ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបជាង ៧០០នាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រដែលជាកម្មវិធីអាទិភាពចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងអង្គភាពក្រោមឱវាទក្រសួង និងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការគោរពដឹងគុណ កតញ្ញូធម៌ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្ដីទុកចិត្តឱ្យឯកឧត្ដមបានបន្តវេនដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចទាំងពីរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់រូបក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក៏ដូចជាសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងនីតិកាលកន្លងមក ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ផ្អែកតាមចក្ខុវិស័យខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំបន្តកសាងសមិទ្ធផលថ្មីបន្ថែម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រដែលជាកម្មវិធីអាទិភាពចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទឱ្យមានការរីកចម្រើនថែមទៀត ដូចខាងក្រោម៖

កម្មវិធីទី០១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។

កម្មវិធីទី០២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។

កម្មវិធីទី០៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ ។

កម្មវិធីទី០៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមរដ្ឋមន្ដ្រី បានជូនពរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការដែលមានវត្តមានក្នុងអង្គពិធីសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ការបំពេញភារកិច្ច។

ពិធីសំណេះសំណាលត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត ដោយមានការថតរូបអនុស្សាវរីយគ្រប់អង្គភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ