ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:០២ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គី សុផល ទីប្រឹក្សាក្រសួង និងជាប្រធានយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពីរបាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ពាក់ព័ន្ធទៅនឹងការងារការជំរុញមុខរបរ ការលើកកម្ពស់សេដ្ឋកិច្ច និងការងារឥណទាននៅជនបទ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានសមិទ្ធផលយ៉ាងច្រើននាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានដូចខាងក្រោម៖
១. សូមឱ្យមន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។
២. មន្រ្ដីរាជការគ្រប់រូបត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត ។
៣. ថ្នាក់ដឹកនាំនាយកដ្ឋានត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់មន្ដ្រី អនុវត្តគោលការណ៍សមូហភាពដឹកនាំ ដើម្បីរក្សាសាមគ្គីភាព និងប្រសិទ្ធិភាពការងារ ។
៤. នាយកដ្ឋានគួរមានការសិក្សាស្វែងយល់អំពីបញ្ហាប្រឈមនៃការផ្ដល់ឥណទានជូនដល់ប្រជាពលរដ្ឋជនបទ ។
៥. ដើម្បីជំរុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ក្រសួងត្រូវបង្កើនការបណ្ដុះបណ្ដាលជំនាញ ការអប់រំ ផ្លាស់ប្ដូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាជនជនបទ ។
៦. ក្រសួងត្រូវរៀបចំយុទ្ធសាស្ដ្រក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានានិរន្ដរភាពសេដ្ឋកិច្ចនៅជនបទ។
៧. ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមន្រ្ដីដែលជាស្ដ្រីមានផ្ទៃពោះ និងមន្ត្រីរាជការមានជម្ងឺ។
ពិធីសំណេះសំណាលនេះ បានបញ្ចប់ក្រោមបរិយាកាស រីករាយ និងភាពស្និទ្ធស្នាលបំផុត។