ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធផលនៃការវិភាគលើ “ការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា”

ចែលរំលែក
photo 2023 09 27 21 38 40

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការ អមដោយលោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីលទ្ធផលនៃការវិភាគលើ “ការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា” ដោយសិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅអាគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីអង្គភាពស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាច្រើនទៀត។

សិក្ខាសាលានេះរៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ(CARD) សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ(WFP) និងអង្គការយូនីសេហ្វ(UNICEF) ដើម្បីរៀបចំធ្វើការវិភាគស្ដីពី”ការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា” ។

 

គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺ ដើម្បីកំណត់ពីឧបសគ្គចម្បងក្នុងការទទួលបាននូវរបបអាហារដែលមានជីវជាតិរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់នូវយុទ្ធសាស្រ្ត និងកិច្ចអន្តរាគមន៍សមស្របបំផុត ដើម្បីជួយកែលម្អរការទទួលទាននូវរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ប្រជាជនដែលងាយរងគ្រោះក្នុងប្រទេសកម្ពុជា។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលមាន៧ចំណុចដូចខាងក្រោម៖

* ទី១. ដាំដុះ ឬផលិតដំណាំគ្រប់មុខជាលក្ខណៈគ្រួសារ ឬជាសហគមន៍,

* ទី២. ជំរុញលើកកម្ពស់ការចិញ្ចឹមសត្វឲ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព និងសុវត្ថិភាពចំណីអាហារ ដោយគិតគូរពីអនាម័យ ។

* ទី៣. បង្កើនការអភិរក្សធនធានជលផល និងជំរុញអភិវឌ្ឍវារីវប្បកម្មបន្ថែមនៅកម្ពុជា

* ទី៤. លើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិភោគអាហារធម្មជាតិចម្រុះមុខ ដែលមាននៅក្នុងមូលដ្ឋាន ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម ជាពិសេសបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និងគ្រាប់ធញ្ញជាតិ និងអាហារបញ្ជូលមីក្រូសារជាតិ

* ទី៥. បន្តវិនិយោគលើការពង្រឹងពិពិធកម្មស្បៀងអាហារ ដោយផ្តោតលើការធ្វើពិពិធកម្មដំណាំ និងគ្រាប់ពូជដំណាំ ដែលមានភាពស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ សម្បូរអាហារូបត្ថម្ភ

* ទី៦. បន្តជំរុញ និងធានាឱ្យទារក និងកុមារតូចអាយុ ៦ -២៤ ខែ ទទួលបានអាហារបន្ថែមសមស្រប ដោយផ្តល់នូវអាហារចម្រុះក្នុងបរិមាណសមស្របតាមអាយុប្រកបដោយសុវត្ថិភាព និងងាយស្រួលរកបាន

 

* ទី៧. បន្តវិនិយោគទៅលើរបកគំហើញ និងបច្ចេកវិទ្យាថ្មីៗ និងពង្រឹងការស្រាវជ្រាវ ប្រមូល វិភាគ ចងក្រង ផ្សព្វផ្សាយទិន្នន័យ និងប្រើប្រាស់ទិន្នន័យស្តីពីការដាំដុះ ទីផ្សារផលិតផលកសិកម្ម និងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ឱ្យកាន់តែល្អប្រសើរឡើង ទៅដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត អ្នករៀបចំផែនការ និងយុទ្ធសាស្រ្តពាក់ព័ន្ធនានា ដែលជួយឱ្យយើងអាចពិនិត្យតាមដាន ពីវឌ្ឍនភាពដោយមានប្រសិទ្ធភាព និង កំណត់ពីអភិក្រមដើម្បីអនុវត្តឱ្យបានសមស្រប។

 

ក្នុងនោះដែរឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្ដល់អនុសាសន៍ស្តីពីការវិភាគលើការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា  ដែលចែករំលែកនូវលទ្ធផល និងរបកគំហើញ ដែលបានមកពីការវិភាគលើការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមទៀតថា ទោះបីកន្លងមក សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនក៏ដោយ ក៏ប្រជាជនមួយចំនួននៅតែមានការលំបាកក្នុងការទទួលបានរបបអាហារដែលមានសុខភាពល្អ ដោយសារប្រព័ន្ធស្បៀងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា។ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ឋស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតអាទិភាពលើការជំរុញផលិតកម្មកសិកម្ម ដោយផ្ដោតលើការបង្កើនផលិតភាព គុណភាព ពិពិធភាព តម្លៃបន្ថែម និងភាពធន់ តាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍពូជដំណាំ ពូជសត្វ និងវារីវប្បកម្ម ដែលធន់នឹងអាកាសធាតុ និងឆ្លើយតបនឹងតម្រូវការទីផ្សារ ការគ្រប់គ្រង និងការពង្រឹងគុណភាពដី ការកំណត់តំបន់ដាំដុះ និងការកសាងផែនទីដាំដុះ ការបន្តជំរុញសេវាធានារ៉ាប់រងកសិផល ការពង្រឹងសហគ្រិនភាពនៃសហគមន៍កសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន និងការពង្រឹងបច្ចេកទេសកសិកម្មទំនើប វៃឆ្លាតឌីជីថល និងមានសុវត្ថិភាព។

 

លោកស្រី អានណែលូ ឌូវាល់ Annelaure Duval នាយិកាស្តីទីអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងលោកស្រី ហែនឌី អ៊ី តំណាងអង្គការ UNICEF បានយល់ស្របគ្នាថា ប្រព័ន្ធស្បៀងតែមួយ មិនគ្រប់គ្រាន់ទេ សម្រាប់ការបំពេញកង្វះសារជាតិចិញ្ចឹម ។ ការប្រែប្រួលអាកាសធាតុ បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ប្រព័ន្ធស្បៀងអាហារនៅកម្ពុជា ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជនងាយរងគ្រោះ។ ដូចនេះត្រូវមានការចូលរួមអន្តរាគមន៏ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹមនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព៕

photo 2023 09 27 21 38 35photo 2023 09 27 21 38 36photo 2023 09 27 21 38 35 2photo 2023 09 27 21 38 37photo 2023 09 27 21 38 38photo 2023 09 27 21 38 40 2photo 2023 09 27 21 38 40

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ