ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (JICA) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ២:១៥ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក SANUI Kazumasa នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (JICA) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែមានកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជម្រាបជូនលោកនាយកទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១ ដើម្បីកំណើន,ការងារ,សមធម៌,ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចមាន ៖
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ ។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម ។
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។
ជាការឆ្លើយតប លោកនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។ លោកនាយក បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកដោយមានការជួយកសាងហេដ្ឋារចនាសម្ព័នរូបវន្ដ កសាងសាលារៀន មន្ទីរពេទ្យ ក៏ដូចជាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ព្រមទាំងបញ្ជូនអ្នកឯកទេសជំនាញមកបណ្តុះបណ្តាលនៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត លោកក៏បានលើកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការកសាងផ្លូវជនបទ ឱ្យតភ្ជាប់ជាមួយនឹងទីក្រុង ទីប្រជុំជនដែលមានសក្តានុពលផងដែរ។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជានឹងសន្យាបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ជនបទ ឱ្យមានភាពប្រសើរឡើង និងលុបបំបាត់ភាពក្រីក្រ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជួយកម្ពុជាលើគ្រប់វិស័យ ទោះជាពេលនេះកំពុងមានវិបត្តិពិភពលោកក៏ដោយ។ ឯកឧត្តមរដ្ឋមន្ដ្រី បានចាត់ទុករាជរដ្ឋាភិបាល និងជប៉ុនជាមិត្តយុទ្ធសាស្រ្ត និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នារៀងរហូតទៅ៕