នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន៣ខ្សែ ប្រវែងសរុប ២៦គីឡូម៉ែត្រ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិសាស្រ្ដ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ។
បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួច ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្រ្ដីបច្ចេកទេសក្រសួងនិង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជំរុញការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័សដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
នារសៀលថ្ងៃដដែលនោះ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រោមបរិយាកាសភាតរភាព និងស្និទ្ធស្នាលផងដែរ។