ឯកឧត្ដម ឌៀប​ កាណូរ៉ា ដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យទីតាំងតម្លើងម៉ាសុីនបំប្លែងកាកសំណល់សរីរាង្គ​និងសមិទ្ធផលការងារ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​

ចែលរំលែក

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឌៀប​ កាណូរ៉ា អនុរដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យទីតាំងតម្លើងម៉ាសុីនបំប្លែងកាកសំណល់សរីរាង្គ​និងសមិទ្ធផលការងារ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។

 

បេសកកម្មនេះមានការចូលរួមពី លោក ឡុក វឌ្ឍី ប្រធានមន្ទីរ រួមជាមួយមន្រ្តីបច្ចេកទេសរបស់មន្ទីរ អភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោក វ៉នព្រហ្មលោម៉ា​ អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ និងមន្រ្តីបច្ចេកទេស​ការិយាល័យជំនាញ​ និងលោកស្រី ល្វីន សាន សាន ប្រធានអង្គការមូលនិធិនៃក្តីសង្ឃឹម​ រួមជាមួយប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម ប្រធានភូមិនៃក្តីសង្ឃឹមនិងប្រធានកម្មវិធីជីធម្មជាតិ។

 

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ការងារពីតំណាងអង្គការរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការចូលរួមចំណែក លើកិច្ចការងារអភិវឌ្ឍន៍ជនបទ ជាមួយក្រសួង ព្រមទាំងបើកកិច្ចពិភាក្សាខ្លីលើកិច្ចការងារសហប្រតិបត្តិការរវាងអង្គការនិងក្រសួងអភិវឌ្ឍន៍ជនបទ និងពិភាក្សាពីទីតាំងនៃការតម្លើងម៉ាស៊ីនបំប្លែងកាកសំណល់សរីរាង្គ ដែលនឹងគាំទ្រឲ្យគម្រោងកម្មវិធីជីធម្មជាតិ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF)។

 

បន្ថែមពីនេះ​​ ឯកឧត្តម អនុរដ្ឋលេខាធិការ​ និងក្រុមការងារទាំងមូលក៏បានចុះពិនិត្យសកម្មភាពការងារនិងសមិទ្ធផល របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) ចំនួន០៣ ដូចខាងក្រោម៖

 

១. បានចុះពិនិត្យទីតាំងសមស្របសម្រាប់ការតម្លើងម៉ាស៊ីនបំប្លែងកាកសំណង់សរីរាង្គ ក្នុងទីស្នាក់ការអង្គការមូលនិធិនៃក្តីសង្ឃឹម(OHF) ដែលស្ថិតនៅក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

 

២. បានចុះពិនិត្យម៉ាសុីនចម្រោះទឹកខ្នាតតូច ១៥០០លីត្រ ដាក់ដំណើរការឲ្យប្រើប្រាស់ក្នុងសាលាបឋមសិក្សាក្រចាប ក្នុងភូមិក្រចាបទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។

 

៣. បានចុះពិនិត្យសមិទ្ធផលនៃការសាងសង់ផ្ទះនិងបង្គន់អនាម័យចំនួន២ទីតាំង ដែលបានផ្តល់ជូនទៅជនក្រីក្រ​ ២គ្រួសារ​ នៅក្នុងភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ