ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ គឺជាភារកិច្ចចំបងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៤:៥០ ល្ងាច
- សកម្មភាពក្រសួង
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Christine Grima សមាជិកក្រុមប្រឹក្សា នៃអង្គការ Caritas Australia ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ គឺជាភារកិច្ចចម្បងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ រួមមានផ្លូវ ទឹកស្អាត អនាម័យ ឥណទាន ផ្ដល់ជំនាញមូលដ្ឋាន ដើម្បីបង្កើនមុខរបរក្រៅពីធ្វើស្រែចំការ ខណៈក្រសួងកំពុងបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនាញមូលដ្ឋានចំនួន ១៣ នៅតាមបណ្ដាខេត្ត ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Christine Grima និងសហការី ដែលបានសហការល្អ បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅជនបទប្រមាណ ៨០% ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ដែលថ្មីៗនេះ ខេត្តចំនួន ៤ បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)គឺ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល និងខេត្តកំពង់ស្ពឺ ។
ជាការឆ្លើយតបលោកស្រី Christine Grima បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឱ្យលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនឯកឧត្សមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីថា អង្គការការីតាស អូស្រ្ដាលី បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនឆ្នាំមកហើយលើវិស័យទឹកស្អាត ។ លោកស្រីបន្តថា អង្គការការីតាស មានបំណងស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមសហការជាមួយគ្នាបន្តទៀត ។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពី ទីតាំងអាទិភាពមួយចំនួនដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដោយកំណត់យកខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប និងខេត្តមួយចំនួនទៀតនៅភាគឥសាន្តនៃប្រទេស ជាអាទិភាព។ ជាមួនេះក៏បានពិភាក្សាគ្នាអំពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យខូចខាតហេដ្ឋារនាសម្ព័ន្ធរូបវ័ន្ត។ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀតលើវិស័យទឹកស្អាត ស្របតាមទស្សនៈវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ៕