លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានដឹកនាំមន្រ្ដីបច្ចេកទេស ចុះពិនិត្យ និង សិក្សាស្ថានភាពលូ រំដោះទឹកចេញពីក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៣:២៦ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានដឹកនាំមន្រ្ដីបច្ចេកទេស ចុះពិនិត្យ និង សិក្សាស្ថានភាពលូ រំដោះទឹកចេញពីក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល ស្ថិតក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដែលបានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ជួយដោះស្រាយ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។
ជាលទ្ធផលបន្ទាប់ពីក្រុមមន្ដ្រីបច្ចេកទេស បានពិនិត្យ និងសិក្សាលើស្ថានភាពដីក្នុងបរិវេណមណ្ឌលសុខភាពរួចមកឃើញថា៖
– ស្ថានភាពដីក្នុងមណ្ឌលសុខភាពមានកម្ពស់ទាបជាងផ្លូវបេតុង និងដីឡូតិ៍នៅជុំវិញប្រមាណ ០,៦ ម៉ែត្រ ដែលមិនអាចដាក់លូឱ្យទឹកហូរចេញពីក្នុងបរិវេណមណ្ឌលសុខភាពទៅខាងក្រៅបាន។
– ក្រុមការងាររបស់មន្ទីរ រួមជាមួយ ប្រធានក្រុមប្រឹក្សាឃុំបឹងនិមល និងប្រធានមណ្ឌលសុខភាព បានឯកភាពស្នើសុំចាក់ក្រួសក្រហមកម្ពស់ ០,៦០មែត្រ និងចាក់បេតុងកម្រាស់ ០,២០ ម៉ែត្រ ដែលមានបណ្តោយ២១,៥មែត្រ និង ទទឹង ១៦,៥មែត្រ៕