ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអមដំណើរដោយ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងមន្ត្រីបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមានការចូលរួមពីអាជ្ញាធរ ស្រុក ឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ ចំនួន ០៣ខ្សែ រួមមាន៖

– ខ្សែផ្លូវទី១ មានប្រវែងសរុប ១៦ ១០០ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ តភ្ជាប់ពី ភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ទៅដល់ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ត្រូវបានទឹកលិច ហូរដាច់តួផ្លូវ ចំនួន ០៧ កន្លែង ប្រវែង ៨៥០ ម៉ែត្រ បណ្ដាលឱ្យកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ប្រជាពលរដ្ឋ សិស្សានុសិស្ស មិនអាចធ្វើដំណើរ ទៅរកសេវាសង្គមបាន។

– ខ្សែផ្លូវទី២ មានប្រវែងសរុប ៣ ៦០០ម៉ែត្រ ទទឹងខ្នងលើ ៤,៥ ម៉ែត្រ តភា្ជប់ពីភូមិឈូកបឹង ទៅភូមិទឹកអណ្តូង ឃុំឈូក ស្រុកប្រាសាទសំបូរ ត្រូវបានទឹកលិចហូរដាច់តួផ្លូវ ចំនួន ០៩កន្លែង ប្រវែង៧០០ ម៉ែត្រ បណ្ដាលឱ្យកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ប្រជាពលរដ្ឋ សិស្សានុសិស្ស មិនអាចធ្វើដំណើរ ទៅរកសេវាសង្គមបាន។

– ខ្សែផ្លូវទី៣ មានប្រវែងសរុប ៤ ១០០ ម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិតាំងក្រង ឃុំសំបូរណ៍ ដែលទើបជួសជុលរួចដោយកងវិស្វកម្ម កាលពីខែសីហា ឆ្នាំ២០២៣ កន្លងមក ត្រូវបានហូរច្រោះជើងទេ និងដាច់ក្បាលលូប្រអប់ម្ខាង ចំនួន០២កន្លែង។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវដែលត្រូវបានរងគ្រោះដោយជំនន់ទឹកភ្លៀង ហូរកាត់ផ្ដាច់តួផ្លូវទាំង ៣ខ្សែ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន សិក្សាលទ្ធភាពដើម្បីជួសជុលផ្លូវទាំងនោះ ឱ្យបានឆាប់រហ័ស នៅពេលទឹកស្រកផុត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ