លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:០៣ ល្ងាច
- សកម្មភាពក្រសួង
(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ដោយការចូលរួមពីសំណាក់ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ
-កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស
-លោក អ៉ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងអ្នកចូលរួមសរុបចំនួន២៤នាក់ (ស្ត្រី៣នាក់)៕
ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឡើងធ្វើរបាយការណ៍សង្ខេប ស្តីពីសា្ថនភាពភូមិសាស្ត្រ ស្ថានភាពរដ្ឋបាល និងសកម្មភាពការងារដែលបានអនុវត្តន៍នាឆ្នាំកន្លងមក និងក្នុងផែនការឆ្នាំ២០២៣នេះ។ លោកប្រធានមន្ទីរ ក៏បានបន្តលើកឡើងពីការងារអាទិភាពដែលត្រូវខិតខំធ្វើយ៉ាងណា ដើម្បីប្រែក្លាយខេត្តព្រះសីហនុទាំងមូល បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាឆ្នាំ២០២៤ ខាងមុខនេះ។ ដោយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រុងព្រះសីហនុទើបនឹងទទួលបាន ជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ តាមរយៈលោកអភិបាលរងខេត្តទទួលបន្ទុក បានសំណូមពរដល់រដ្ឋបាលខេត្តជួយផ្តល់ថវិកាមួយចំនួនសមស្រប សម្រាប់វិស័យអភិវឌ្ឍន៍ជនបទផងដែរ។
លោក អ៉ី សុខឡេង អភិបាលរងខេត្ត បានមានប្រសាន៍ និងធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំបំពេញការងារជំនាញ ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាអង្គភាពសេនាធិការអោយរដ្ឋបាលខេត្ត។ លោកអភិបាលរងខេត្ត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ បន្តផ្តល់ប្រាក់កម្ចីឥណទានជនបទដែលមានស្រាប់ ដល់ប្រជាពលរដ្ឋក្រីក្រដែលមានតម្រូវការចាំបាច់។ ជម្រុញលើកទឹកចិត្តដល់ក្រុមការងារបន្តខិតខំលើការងារថែទាំសុខភាពជនបទ ចុះបើកវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានដល់ និងដឹងពីសារៈសំខាន់នៃអនាម័យក្នុងការរស់នៅ ហូបចុកជាដើម។
លោកជំទាវរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ទីរ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលជាខេត្តទេសចរ និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ លោកជំទាវ បានក្រើនរំលឹកដល់មន្ត្រីរាជការរបស់មន្ទីរ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាព និងខិតខំបំពេញការងារអោយបានលឿន រហ័ស និងមានប្រសិទ្ធភាព ជាងឆ្នាំកន្លងមក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយគណៈអភិបាលរងខេត្តទទួលបន្ទុក ដើម្បីអោយការបំពេញការងារជំនាញប្រកបដោយភាពជោគជ័យ។
ជាចុងក្រោយ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ បានផ្តល់កិត្តិយស អញ្ជើញឡើងធ្វើការប្រគល់ដីកាតែងតាំងជូនដល់មន្ត្រីរបស់មន្ទីរ ដើម្បីជាការលើកទឹកចិត្តនិងបានសំណេះសំណាល ព្រមទាំងផ្តាំផ្ញើរសាកសួរសុទ្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ។