ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ០២ ទីតាំង និងបង្គន់អនាម័យសាធារណៈ ១ខ្នងមាន ៤បន្ទប់ នៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល និងជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
- ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៤:៣៦ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញចុះពិនិត្យដោយផ្ទាល់ ប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ០២ ទីតាំង និងបង្គន់អនាម័យសាធារណៈ ១ខ្នងមាន ៤បន្ទប់ នៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល ដូចខាងក្រោម៖
– ទីតាំងទី១៖ ស្ថានីយស្រូបទឹកពីបរិយាកាសស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ដែលមានសមត្ថភាពផលិតទឹកស្អាតជាអតិបរិមាបាន ៨០០លីត្រ ទៅ ២ ០០០លីត្រ ក្នុងមួយថ្ងៃ ក្រោមថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។ ម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា។
– ទីតាំងទី២៖ អាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ ១០ ០០០លីត្រ និងបង្គន់សាធារណៈ ១ខ្នង មាន ៤ បន្ទប់ មានទីតាំងស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត គឺស្ថិតនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។
ឯកឧត្ដមរដ្ឋមន្រ្ដី មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ និងបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
នៅរសៀលថ្ងៃដដែល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ។
បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ដ៏ក្បោះក្បាយរបស់លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងផ្ដល់នូវការណែនាំ និងអនុសាសន៍ដូចខាងក្រោមនេះ៖
១. បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
២. សហការជាមួយបណ្តាមន្ទីរ, ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ។
៣. គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំ ប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ។
៤. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
៦. ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ ។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕