានអ្នកនាំពាក្យមន្ទីរ ដើម្បីទំនាក់ទំនងផ្ដល់ព័ត៌មាន ពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងឱ្យបានទូលំទូលាយ។
៤- ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ មានការលើកទឹកចិត្តមន្រ្ដី ការដំឡើងកាំប្រាក់ ផ្តល់លិខិតសសើរ និងគ្រឿងឥស្សរយយសនានា ក៏ដូចជាចេះចែករំលែកមធ្យោបាយតាមលទ្ធភាពជាក់ស្តែង និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានពិការភាព ជាពិសេសស្ត្រីមានផ្ទៃពោះ។
គ្រប់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕