នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពីគម្រោងទាំងពីរនេះ ត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ។
នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបក្រោមបរិយាកាសភាតរភាព និងស្និទ្ធស្នាលបំផុត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ដល់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ៣ចំណុចសំខាន់ៗដូចខាងក្រោម:
១. ផ្អែកលើសមិទ្ធផលដែលមានស្រាប់ក្នុងនីតិកាលកន្លងមក ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការពង្រីកស្នាដៃ និងសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
២. ត្រូវខិតខំធ្វើជាសេនាធិការដ៏ល្អដល់រដ្ឋបាលខេត្ត និងពង្រឹងកិច្ច
សហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ។
៣. រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។