ធនាគារពិភពលោកបេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការថែទាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ

ចែលរំលែក
10 15

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Mariam J.Sherman នាយិការបស់ធនាគាពិភពលោក ប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ និងលោកស្រី Maryam Salim ប្រធានប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូន លោកស្រីប្រធាន និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

 

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួនគឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចមាន ៖

 

១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផល និងទទួលសេវាកម្មនានា ធ្វើឱ្យជនបទខិតមកកាន់តែជិតទីក្រុង។

 

២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យល្អ និងការរស់នៅមានផាសុកភាព ។

 

៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បង្កើនចំណូលគ្រួសារ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដើម្បីអាចបង្កើតមុខរបរផ្សេងទៀតបន្ថែមលើមុខរបរកសិកម្ម ។

 

៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដោយពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយប្រសិទ្ធភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

 

ជាការឆ្លើយតប លោកស្រីនាយិកាធនាគាពិភពលោក ប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ បានអបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ។ លោកស្រីបានបន្តលើកឡើងពីកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍កន្លងមក ដែលគម្រោងខ្លះគឺកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន និងបានបេ្តជ្ញាក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការផ្ដល់ថវិកាបន្ថែមលើគម្រោងថែទាំផ្លូវជនបទឱ្យកាន់តែប្រសើឡើង។

 

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណចំពោះលោកស្រី និងសហការីដែលអញ្ជើញមកក្នុងឱកាសនេះ និងត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

1 222 223 214 225 226 227 228 219 1910 15

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ