ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងប្ដេជ្ញាបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង
- ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១:៤១ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីឥណ្ឌាដែលតែងតែផ្តល់កិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យវប្បធម៌ សាសនា ការអប់រំ បណ្តុះបណ្តាលជំនាញ និងវិស័យអភិវឌ្ឍន៍ជនបទ តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជម្រាបជូន លោកជំទាវអគ្គរដ្ឋទូត បន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ គន្លឹះអាទិភាពរបស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ។ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចមានៈ
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញល្បឿនការផ្តល់សេវាកម្មចាំបាច់នានាដល់ជនបទ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនផលិតផលកសិកម្ម និងតភ្ជាប់ផ្លូវជនបទគ្រប់ទីកន្លែងដែលប្រែក្លាយជាជនបទសមាហរណកម្ម ខិតមកកាន់តែជិតទីក្រុង។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងបញ្ឈប់ឱ្យបានការបន្ទោបង់ពាសវាលពាសកាល។
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីការប្រកបមុខរបរកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការអនុវត្តនយោបាយវិមជ្ឈការ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។
ជាការឆ្លើយតប លោកជំទាវអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ លោកជំទាវបានសន្យាថានឹងបន្តទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែខ្លាំងនិងល្អជាងមុនបន្ថែមទៀត ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការផ្តល់ជាជំនួយលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈបច្ចេកទេស Amrit គឺទឹកស្អាតគ្មានសារជាតិពុលអាសេនិក ការជំរុញអ្នកវិនិយោគឥណ្ឌាមកកម្ពុជាដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា និងបន្តផ្តល់ការចែករំលែបទពិសោធន៍តាមរយៈការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើការងារផ្តល់ឥណទានជូនប្រជាជនជនបទ និងការសហការផ្តល់បទពិសោធន៍ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្មសាធារណៈឌីជីថលផ្សេងៗផងដែរ ដើម្បីប្រែក្លាយជនបទកម្ពុជាជាសង្គមឌីជីថល និងស៊ីវិល័យ ។
ភាគីទាំងពីរ បានប្ដេជ្ញានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជា លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីរដ្ឋាភិបាលឥណ្ឌាជួយសហប្រតិបត្តិការបន្តទៀត ៕