ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែលរំលែក

រាជធានីភ្នំពេញ៖ ថ្ងៃពុធរ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣  នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន ប្រធាននាយកដ្ឋានសហប្រតិបត្តិការពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Jyotsana VARMA នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្ដីមកពីអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង ៩ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គសិក្ខាសាលាទាំងមូល។ ឯកឧត្តម បានបន្តលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ ទទួល បានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ ២០២៥។ ជាមួយគ្នានេះក្នុងគោលនយោបាយជាតិបានកំណត់នូវទស្សនៈវិស័យថា ៖ “នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧ – ២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៨,៧% ដល់ ៨២,៧% ហើយ ផ្នែកអនាម័យកម្រិតមូលដ្ឋាន បានកើនឡើងពី ៧១% ទៅ ៨៣,៧ % (CSES ២០២២) និងការបន្ទោរបង់ពាសវាលពាសកាលបានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៣% ក្នុងឆ្នាំ២០១៥ មកត្រឹម ១៦ % ក្នុងឆ្នាំ ២០២២ (JMP ២០២៣)។

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានបន្តទៀតថា ៖ គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ ដែលគាំទ្រដោយ(ADB)គឺផ្តោតទៅលើការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់  និងប្រតិបត្តិអនាម័យជនបទ ប្រកបដោយសុវត្ថិភាព សម្រាប់តំបន់ជនបទក្នុងខេត្តគោលដៅចំនួន ០៩ គឺ៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងស្ទឹងត្រែង ។ ជាមួយនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមថា តាមរយៈគម្រោងកម្មវិធីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជាច្រើននឹងត្រូវបានស្ថាបនារួមមាន ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ការកែលម្អស្រះសហគមន៍ អណ្ដូងខួងបំពាក់ស្នប់ បង្គន់អនាម័យ និងការបណ្ដុះបណ្ដាលកសាងសមត្ថភាព។

តាមរយៈសិក្ខាសាលា ថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើឱ្យសិក្ខាកាមចូលរួមផ្តល់យោបល់សម្រាប់ការពិភាក្សា ដើម្បីឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃការសិក្សា និងការប្រមូលធាតុចូលបន្ថែមពីសំណាក់អ្នកចូលរួម ដើម្បីឱ្យការសិក្សានេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធមុននឹងដាក់ជូនទៅក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុម័តជាផ្លូវការ ដើម្បីឱ្យកម្មវិធីនេះអាចអនុវត្តបានតាមផែនការគ្រោងទុកចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ២០២៨ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ