កញ្ញា អន សាមល អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក ធៀម សុផល ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ និងជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តស្វាយរៀង
- ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩:០២ ព្រឹក
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង៖ នាថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញា អន សាមល អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក ធៀម សុផល ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ និងជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តស្វាយរៀង រួមជាមួយមន្រ្តីបច្ចេកទេសរបស់មន្ទីរ បានអញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញ ជូនប្រជាពលរដ្ឋរយៈពេលខ្លី (មានរយៈពេល៥ថ្ងៃក្នុងមួយវគ្គ) រួមមាន :
-វគ្គទី១៖ វគ្គបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុស្តិ៍ និងការវេចខ្ចប់
-វគ្គទី២៖ វគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃផលិតផលត្រសក់ចាវ
-វគ្គទី៣៖ វគ្គបណ្តុះបណ្តាលស្តីពីការថែទាំម៉ាស៊ីនកសិកម្មខ្នាតតូច
វគ្គនីមួយៗបានធ្វើឡើងស្ថិតនៅភូមិគោលដៅចំនួន ០៧ភូមិ (ភូមិក្រញូង ភូមិព្រៃធ្នង់ ភូមិស្វាយ ភូមិខ្នុរ ភូមិទន្លៀង ភូមិឫស្សីជង្រុក ភូមិខ្ជាយ) ក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្រជាពលរដ្ឋជាសិក្ខាកាមចូលរួមចំនួន ១៤០នាក់ ស្រី ៩០នាក់ ។
វគ្គបណ្តុះបណ្តាលមុខជំនាញរយៈពេលខ្លីនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋនៅជនបទក្នុងខេត្តស្វាយរៀង មានចំណេះដឹង ចំណេះធ្វើ និងមានប្រភពចំណូលបន្ថែម ដើម្បីធ្វើឱ្យជីវភាពរស់នៅបានសមរម្យ និងចូលរួមកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញវិជ្ជាជីវៈ។